ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
កម្ពុជា

អ្នក​នាំ​ពាក្យ គជប៖ ឥទ្ធិពល​នយោបាយ មិន​ប៉ះ​ពាល់​ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ទេ

media  
រូបភាព​ចាស់៖ ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត

គិត​ត្រឹម​រយៈ​ពេល​៧​ថ្ងៃ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៤​ម៉ឺន​៣​ពាន់​នាក់ ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នៅ​តាម​ឃុំ​សង្កាត់​ទាំង ១៦៤៦​នៅ​ទូ​ទាំង​ប្រទេស។ ចំនួន​នេះ ​បាន​ថយ​ចុះ បើ​ប្រៀប​ធៀប​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៦ ខណៈ​ដែល​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ថា ឥទ្ធិពល​បរិយាកាស​នយោបាយ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មិន​ចង់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ គជប បាន​បដិសេធ។

គិត​ត្រឹម​រយៈ​ពេល​៧​ថ្ងៃ គឺ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៤៣៤៦១​នាក់ ឬ​មិន​ដល់​៣​ភាគ​រយ​ផង (២.៦៧%) ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ប៉ាន់​ស្មាន​ប្រមាណ​ជា ១​លាន​៦​សែន​នាក់។ ចំនួន​នេះ​បាន​ថយ​ចុះ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត កាល​ពី​ឆ្នាំ​២០១៦។ ប៉ុន្តែ​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គជប បាន​លើក​ឡើង​ថា ការ​ថយ​ចុះ មិន​មែន​ដោយ​សារ​តែ​ឥទ្ធិពល​នៃ​បរិយាកាស​នយោបាយ​នោះ​ទេ តែ​គឺ​ដោយ​សារ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​លើក​ទី​២​នេះ មាន​ប្រជាពលរដ្ឋ​តិច​តួច​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៦ ខណៈ​ដែល​តួ​លេខ​ប៉ាន់​ប្រមាណ​ថ្មី ត្រឹម​តែ​ជាង​១​លាន​៤​សែន​នាក់​ប៉ុណ្ណោះ។

ខណៈ​ដែល​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នៅ​តែ​បន្ត ប៉ុន្តែ​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ព្រួយ​បារម្ភ​ថា បរិយាកាស​នយោបាយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ចង់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ជា​ពិសេស​ក្រោយ​ពី​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា មក។ លោក សម គន្ធាមី ប្រធាន​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ហៅ​ថា និច​ហ្វិច បាន​លើក​ឡើង​ពី​កត្តា​ចំនួន​៥ ដែល​ធ្វើ​ចំនួន​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មិន​បាន​ដល់​៣% នេះ ក្នុង​នោះ​ក៏​មាន​ដែរ​បញ្ហា​បរិយាកាស​នយោបាយ។ បន្ទាប់​មក ​គឺ​កតា្ត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​កាន់​តែ​តូច​ចង្អៀត បញ្ហា​ធាតុ​អាកាស​ បញ្ហា​ឯកសារ និង​បញ្ហា​ផ្នត់​គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ដើម។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​តែង​តែ​គិត​ថា ចាំ​ដល់​គៀក​ថ្ងៃ​ចុង​ក្រោយ ទើប​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

យ៉ាង​ណា​ក៏​ដោយ កាល​ពី​ថ្ងៃ​ទី ៧ កញ្ញា កូន​ស្រី​ទី​២​របស់​លោក កឹម សុខា គឺ កញ្ញា កឹម សម្មាធីតា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ខណៈ​មាន​សេចក្តី​រាយការណ៍​ថា នៅ​ក្នុង​ខេត្ត​បាត់​ដំបង ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មិន​បាន​៥០%​ផង។ សារ​អំពាវនាវ​របស់​កញ្ញា​បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​ឳពុក​របស់​នាង រួម​ទាំង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​សារពត៌មាន និង​សង្គម​ស៊ីវិល ប្រាកដ​ណាស់ នឹង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោះ​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​មិន​អាច​ទទួល​យក​បាន​ទេ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំង​អស់​គួរ​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ព្រោះ​នាង​ជឿ​ជាក់​ថា ស្ថានការណ៍​នយោបាយ​នេះ អាច​ប្រែ​ប្រួល​ក្នុង​ពេល​ឆាប់ៗ ហើយ​ឳពុក​របស់​នាង​នឹង​ត្រូវ​បាន​ដោះ​លែង​ជាក់​ជា​មិន​ខាន។

សូម​ជម្រាប​ជូន​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ថ្មី បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា។ ហើយ​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​មក​នេះ គជប ក៏​បាន​សម្រេច​លុប​ឈ្មោះ​ប្រជាពលរដ្ឋ​ចំនួន​១៦២​នាក់ ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដែល​ភាគ​ច្រើន​ដោយ​សារ​ពួក​គេ​បាន​ទទួល​មរណភាព៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ