អានតួអត្ថបទ
កម្ពុជា

ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង ​៦០០​នាក់​ពុល​អាហារ​ ក្នុង​ខេត្ត​សៀមរាប

ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ជី​ក្រែង​ ខេត្ត​សៀម​រាប​ ប្រមាណ​ជាង​៦០០​នាក់​បាន​ពុល​អាហារ​បន្ត​បន្ទាប់​គ្នា ​ចាប់​តាំង​ពី​រ​សៀល​ម្សិល​មិញម​ក ​ដោយ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។​ អ្នក​ពុល​អាហារ​ទាំង​នោះ ​មាន​ទាំង​ចាស់​ទាំង​ក្មេង​ ដែល​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ ហើយ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​សៀមរាប។​ ​

ប្រជាពលរដ្ឋសម្រាកព្យាបាលដោយសារការពុលអាហារ​នៅ​ខេត្ត​សៀម​រាប។​
ប្រជាពលរដ្ឋសម្រាកព្យាបាលដោយសារការពុលអាហារ​នៅ​ខេត្ត​សៀម​រាប។​ @Kim Sophea/Facebook
ផ្សាយពាណិជ្ជកម្ម

លោក ​ទូច សាកល អធិការ​ប៉ូលីស​ស្រុក ​ជីក្រែង ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ នៅ​ថ្ងៃ​នេះ​ថា ប្រជាជន​ ដែល​រង​គ្រោះ​ដោយ​សារ​ការ​ពុល​អាហារ​ទាំង​នោះ​ត្រូវ​បាន​សង្គ្រោះ ​នៅ​តាម​មណ្ឌល​សុខភាព​របស់​ស្រុក។​ចំណែក​អ្នក​ជំងឺ​ធ្ងន់​ធ្ងរ​ ត្រូ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កុមារ​នៅ​ទី​រួម​ខេត្ត។ ​លោក​អធិការ​បញ្ជាក់​ទៀត​ថា ​រហូត​មក​ដល់​ពេល​នេះ ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​ពី​ការ​ពុល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​នៅ​ឡើយ​ទេ។​ ក៏ប៉ុន្តែ ​មាន​ការ​សង្ស័យ​ទៅ​លើ​នំប៉័ង​សាច់​ ដែល​អង្គការ​ទស្សនៈពិភព​លោក ​ចែក​ជូន​ប្រជា​ជន​ទាំង​នោះ​បរិ​ភោគ​បន្ទាប់​ពី​ចប់​កម្ម​វិធី​កាលពី​ថ្ងៃទី​ ២៧​ ខែ​មិនា។

 
នៅ​ពេល​នេះ​ក្រុម​អាជ្ញាធរ​ និង​ប្រជា​ពល​ដ្ឋ​បាន​រៀបចំ​កន្លែង​សម្រាប់​សម្រាក​ព្យាបាល​នៅ​ខាងក្រៅ​មណ្ឌល​សុខ​ភាព​ស្រុក ​ដោយ​សារ​តែ​អាគារ​របស់​មណ្ឌល​សុខ​ភាព​មិន​អាច​ដាក់​អ្នក​ជំងឺ​ដ៏​ច្រើន ​បែបនេះ​ទេ។

លោក ​អេង ​ឈាង ​ប្រធាន​ការិយាល័យ​សុខា​ភិបាល​ស្រុក​សុ​និគម​ ដែល​បាន​ចូល​រួម​អន្តរា​គម​លើ​ករណី​នេះ ​បាន​បញ្ជាក់​ថា ​រហូត​មក​ដល់​ពេល​នេះ ​មាន​មនុស្ស​ប្រមាណ​ជាង​៦០០​នាក់​បាន​ទទួល​ការព្យាបាល​ ដែល​ក្នុង​នោះ​មាន​កុមារ​ប្រមាណ​៩០​ភាគ​រយ​នៃ​អ្នក​រង​គ្រោះ​ដោយ​សារ​ការ​ពុល​អាហារ​នេះ។ លោក​បាន​បន្ថែម​ថា ​មនុស្ស​មួយ​ចំនួន​ ដែល​ធូរ​ស្បើយ​ពី​ការ​ពុល​អាហារ​ ត្រូវ​បាន​គ្រូពេទ្យ​អនុញាតិ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​​វិញ​ហើយ។

កុមារ​ភាគ​ច្រើន​ ដែល​ពុល​អាហារ​ គឺ​មាន​អាកា​រៈ​ក្អូ​ត​ចង្អោរ ​រាក និង​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន។ ចំណែកឯ​កុមារ​ប្រមាណ​៧០​នាក់​ផ្សេង​ទៀត​ ដែល​មាន​អាកា​រៈ​ធ្ងន់​ធ្ងរ​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរ​ពេទ្យ​ខេត្ត ​និង​មន្ទីរ​ពេទ្យ​កុមារ​ក្នុង​ខេត្ត​សៀមរាប។

បើតាម​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា​កាល​ពី​ថ្ងៃទី​ ២៧​ ខែ​មិនា​ អង្គការ​ទស្សនៈ​ពិភព​លោក​បាន​រៀប​ចំ​ប្រារព្ធ​ទិវា​ប្រឆាំង​ពល​កម្ម​កុមារ​ ដែល​ក្នុង​នោះ​ក៏មាន​ការ​ចែក​អាហារ​សម្រាប់​អ្នក​ចូល​រួម​ ដែល​ភាគ​ច្រើន​ជា​កុមារ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ