អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បោះ​ឆ្នោត​ឃុំ​សង្កាត់​៖ គោលនយោបាយ​របស់​​គណបក្ស​ធំៗ​ឆ្លើយ​​តប​​ទៅ​​នឹង​​សេចក្ដី​​ត្រូវ​​ការ​​ពលរដ្ឋ​បាន​​ច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី​២០​ឧសភា​ស្អែក​នេះ ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ចាប់​ផ្ដើម​ហើយ​។ ​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ប្រមើល​ឃើញ​​ថា គណបក្ស​នយោបាយ​ធំជាង​គេ​ទាំង​ពីរ​នៅ​ស្រុក​ខ្មែរ នឹង​ចេញ​ឃោសនា​ដោយ​ផ្អែក​លើ​គោលនយោបាយ​ដែល​ខ្លួន​បាន​ដាក់​ចេញ​នា​ពេល​កន្លង​មក​។ ជា​គោលនយោបាយ​ដែល​មាន​លក្ខណៈ​ប្រាកដ​ប្រជា អាច​អនុវត្ត​បាន ហើយ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ពលរដ្ឋ​ទៀត​ផង​។

គោល​នយោបាយ​​របស់​​គណបក្ស​ធំៗ​ឆ្លើយ​​តប​​ទៅ​​នឹង​​សេចក្ដី​​ត្រូវ​​ការ​​ពលរដ្ឋ​បាន​​ច្រើន
គោល​នយោបាយ​​របស់​​គណបក្ស​ធំៗ​ឆ្លើយ​​តប​​ទៅ​​នឹង​​សេចក្ដី​​ត្រូវ​​ការ​​ពលរដ្ឋ​បាន​​ច្រើន @ google
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជា​ការ​ឃោសនា​បោះ​ឆ្នោត​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ទើប​តែ​រំកិល​​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២០​ឧសភា​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​មួយ​ចំនួន​របស់​ខ្លួន ដើម្បី​ទាក់​ចិត្ត​​ប្រជាពលរដ្ឋ​ជា​បណ្ដើរ​ៗ​ហើយ​។ ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ចេញ​នូវ​គោលនយោបាយ​ចំនួន​១៣​ចំណុច ខណៈ​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​៥​ចំណុច​។

នៅ​ក្នុង​ចំណោម​គោលនយោបាយ​ទាំង​នេះ គណបក្ស​ទាំង​ពីរ​បាន​ផ្ដល់​ភាព​សំខាន់​ទៅ​លើ​បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ។ គណបក្ស​កាន់​អំណាច​​សន្យា​ថា​នឹង​ផ្ដល់ធនធាន​​ហិរញ្ញវត្ថុ​ឲ្យ​ឃុំ​សង្កាត់មិន​តិច​ជាង​២,៨​ភាគរយ នៃ​ចំណូល​ចរន្ត​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ពី​ការ​ផ្ដល់​ថវិកា​យ៉ាង​តិច​កន្លះ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​ឃុំ​សង្កាត់​នីមួយ​ៗ ស្មើ​នឹង​ប្រមាណ​២០​ភាគ​រយ​នៃ​ថវិកា​ជាតិ​។

ក្រៅ​ពី​បញ្ហា​ហិរញ្ញវត្ថុ​នេះ បក្ស​ប្រឆាំង​បាន​បញ្ជាក់​ថា នឹង​ធ្វើ​វិមជ្ឈការ​សាធារណៈ​ក្នុង​វិស័យ​អាទិភាព ដូច​ជា​អប់រំ សង្គម​កិច្ច ប្រព័ន្ធ​ទឹក​ស្អាត ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ដល់​អ្នក​ជំនាញ​បច្ចេកទេស​កសិកម្ម​សុខាភិបាល​ជា​ដើម​ ដែល​គោលនយោបាយ​ទាំង​នេះ គណបក្ស​កាន់​អំណាច​ក៏​មាន​ដូច​គ្នា​ដែរ​។ សម្រាប់​គណបក្ស​កាន់​អំណាច គោលនយោបាយ​របស់​ខ្លួន​សម្រាប់​ទាក់ទាញ​ការ​ជឿជាក់​ពី​ម្ចាស់​ឆ្នោត គឺ​ធានា​បង្កើន​ផលិតកម្ម​និង​រក​ទីផ្សារ​សម្រាប់​កសិផល​ក្នុង​តម្លៃ​សមរម្យ កាត់​បន្ថយ​អត្រា​ការប្រាក់​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ផ្ដល់​ដី​សង់លំនៅដ្ឋាន​និង​បង្កបង្កើន​ផល និង​ពង្រឹង​សេវាសាធារណៈ​ឲ្យ​កាន់​តែ​ប្រសើរ​ជា​ដើម​។

ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​របៀប​នេះ​ត្រូវ​បាន​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ និង​ការ​បោះ​ឆ្នោត​មួយ​ចំនួន​យល់​ឃើញ​ថា ជា​ជំហាន​ដើរ​ទាន់​សភាពការណ៍​របស់​គណបក្ស​នយោបាយ​។ ដើរ​ទាន់​សភាពការណ៍ ព្រោះ​អ្នក​នយោបាយ​ទំនង​ជា​យល់​ច្បាស់​ហើយ​ថា ការ​ឃោសនា​ប្រជាភិថុត សំឡុត គម្រាម ឬ​លួងលោម​ជូន​អំណោយ​ជា​ប៊ីចេង​ឬ​សារ៉ុង​ជា​ដើម លែង​មាន​ន័យ​ទៀត​ហើយ​សម្រាប់​អ្នក​បោះ​ឆ្នោត​។ នោះ​ក៏​ព្រោះ​តែ​ពលរដ្ឋ​ខ្មែរ​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន។

មួយ​វិញ​ទៀត បើ​តាម​អ្នក​វិភាគ ការ​ប្រកួត​ប្រជែង​គ្នា​ដោយ​ឈរ​គោលនយោបាយ​ជា​មូលដ្ឋាន​ដូច្នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​គន្លង​ប្រជាធិបតេយ្យ​ដែល​ចេះ​តែ​ដើរ​ទៅ​មុខ​នៅ​កម្ពុជា ខណៈ​ការ​បោះ​ឆ្នោត​មុន​ៗ អ្នក​នយោបាយ​និយម​ប្រើ​តែ​យុទ្ធសាស្ត្រ​រិះគន់​វាយ​ប្រហារ​ដាក់​គ្នា​តែ​ប៉ុណ្ណោះ​។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​លើក​នេះ ក្រៅ​តែពី​ប្រជែង​គ្នា​ដោយ​គោលនយោបាយ​ហើយ គេ​សង្កេត​ឃើញ​ទៀត​ថា គោលនយោបាយ​ដែល​គណបក្ស​នីមួយ​ៗ​ដាក់​ចេញ​នោះ ភាគ​ច្រើន​ជា​គោលនយោបាយជាក់​ស្ដែង​ដែល​អាច​អនុវត្ត​បាន មិន​មែន​ដាក់​ចេញ​តាម​បែប​ស្រមើ​ស្រមៃ​ទេ​​​។ ហើយ​គោលនយោបាយ​ទាំង​នោះ​ទៀត​សោត សុទ្ធសឹង​តែ​ជា​គោលនយោបាយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​ម្ចាស់​ឆ្នោត បើ​មិន​ទាំង​ស្រុង ក៏​មួយ​ផ្នែក​ណាមួយ​ដែរ​។

ក្នុង​បរិបទ​បែប​នេះ ការ​សម្រេច​ចិត្ត​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណាមួយ វា​អាស្រ័យ​ទៅ​លើ​ការ​ជឿជាក់​របស់ប្រជាពលរដ្ឋ ទៅ​លើ​គណបក្ស​នោះ​។ បើ​ម្ចាស់​ឆ្នោត​ជឿ​ថា គោលនយោបាយ​គណបក្ស​ណាមួយ​ដាក់​ចេញ​មក​ល្អ ហើយ​គណបក្ស​នោះ ទំនង ជា​អាច​បំពេញ​តាម​ការ​សន្យា​បាន នោះ​ពួក​គាត់​នឹង​បោះ​ឆ្នោត​ឲ្យ​។ ដូច​គ្នា​ដែរ ប្រសិន​បើ​គណបក្ស​ដាក់​ចេញ​នូវ​គោលនយោបាយ​ដែល​ល្អ ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវការ​ដែរ ប៉ុន្តែ​ពលរដ្ឋ​មិន​ជឿ​ថា គណបក្ស​នោះ មាន​ឆន្ទៈ​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​តាម​ការ​សន្យាទេ នោះពួក​គាត់​ក៏​ទំនង​ជា​មិន​បោះ​ឆ្នោត​ឲ្យ​ដែរ​។

ក្នុង​ន័យ​នេះ ​ក្រៅ​តែ​ពី​ដាក់​ចេញ​នូវ​គោលនយោបាយ​ល្អ​ៗ​ដើម្បី​ទាក់ចិត្ត​អ្នក​បោះ​ឆ្នោត​ហើយ គណបក្ស​នយោបាយ​គួរ​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ជឿជាក់​មុតមាំ​ដែរ​ថា គោលនយោបាយ​ដែល​ត្រូវ​បាន​ដាក់​ចេញ​ទាំង​នោះ នឹង​ត្រូវ​បំពេញ​តាម​ការ​សន្យា​។ ព្រោះ​បើ​ដាក់​ចេញគោលនយោបាយ​ល្អ​ទៅ​ហើយ តែ​មិន​អាច​ធ្វើ​បានតាម​សន្យា​​ទេ នោះ​វា​មិន​ខុស​អ្វី​ពី​ការ​ឃោសនា​ប្រជាភិថុតិ​ដ៏​គ្រោះ​ថ្នាក់​នោះ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ