ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT

តើការ​ហែក្បួន​ឃោសនា គ្រាន់តែសម្ញែង​សាច់​ដុំ គ្មាន​បាន​ការ?

តើការ​ហែក្បួន​ឃោសនា គ្រាន់តែសម្ញែង​សាច់​ដុំ គ្មាន​បាន​ការ?
 
គណបក្ស​សង្រ្គោះ​ជាតិ និង​គណបក្ស​ប្រជា​ជន​កម្ពុជា​​ឃោសនា​បោះ​ឆ្នោត​នាពេល​កន្លង​មក។ RFI

ការ​ធ្វើ​ក្បួន​​ហែព្យុ​ហយាត្រាឃោសនា​បោះឆ្នោត គឺ​ត្រូវអនុញ្ញាត​ដោយ​ច្បាប់​បោះឆ្នោត ហើយ​​ត្រូវ​​បានចាត់ទុកថា ជា​មធ្យោបាយសំខាន់​១​ ក្នុង​ចំណោម​មធ្យោបាយ​ទាំង​១១សម្រាប់ការ​​ឃោសនា​បោះឆ្នោត​។ ក៏ប៉ុន្តែ សួរថា ​​តើការ​ហែក្បួន​ឃោសនានេះ គឺគ្រាន់តែជា​ការសម្ញែង​សាច់​ដុំ គ្មាន​បាន​ការ ឬ​ក៏​យ៉ាងណា​?

ក្នុង​ឱកាស​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​ ដែល​នឹងឈាន​​មក​ដល់​នៅ​២ថ្ងៃទៀត​នេះ, ច្បាប់​បោះឆ្នោត​ថ្មី​ គឺ​អនុញ្ញាត​ឲ្យ​​ហែក្បួន​ឃោសនា​ បាន​ចំនួន​យ៉ាង​ច្រើន​ត្រឹម​តែ​២ថ្ងៃ​​ប៉ុណ្ណោះ។ ចំនួន​នេះ គឺ​ខុស​ពី​ច្បាប់បោះឆ្នោត​​​ចាស់ និង​ផ្ទុយ​ពី​ទម្លាប់​ជា​ច្រើន​អាណត្តិមកហើយ​​ ដែល​គេ​អាចធ្វើ​ក្បួន​​ហែព្យុហ​​យាត្រា​ បាន​រាល់រៀង​ថ្ងៃ ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត។

ការ​កាត់​បន្ថយ​យ៉ាង​គំហុក​នៃកា​រហែ​​ក្បួន​ គឺ​ត្រូវ​អ្នក​នយោបាយ​មួយចំនួន មាន​ទាំង​គណបក្ស​តូច​តាច​ខ្លះ​ផង រួម​ទាំង​អាជ្ញាធរ​រដ្ឋអំណាច យល់ឃើញ​ថា ការ​ហែក្បួន​ឃោសនានេះ​ វា​អាច​បង្កើត​ភាព​រញ៉េរញ៉ៃ​ បង្ក​ការ​កក់​ស្ទះចរាចរណ៍ ខូច​សោភ័ណភាព​ទីក្រុង ប៉ះពាល់​សណ្តាប់​សាធារណៈ​ បង្ក​ការ​រំខាន​ដោយ​ឧបករណ៍​បំពង​សំឡេង​ ​សម្រែកហោកញ្ជ្រៀវ​ និងសំរាមកាក​សំណល់​​​  ហើយ​ពេលខ្លះ វា​អាច​បង្ក​ជា​អំពើហិង្សា​ទៀត​ផង​ ប្រសិន​បើ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាងសកម្មជន​​បក្សដែល​​មាន​និន្នាការ​ផ្ទុយ​គ្នា។

​ការ​យល់​ឃើញ​បែប​នេះ គឺ​ជា​រឿង​សម​ហេតុ​ផល​ខ្លះ​ដែរ ហើយ​​ធំ​ដុំ​ជាង​នេះទៅទៀត​នោះ​ បើ​គេ​ពិនិត្យ​មើល​ទៅលើ​ប្រសិទ្ធភាព​នៃ​ការហែក្បួន​ព្យុហយាត្រា​​ឃោសនា​បោះឆ្នោត គឺ​គ្មាន​ទាន់​នរណា​បញ្ជាក់ពី​ប្រសិទ្ធភាព​ខ្ពស់​កម្រិត​ណា​នោះទេ តែ​ផ្ទុយ​ទៅវិញ គឺ​វា​ច្រើន​តែមាន​ការ​​សម្តែង​តែ​ពី​ទិដ្ឋភាព​ ដែលជា​រូប​ភាពសម្បក​ខាងក្រៅ ហើយ​​ហាក់​ដូច​ជា​ការ​បង្ហាញ​ពី​ឥទ្ធិពល ធនធាន និង​ជាការ​សម្ញែង​សាច់​ដុំ ​ច្រើន​ជាង​ ការ​បញ្ជាក់​និង​ពន្យល់​ពី​ខ្លឹម​សារ​នៃ​គោល​នយោបាយរបស់​បក្ស​នីមួយ​ៗ ​ឲ្យ​ស៊ីជម្រៅ ទៅដល់​ពលរដ្ឋ​។​ ហេតុ​នេះ ទើប​មាន​ការ​​បង្ហាញ​ទស្សនៈ​ថា ការ​ហែក្បួន​ឃោសនានេះ គឺគ្រាន់តែជា​ការសម្ញែង​សាច់​ដុំខាង​ក្រៅ​តែប៉ុណ្ណោះ គឺ​វា​គ្មាន​បាន​ការអ្វី​ជា​ដុំកំភួន​នោះឡើយ​។

ទន្ទឹម​នឹង​នេះ គេ​ក៏​អាច​​ជ្រើស​រើស​មធ្យោបាយ​ឃោសនា​ផ្សេងទៀត ដែល​អាច​មាន​ប្រសិទ្ធភាព​ជាង​!​ ដូចជា​ការ​ជួបប្រមូលផ្តុំ​ប្រជុំ​គ្នា​ ជាសាធារណៈ​ ដើម្បី​ថ្លែង​ពី​គោល​នយោបាយ និង​កម្មវិធី​នយោបាយ​របស់​បក្ស​ខ្លួន​ ហើយ​និង​ការ​ពិភាក្សា​ជជែក​វែក​ញែកដោយ​មាន​ការ​សួរ​ដេញ​ដោល​តទល់​គ្នា!​ ទាំង​នេះ​គឺ​ទំនង​ជា​មាន​ប្រសិទ្ធភាព ហើយ​បាន​ប្រយោជន៍​ឲ្យ​ពលរដ្ឋ ​យល់កម្មវិធីនយោបាយ​របស់បក្ស​នីមួយៗ​ បាន​ច្បាស់លាស់​​និង​ស៊ីជម្រៅ​ ជាជាង​ការឃោសនា​ដោយ​ការ​ជិះ​យានយន្ត​ឬ​​ដើរ​ហែក្បួននោះ​​។​

ជាការ​ពិត​ជាក់​ស្តែង​ទៀត នៅ​បរទេស​ ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ៗ​ បែប​យ៉ាង​អាមេរិក ឬ​បារាំង​ជា​ដើម ពិសេស​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតេយ្យរបស់​គេ​ថ្មីៗនេះ​ស្រាប់ គឺ​​គ្មាន​ការ​ហែក្បួន​ឃោសនា​តាម​ដង​ផ្លូវ​អ្វី​នោះទេ គឺមានតែការ​ជួប​ប្រជុំប្រមូល​ផ្តុំគ្នា​ធ្វើ​មេទ្ទិញ​ ការ​ Debate ជជែក​ពិភាក្សាតាម​ទូរទស្សន៍​ ដែល​ស្តែង​ពី​ការ​បញ្ជ្រាប​គោល​នយោបាយ​និង​កម្មវិធី​នយោបាយ​របស់​បក្ស​នយោបាយបាន​ស៊ីជម្រៅ​។​

ការ​យល់​ឃើញ​បែប​នេះ​និង​តាម​ឧទាហរណ៍​ដូច្នេះ ក៏​ជា​កត្តាសត្យានុម័ត​មួយ ដែល​ត្រូវ​យក​ទៅ​ពិចារណា​ដែរ​សម្រាប់​អ្នក​នយោបាយខ្មែរ​​ និង​ពិសេស​សម្រាប់​បក្ស​ដែលនឹង​​ត្រូវ​រៀប​ចំ​ការ​ឃោសនា​នាពេល​ខាងមុននេះ។

ក៏ប៉ុន្តែ ចំពោះ​ទិដ្ឋភាពនៃការ​ហែក្បួន​ព្យុហយាត្រា​សម្រាប់​ឃោសនា​បោះឆ្នោត​នេះ​ បើ​គេ​ជញ្ជឹង​គិត​ឲ្យ​វែង​ឆ្ងាយ​បន្តិច គឺ​គេ​អាច​​នឹង​សម្លឹង​ឃើញ​​ពី​​ភាព​សំខាន់​ចាំបា​ច់ផ្សេងទៀត​។ ចាំបាច់ នៅត្រង់​ថា​​​ សម្រាប់​​កាលៈ​ទេសៈ​បច្ចុប្បន្ន ក្នុង​ស្ថានភាពដែល​ពលរដ្ឋ​យល់​ដឹង​ពី​នយោបាយ​ប៉ុន​សព្វ​ថ្ងៃ​ហើយ​ពិសេស​ចំពោះ​បក្ស​នយោបាយ​ដែល​គ្មាន​ប្រព័ន្ធ​ឃោសនាផ្សព្វ​ផ្សាយ​​។ ដូច្នេះ​ គឺ​ច្បាស់​ណាស់​ថា​ការ​ហែក្បួន​ព្យុហយាត្រា​ នឹង​ផ្តល់​លទ្ធភាព ឲ្យ​បក្ស​នយោបាយ​នោះ មាន​ឱកាស​បង្ហាញ​ខ្លួន បង្ហាញ​ឈ្មោះ លាត​ត្រដាន​រូប​សញ្ញា និង​Logoរបស់​បក្ស​ខ្លួន ហើយ​ក៏​​ជាការ​បង្ហាញ​សាច់​ដុំ​របស់​ខ្លួន​ដែរ ជា​​ពិសេស​បំផុត​ ដើម្បី​បង្ហាញនិងផ្តល់​ជម្រើស​ថ្មី​ដល់​ក្រសែភ្នែក​នៃពលរដ្ឋ​​ម្ចាស់ឆ្នោត។​

ទោះ​ជាយ៉ាងនេះ​​ក្តី ​ការ​ហែក្បួន​ព្យុហយាត្រាឃោសនា​បោះឆ្នោត ​តិចឬច្រើន​ វា​ច្បាស់​ជា​នឹងអាច​​ឲ្យ​ពលរដ្ឋ​ បាន​ស្គាល់​ពីគណបក្ស​នីមួយៗ ដឹង​ពី​​សន្ទុះ​កម្លាំង សមាសភាព​មួយ​ចំនួន ហើយ​យ៉ាងហោច​ក៏​បាន​ដឹង​ពី​ភ្លេង​បក្ស​នីមួយ​ៗ​ខ្លះ​ដែរ​។​ ក៏​ប៉ុន្តែ​ទៅ​ថ្ងៃ​ខាង​មុន ការ​ហែក្បួន​អាច​នឹងលែង​​សូវ​មាន​សារៈ​សំខាន់ នៅ​គ្រា​ដែលគេ​​អាចមាន​ទម្លាប់​ជួប​ប្រជុំ​គ្នា​ឃោសនា​នយោបាយ​ដោយ​សេរី នៅ​ទីធ្លាសាធារណៈ​ ហើយនិង នៅពេល​ដែល​គេ​​មាន​កម្មវិធី​ជជែក​ដេញ​ដោរ​គ្នា​ទល់​មុខ ដូច​ប្រទេស​ប្រជាធិបតេយ្យ​ជឿន​លឿន​នោះ៕​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា

    ការដង្ហែរក្បួន​ថ្ងៃ ១ ឧសភា​នៅ​តែ​មាន​ការ​ហាមឃាត់

    ស្វែងយល់បន្ថែម

  • កម្ពុជា-នយោបាយ

    គណបក្ស​ប្រឆាំង ស្នើ​ឱ្យ​អាជ្ញាធរ​ដក​បំរាម​បិទ​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត

    ស្វែងយល់បន្ថែម

  • កម្ពុជា-នយោបាយ

    គជប ណែនាំ​ពី​ការ​លើក​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​ក្នុង​អំឡុងពេល​​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់

    ស្វែងយល់បន្ថែម

  • បទយកការណ៍

    មិន​បាច់​ស្តាប់​យុទ្ធនាការ​ឃោសនា​អ្នក​បោះ​ឆ្នោត​ខ្លះ​ បាន​សម្រេច​ជ្រើស​រើស​គណបក្ស​ទុក​ក្នុង​ចិត្ត​ជា​ស្រេច

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ