អានតួអត្ថបទ
កម្ពុជា-សង្គម

​OHCHR៖ ​ការ​កាត់​ទោស​ដោយ​មហាជន​នៅ​តែ​កើត​មាន​នៅ​កម្ពុជា​

ការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ហៅ​កាត់​ថា OHCHR បាន​ចេញ​ផ្សាយ​របាយ​ការណ៍​កម្រាស​ជិត​៤០​ទំព័រ ក្រោម​ចំណង​ជើង​ថា តុលា​ការ​ប្រជាជន ការ​បង្ការ និង​ការ​ឆ្លើយ​តប​ចំពោះ​ការ​កាត់​ទោស​ដោយ​មហាជន​។ របាយការណ៍​របស់​ OHCHR បង្ហាញ​ថា ការ​កាត់​ទោស​ដោយ​មហាជន​នៅ​តែ​កើត​មាន​នៅ​កម្ពុជា​។ 

អំពើហិង្សាដោយមហាជន គឺជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ
អំពើហិង្សាដោយមហាជន គឺជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ @OHCHR
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​ដែល​កាត់​ទោស​ដោយ​តុលាការ​ប្រជាជន​រួម​មានៈ បទ​ល្មើស​លួច ករណី​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​អំពើ​អាប​ធ្មប់​ជា​ដើម​។ ក្នុង​នោះ​ពី​ឆ្នាំ២០១០​ដល់​២០១៨ ការ​កាត់​ទោស​ដោយ​តុលាការ​ប្រជាជន​មាន​ចំនួន​៧៣​ករណី ក្នុង​នោះ​២២ករណី​ត្រូវ​បាន​សម្លាប់​បន្ទាប់​ពី​មហា​ជន​មើល​ឃើញ​ថា ក្រុម​មនុស្ស​ទាំង​នោះ​បាន​ប្រព្រឹត្ត​បទ​ល្មើស​លួច និង​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​៣៥​ករណី​ត្រូវ​បាន​សម្លាប់​បន្ទាប់​ពី​រង​ការ​ចោទ​ថា ចេះ​អំពើ​អាប​ធ្មប់​។ ដោយ​ឡែក​ចំនួន​សេស​សល់​ពី​នេះ​ប្រមាណ​ជា​១៦​ករណី​ទៀត គឺ​ជា​ការ​រង​របួស និង​រង​ការ​យាយី​។

ក្នុង​ចំណោម​សំណុំ​រឿង​ទាំង​បី ដែល​រង​ការ​កាត់​ទោស​ពី​តុលាការ​មហាជន ការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន​ចំពោះ​ការ​សម្លាប់ ការ​វាយ​ដំ និង​ការ​យាយី​ដែល​ទាក់​ទង​អំពើ​អាប​ធ្មប់​។ នេះ​ក៏​ដោយ​សារ​ថា សំណុំ​រឿង​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​តិច​តួច​នៅ​ឡើយ​ពី​សាធារណៈ​ជន ខណៈ​និទណ្ឌភាព​កើត​ចេញ​ពី​អំពើ​នេះ​នៅ​តែ​កើត​មាន​។ ជាក់​ស្ដែង​ករណី​មួយ​ក្នុង​ចំណោម​ករណី​ជា​ច្រើន​ដែល​OHCHR លើក​មក​បង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្លួន​នៅ​ពេល​នេះ​គឺ ក្នុង​ខេត្ត​កំពង់ស្ពឺ​ពលរដ្ឋ​មួយ​ក្រុម​ប្រមាណ​ជា​ជិត​៦០០​នាក់​ប្រដាប់​ដោយ​ដំបង​ឈើ និង​ដុំថ្ម គប់​និង​វាយ​ដំ​ទៅ​លើ​បុរស​ម្នាក់​រហូត​ដល់​ស្លាប់​ក្រោយ​អ្នក​ភូមិ​សន្និដ្ឋាន​ថា បុរស​រូប​នោះ​ជា​គ្រូ​ខ្មែរ​ចេះ​អំពើ​អាប​ធ្មប់​។

សូម​ជម្រាប​ជូន​ថា ការ​កាត់​ទោស​ដោយ​តុលាការ​ប្រជាជន ឬ​មហាជន គឺ​ជា​អំពើ​របស់​មហាជន​យក​ច្បាប់​មក​អនុវត្ត​ដោយ​ខ្លួន​ឯង ដូច​ជា ការ​សម្លាប់ ​ការ​វាយ​ដំ​លើ​មនុស្ស ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ។ គ្មាន​ទំនុក​ចិត្ត​ពី​មន្ត្រី​នគរបាល ប្រព័ន្ធ​តុលាការ​និង​ប្រព័ន្ធ​គ្រប់​គ្រង​ពន្ធគារ ទើប​ជា​បច្ច័យ​ជំរុញ​ឲ្យ​ការ​កាត់​ទោស​ដោយ​តុលាការ​មហាជន​។

ទោះ​ជា​បែប​នេះ​ក្ដី​នៅ​ចុង​បញ្ចប់​នៃ​របាយការណ៍​របស់​ខ្លួនOHCHR បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋា​ភិបាល​ចំពោះ​មូល​ដ្ឋាន​ច្បាប់​មួយ​ចំនួន ដើម្បី​កាត់​បន្ថយ​ចលនា​កាត់​ទោស​ដោយ​មហាជន​រួម​មាន ការ​ពង្រឹង​ស្ថាប័ន​យុត្តិធម៌ ការ​ស៊ើប​អង្កេត និង​ចោទ​ប្រកាន់​ចំពោះ​គ្រប់​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ទាំង​អស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ