អានតួអត្ថបទ
កម្ពុជា

លោក ខៀវ​ សុភ័គ៖យុទ្ធនាការ​តា​ម​បណ្តាញ​សង្គម​ណា ​ដែល​ប៉ះ​ពាល់​សន្តិសុខ ​អាជ្ញាធរ​នឹង​ចាត់​វិធាន​ការ​

ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​ឲ្យ​ដឹង​ថា ​ការ​ធ្វើ​យុទ្ធនាការ​អ្វី​ក៏​ដោយ​តាម​បណ្តាញ​សង្គម​ មិន​ថា​តែ​យុទ្ធនាការ​ថ្ងៃ​ចន្ទពណ៌ខ្មៅ​ទេ ​បើ​ប៉ះ​ពាល់​ដល់​សន្តិសុខ​សង្គម​ នោះ​អាជ្ញាធរ​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​។ ​ចំណែក​តំណាង​សហគមន៍​​បឹង​កក់​ ដែល​កន្លង​មក​បាន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ​បាន​បញ្ជាក់​ថា​ការ​ធ្វើ​យុទ្ធនាការ​នេះ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​នៅ​ឡើយ។​

រដ្ឋ​អាជ្ញា​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៨​នាក់​ នៅ​ថ្ងៃ​ចន្ទ​នេះ ​ក្នុង​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ។ ​
រដ្ឋ​អាជ្ញា​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៨​នាក់​ នៅ​ថ្ងៃ​ចន្ទ​នេះ ​ក្នុង​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ។ ​ Facebook
ផ្សាយពាណិជ្ជកម្ម

លោក​ ខៀវ ​សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​បាន​ឲ្យ​ដឹង​ថា​យុទ្ធនាការ​ថ្ងៃ​ចន្ទពណ៌​ខ្មៅ​នៅ​តាម​បណ្តាញស​ង្គម​ មិន​មែន​ក្រសួង​មហា​ផ្ទៃ​ចាត់​វិធាន​ការ​មិន​បាន​នោះ​ទេ។​ លោក​បាន​លើក​ជា​ឧទាហរណ៍​ថា​អ្នក​អំពាវ​នាវ​ឲ្យ​មាន​បដិវត្ត​ពណ៌​កន្លង​មក​ជាប់​ពន្ធនាគារ​មិន​ទាន់​ចេញ​ផង​ គឺ​កំពុង​តែ​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​តុលាការ​នៅ​ឡើយ​ទេ។​

បើ​ទោះបីជា​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​ក្តី​ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​រូប​នេះ ​បាន​បញ្ជាក់​ថា ​ធ្វើ​យុទ្ធនាការ​អ្វី​ក៏​ដោយ ​កុំ​ឲ្យ​តែ​ប៉ះ​ពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ បើ​មិន​ដូច្នេះ​ទេ​ អាជ្ញាធរ​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​។​

អ្នក​ស្រី ​ទេព វន្នី ​តំណាង​សហគមន៍​បឹងក​ក់ ​ដែល​កន្លង​មក​ជា​អ្នក​ចូល​រួម​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ បាន​ឲ្យ​វិទ្យុ​បារាំង​ដឹង​ថា ​សហគមន៍​របស់​អ្នក​ស្រី​មាន​គំនិត​ថា​នឹង​ធ្វើយុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​តាម​ប្រព័ន្ធ​អ៊ឺន​ធឺណិ​ត ​ឬ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ដែរ​ ប៉ុន្តែ​សហគមន៍​របស់​អ្នក​ស្រី​មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ។​

គួរ​រំលឹក​ជូន​ថា ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ត្រូវ​បាន​បង្កើត​ឡើង​ភ្លាមៗ ​ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​មន្ត្រី​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​៤នាក់ ​និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ម្នាក់​។ ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ គឺ​ជា​យុទ្ធនាការ​មួយ ​ដែល​អ្នក​ចូល​រួម​ត្រូវ​ស្លៀក​ពាក់​ខ្មៅ ​នៅ​រៀ​ង​រាល់​ថ្ងៃ​ចន្ទ​ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ដោះ​លែង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គ.ជ.ប​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​ថា​មាន​ជាប់​ទាក់​ទង​នឹង​ករណី​អំពើ​ពុក​រលួយ ​តាម​មាត្រា២៩ ​និង៥​៤៨ ​នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​អាច​ជាប់​ទោស​ពី៥​ ទៅ​១០​ឆ្នាំ។​

នៅ​ថ្ងៃ​ចន្ទទី២៣ ​ខែ​ឧសភា​នេះ ​គឺ​ជា​លើក​ទី៣​ហើយ ​ដែល​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅនឹង​ត្រូវ​ធ្វើ​ឡើង ​ប៉ុន្តែ​សម្រាប់​ថ្ងៃ​ចន្ទ​ ទី២៣ ​ខែ​ឧសភា​នេះ ​អ្នក​ស្រី​នឹង​ដឹក​នាំ​ធ្វើ​យុទ្ធនាការ​នេះ​ក្នុង​សហគម​ន៍បឹង​កក់​។ ​នេះ​បើ​តាម​អ្នក​ស្រី​ទេព វន្នី​។ តំណាង​សហគមន៍​បឹង​កក់​រូប​នេះ ​បាន​បន្ត​ថា​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​​ខ្មៅ​មិន​ខុស​ច្បាប់​អ្វី​ទេ ​ហើយ​ការ​ធ្វើ​នេះ​គឺ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ដល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ​និង​មន្ត្រី​គ.ជ.ប​។

សូម​បញ្ជាក់​ថា ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ​បាន​ធ្វើ​ឡើង​ពីរ​លើក​មក​ហើយ ​ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង ​នឹង​ចាប់​ខ្លួន​អ្នក​ចូល​រួម​យ​ក​ទៅ​សាក​សួរ ​និង​ដោះ​លែង​វិញ​ផង​ដែរ​៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ