អានតួអត្ថបទ
កម្ពុជា

អង្គការ​សហប្រជាជាតិ ​និង​សហភាព​អឺរ៉ុប​សម្តែង​ក្តី​បារម្ភ​ពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា

បញ្ហា​នយោបាយ​កម្ពុជា​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។ ក្នុង​នោះ ស្ថាប័ន​កំពូល​ពីរ​របស់​ពិភព​លោក គឺ​អង្គការ​សហប្រជាជាតិ និង​ប្រតិភូ​សហអឺរ៉ុប បាន​ចេញ​មុខ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នយោបាយ​ខ្មែរ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​មន្រ្តី​សិទ្ធិ​មនុស្ស​ និង​ចុង​ក្រោយ​នេះ គឺ​ការ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​របស់​លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ។

ស្ថានភាព​នយោបាយ​របស់​កម្ពុជា​ ដែល​កំពុង​តែ​ប្រឈម​ខ្លាំង​រវាង​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង​។​
ស្ថានភាព​នយោបាយ​របស់​កម្ពុជា​ ដែល​កំពុង​តែ​ប្រឈម​ខ្លាំង​រវាង​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង​។​ Faceboook
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​អាទិត្យ លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​តាម​រយៈ​អ្នក​នាំ​ពាក្យ បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កាសែត​ខេមបូឌា ដេលី បាន​ស្រង់​សម្តី​អ្នកនាំ​ពាក្យ​នោះ មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​បាន គីមូន មាន​ក្តី​កង្វល់​អំពី​ភាព​តានតឹន​ ដែល​ចេះ​តែ​ឡើង​កម្តៅ​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ជា​ពិសេស​ការ​ចាប់​ខ្លួន ឫ​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួន។ អ្នកនាំពាក្យ​អង្គការ​សហប្រជាតិ បាន​បញ្ជាក់​តាម​សម្តី​របស់​លោក​បាន គីមូន ថា​បរិយាកាស​ពិភាក្សា​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ការ​គម្រាម​កំហែង គឺ​មាន​សារៈ​សំខាន់​សម្រាប់​ស្ថិរភាព​នយោបាយ សន្តិភាព និង​ភាព​ចម្រុង​ចម្រើន​នៅ​ក្នុង​សង្គម។

ចំណែក​ប្រមុខ​បេសកកម្ម​ការ​ទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ចន្ទ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​សម្តែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​កម្តៅ​នយោបាយ​ប្រកប​ដោយ​ភាព​គ្រោះ​ថ្នាក់​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ផង​ដែរ។ នៅ​ចំពោះ​មុខ​បញ្ហា​នេះ ប្រមុខ​បេសកកម្មការ​ទូត​សហភាព​អឺរ៉ុប បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​យាយី​តាម​ផ្លូវ​តុលាការ​ចំពោះ​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង និង​តំណាង​អង្គការ​សង្គម​ស៊ីវិល។ ប្រមុខ​បេសកកម្មការ​ទូត​នេះ ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា បន្ត​ការ​ចរចា​ដោយ​សន្តិវិធី និង​ក្នុង​ន័យ​ស្ថាបនា​ជាមួយ​គណបក្ស​ប្រឆាំង​ឲ្យ​បាន​ឆាប់​តាម​ ដែល​អាច​ធ្វើ​ទៅ​តាម​ហើយ​នេះ គឺ​ជា​អ្វី​ដែល​សហភាព​អឺរ៉ុប​មើល​ឃើញ​ថា ជា​លក្ខខណ្ឌ​ជា​មុន ដើម្បី​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​ប្រតិកម្ម​ថា សេចក្តី​ការណ៍​របស់​ស្ថាប័ន​កំពូល​របស់​ពិភព​លោក​ទាំង​ពីរ​នេះ គឺ​ផ្ទុយ​ពី​ស្ថានភាព​ជាក់​ស្តែង​របស់​កម្ពុជា។ ស្ថានភាព​ជាក់​ស្តែង​របស់​កម្ពុជា បើ​តាម​អ្នកនាំពាក្យ​រូប​នេះ គឺ​មាន​សភា​ធម្មតា ដោយ​គ្មាន​អ្វី​គួរ​ឲ្យ​ព្រួយ​នោះ​ទេ។ ជាមួយ​គ្នា​នេះ លោក​សុខ ឥសាន បាន​គូស​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​ភាព​ចាំបាច់​ដើម្បី​ចរចា​ពិភាក្សា​ជាមួយ​គណបក្ស​ប្រឆាំង​ឡើយ ព្រោះ​ថា​បក្ស​ទាំង​ពីរ​មិន​មាន​ទំនាស់​អ្វី​ផង​ហើយ​ករណី​លោក​កឹម សុខា គឺ​ជា​រឿង​បុគ្គល​ឯកជន​ ដែល​គាត់​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ។

លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ពេល​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​ដោយ​ពេញ​លេញ​តែ​ម្តង បន្ទាប់​ពី​រដ្ឋសភា​ខ្មែរ​ ដែល​មាន​តែ​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​កាល​ពី​ថ្ងៃ​ចន្ទ បាន​សម្រេច​បើក​ផ្លូវ​ឲ្យ​តុលាការ និង​សមត្ថកិច្ច ចាត់​ការ​លើ​រូប​លោក​ទៅ​តាម​ផ្លូវ​ច្បាប់។ ដូច្នេះ​អភ័យ​ឯក​សិទ្ធិ​ជា​អ្នក​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​រដ្ឋសភា​របស់​លោក​កឹម សុខា មិន​អាច​ការពារ​គាត់​ពី​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ទៅ​តាម​អ្វី​ ដែល​ជា​ការ​ប្រកាន់​របស់​តុលាការ​ខ្មែរ​បាន​នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ