ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT
កម្ពុជា

នាយក​រដ្ឋមន្ត្រី​ព្រមាន​ដក​តួនាទី​មុខ​តំណែង​មន្ត្រី​របស់​លោក បើ​មិន​លុប​បំបាត់​រថយន្ត​ខុស​បច្ចេក​ទេស

media  
លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ កុម្ភៈ @Samdech Hun Sen, Cambodian Prime Minister

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ នៅ​ព្រឹក​នេះ​ បាន​ព្រមាន​ជា​ថ្មី​តាម​បណ្តាញ​សង្គម ដក​ហូត​តួនាទី​មន្ត្រី​របស់​លោក ចាប់ពី​រដ្ឋមន្ត្រី ដល់​អភិបាល​ស្រុក បើ​មិន​អនុវត្ត​វិធាន​ការ​កណ្តាប់​ដៃដែក​លុប​បំបាត់​ការ​កែច្នៃ​រថយន្ត​ខុស​បច្ចេក​ទេស។ ជា​ការ​ព្រមាន បន្ទាប់​ពី​លោក​ប្រកាស​ឲ្យ​ចាត់​វិធានការ​លុបបំបាត់​ការ​កែច្នៃ​រថយន្ត​ខុស​បច្ចេក​ទេស​ដឹក​ទំនិញ ដែល​នាំឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ញឹកញាប់។

លោក​នាយក​រដ្ឋមន្ត្រី​ថា “ចំពោះ​រថយន្ត​តទ្រុង និង​កាត់ត​កែច្នៃ​ទាំងអស់ បើ​ឃើញ​មាន​បើកបរ​នៅ​ខេត្ត​ណា ឬស្រុក​ណា គឺ​ត្រូវ​ចាប់​ទុក​ទាំង​អស់។ ទាំង​រដ្ឋ​មន្រ្តី ទាំង​ចៅហ្វាយ​ខេត្ត ចៅ​ហ្វាយ​ខណ្ឌ ទាំង​ចៅ​ហ្វាយ​ស្រុក គឺ​ត្រូវ​ទទួល​ខុស​ត្រូវ។ បើ​មិន​ចាត់​វិធាន​ការ​ទេ គឺ​ប្រឈម​នឹង​ការ​ដក​តួនាទី​មុខ​តំណែង​។

បើ​តាម​លោក​ប្រមុខ​រដ្ឋាភិបាល គិត​ត្រឹម​ថ្ងៃ​ទី១០ ខែកុម្ភៈ ឬ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកាស គឺ​មាន​រថយន្ត​កែច្នៃ​ដាក់​ទ្រុង​សណ្តោង​ធំៗ​ខុស​បច្ចេក​ទេស​៨១គ្រឿង​ហើយ​ដែល​បាន​កាត់​ទ្រុង​ចេញ និង​រថយន្ត​៧៦គ្រឿង​ទៀត​ត្រូវ​បាន​ដោះ​ទ្រុង​សណ្តោង​ចេញ ហើយ ៣១០គ្រឿង​ទៀត​កំពុង​ត្រៀម​កាត់​ទ្រុង​ចេញ​។

គួរ​ជម្រាប​ជូន​ថា​កាល​ពី​ថ្ងៃទី៩ ខែ​កុម្ភៈ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ប្រើ​កណ្តាប់​ដៃដែក​ ដើម្បី​លុប​បំបាត់​ការ​កែច្នៃ​រថយន្ត​ខុស​បច្ចេក​ទេស​ដឹក​ទំនិញ ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ញឹកញាប់​។

ការ​ប្រកាស​ដាក់​ចេញ​វិធាន​ការ​កណ្តាប់ដៃដែក​នេះ ដោយ​លោក​ប្រមុខរដ្ឋាភិបាល​អះអាង​ថា មក​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ដែល​ដឹក​នាំ​ដោយ​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង កន្លង​មក​ធ្វើ​ការមិន​សូវ​មាន​ប្រសិទ្ធ​ភាព។

ជាថ្មី​ម្តង​ទៀត លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ចូល​ផ្ញើសារ ឬ​បញ្ចេញ​មតិ លើ​បណ្តាញ​សង្គម​របស់​លោក អំពី​មន្ត្រី​ណា ដែល​មិន​អនុវត្ត​នូវ​វិធានការ​កណ្តាប់​ដៃដែក​របស់​លោក ហើយ​ពេល​នោះ​លោក​នឹង​ចាត់​វិធាន​ការ​ដោយ​ខ្លួន​ឯង​។

អនុ​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក គង់ រតនៈ បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ​ថា មិន​ឃើញ​មាន​រថយន្ត​ខុស​បច្ចេក​ទេស ឬ​រថយន្ត តទ្រុងទេ ចាប់​ពីថ្ងៃ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ដាក់​ឱសានវាទ​។ លោក​បន្ថែម​ថា ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន គឺ​មាន​ប្រសិទ្ធ​ភាព ប៉ុន្តែ​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ប្រកាស​ច្រើន​តែ​មិន​មាន​ប្រសិទ្ធ​ភាព​ជា​ដរាប​នោះ​ទេ។

លោក គង់ រតនៈ គាំទ្រ ប្រសិន​បើ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ធ្វើ​យ៉ាង​ណា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់លោក​អនុវត្ត​ឲ្យ​បាន​យូរអង្វែង បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ