អានតួអត្ថបទ
កម្ពុជា-សង្គម

​ប៉ូលីស​ជាតិ​ត្រៀម​បញ្ចេញ​កម្លាំង​ទប់​ស្កាត់​ចលនា​ប្រមូល​ផ្ដុំ​ក្នុ​ង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​

លោក​ នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ចេញ​បញ្ជា​ឲ្យ​រាយ​កម្លាំង​សមត្ថ​កិច្ច​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ការពារ​សន្តិ​សុខ សុវត្ថិ​ភាព និង ទប់​ស្កាត់​ចលនា​ប្រមូល​ផ្ដុំ ក្នុង ថ្ងៃ​ភ្ជុំ​បិណ្ឌ ខណៈ​ពិធី​បុណ្យ​កាន់​បិណ្ឌ បាន​ឈាន​មក​ដល់​ថ្ងៃទី៤​។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្ដី​ណែ​នាំ​របស់​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​កាល​ពី​ពេល​ថ្មីៗ​។ 

មន្ត្រីនគរបាលនានាទូទៅ (រូបតំណាង)
មន្ត្រីនគរបាលនានាទូទៅ (រូបតំណាង) @REUTERS
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​សភាព​ការណ៍ សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ នៅ​ព្រឹក​ថ្ងៃទី១៧ ខែកញ្ញា​នេះ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ សង្កត់​ធ្ងន់​ថា មួយ​ផ្នែក​នៃ​ការ​ត្រៀម​កម្លាំង គឺ​ដើម្បី​ទប់​ស្កាត់​ចលនា​ប្រមូល​ផ្ដុំ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ព្រោះ​មាន​ចលនា​មួយ ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​។

វិធាន​ការ​ត្រៀម​ទប់​ស្កាត់​កម្លាំង​ប្រមូល​ផ្ដុំ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ចេញ​បញ្ជា​ផ្ទាល់​មាត់ ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តាម​មូល​ដ្ឋាន​ទប់​ស្កាត់​ចលនា​ប្រមូល​នៅ​តាម​វត្ត​អារ៉ាម​។ បើ​តាម លោក ស ខេង ពួក​ប្រឆាំង​ក្រៅ​ច្បាប់​នឹង​ចុះ​ទៅ​តាម​វត្ត​អារ៉ាម​រៀប​ចំ​ផែន​ការណ៍​ខ្មៅ​។ ផែន​ការ​ខ្មៅ​ដែល​អាជ្ញាធរ​តែង​ហៅ​រួម​គ្នា​ថា ចលនា​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ មាន​ចេតនា​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​។

ជុំវិញ​វិធាន​ការ​ប្រុង​ជើង​ការ​របស់​អាជ្ញាធរ​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ​នេះ

អ្នក​តាម​ដាន​សង្គម​រិះ​គន់​ថា ជា​ការ​ព្រួយ​បារម្ភ​ជ្រុល​ហួស​ហេតុ ខណៈលោក ឆាយ គឹមខឿន ការពារ​ថា ជា​វិធាន​ទប់​ស្កាត់​ធម្មតា​។ ក្រៅ​តែ​ពី​ត្រៀម​កម្លាំង​ទប់​ស្កាត់​ចលនា​ប្រមូល​ផ្ដុំ​នៅ​ផ្ទៃ​ក្នុង​ប្រទេស កម្លាំង​ទប់​ស្កាត់​នៅ​តាម​ព្រំដែន​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដែរ ក្រោយ​លោក សម រង្ស៊ី មាន​គម្រោង​ចូល​មក​កម្ពុជា​តាម​ច្រក​ព្រំដែន​។

សូម​ជម្រាប​ជូន​ថា វិធានការណ៍​របស់​អាជ្ញាធរ​ទប់​ស្កាត់​ចលនា​ប្រមូល​ផ្ដុំ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ធ្វើ​ឡើង​ដំណាល​គ្នា​នឹង​ការ​ប្រកាស​ពី​គម្រោង​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃទី៩​ខែវិច្ឆិកា​។ ក្រោយ​ការ​ប្រកាស​សកម្មជន​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៦​នាក់​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ក្រោម​បទ​ចោទ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ