អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ប្រជាប្រិយភាព​​ស្ថិតនៅ​លើ​​ទង្វើ​​មិនមែន​​នៅ​លើ​​ពាក្យ​សម្តី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បោះឆ្នោត​​ទើប​តែ​​កន្លង​ទៅ​​ជាង​​មួយ​ឆ្នាំ​​ប៉ុណ្ណោះ ​ប៉ុន្តែ ​យុទ្ធនា​ការ​រក​​ប្រជាប្រិយ​ភាព​​ហាក់​​បាន​ចាប់​ផ្តើម​​ហើយ​។ ​បក្ស​ប្រឆាំង​​ចុះ​​មូលដ្ឋាន​​គ្រប់​ទិសទី​​ទាំង​​ក្នុង​​និង​​ក្រៅ​ប្រទេស​​ដើម្បី​​ពង្រឹង​​ជំនឿ​​ចិត្ត​​អ្ន​ក​គាំទ្រ​។ ​ចំណែក​​បក្ស​​កាន់​អំណាច​​វិញ​​បាន​​ផ្តើម​​ចាត់​វិធានការ​​ជាក់ស្តែង​​មួយចំនួន​​ដើម្បី​​ផ្គាប់​ចិត្ត​​ម្ចាស់​ឆ្នោត​។ ​នេះ​​ស​បញ្ជាក់​​ឲ្យ​​ឃើញ​ថា ​អ្នក​នយោបាយ​​បាន​​ផ្តើម​​យល់​​អំពី​​តម្លៃ​​របស់​​ប្រជាពលរដ្ឋ​​កាន់តែ​ខ្លាំង​​ជាង​មុន​។ ​ប៉ុន្តែ ​សូម​​កុំភ្លេច​ថា ​អំណឹះតទៅ​​ប្រជាប្រិយភាព​​ស្ថិត​នៅ​លើ​​ទង្វើ​​គឺ​​មិនមែន​​នៅ​លើ​​សម្តី​​នោះ​ទេ។​

តំណាង​គណបក្សប្រជាជនកម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ ​ធ្វើ​សន្និសីទ​ក្រោយ​​ជំនួប​ចរចា​នយោបាយ​ កា​ល​ពី​ពេល​កន្លង​មក​
តំណាង​គណបក្សប្រជាជនកម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ ​ធ្វើ​សន្និសីទ​ក្រោយ​​ជំនួប​ចរចា​នយោបាយ​ កា​ល​ពី​ពេល​កន្លង​មក​ @RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

ជាធម្មតា រដូវ​បោះឆ្នោត​គឺជា​ពេលវេលា​ដែល​អ្នកនយោបាយ​នាំគ្នា​សកម្ម​ក្នុង​ការចុះ​ជួប ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត។ ជាពិសេស​គឺ​អំឡុងពេល​ប៉ុន្មាន​ខែ​មុនពេល​បោះឆ្នោត និង​ជាពិសេស​ក្នុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​តែម្តង​ដែល​អ្នកនយោបាយ​តែង​ យកចិត្ត​អ្នកបោះឆ្នោត​ខ្លាំងជាងគេ។  ក្រោយពេល​បោះឆ្នោត សកម្មភាព​ក៏​ស្ងប់ស្ងាត់​ទៅវិញ​ជាធម្មតា។ នេះ​ជា​ព្រឹត្តិការណ៍ដដែលៗក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ​នេះ។

ប៉ុន្តែ ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី៥នេះ ស្ថានការណ៍​បាន​ផ្លាស់ប្តូរ។ យុទ្ធសាស្ត្រ​នយោបាយ​ក៏ត្រូវ​ផ្លាស់ប្តូរ​ទៅតាម​នោះដែរ។ ទាំង​គណបក្សកាន់អំណាច ទាំង​គណបក្សប្រឆាំង​ហាក់ដូចជា​ខិតខំ​ប្រឹងប្រែង​ក្នុង​ការចុះ​កៀក​ជាមួយ​ ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​តាំងពីដើម​អាណត្តិ។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្តើម​ចុះ​ជួប​ជាមួយ​អ្នកបោះឆ្នោត​របស់ខ្លួន​នៅ​ គ្រប់ទិសទី​ដើម្បី​ស្តាប់​សំណូមពរ​ផង​និង​ដើម្បី​ពង្រឹង​ទំនុកចិត្ត​របស់​ ម្ចាស់ឆ្នោត​ផង។

គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ម្នីម្នា​ចាត់វិធានការ​មួយចំនួន​ដោយ​មិន ​បង្អន់​យូរ​ដែរ។ វេទិកាសាធារណៈ និង​គណៈកម្មការ​ចម្រុះ​ចុះ​មូលដ្ឋាន​ត្រូវបាន​បង្កើតឡើង​តាំងពីដើម​អាណត្តិ​ ដើម្បី​ស្តាប់​សំណូមពរ​និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត។ ចំណាត់ការ​បញ្ចុះតម្លៃ​អគ្គិសនី​ដល់​អ្នក​ជួល​ផ្ទះ និង​ការដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​និង​កម្មករ​ជាដើម​ក៏​ជា​ចំណែក​មួយ ​ក្នុង​កិច្ចខិតខំ​ស្តារ​ប្រជាប្រិយភាព​របស់ខ្លួន​ដែរ។ នេះ​ស​បញ្ជាក់ថា តម្លៃ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ក្រសែភ្នែក​អ្នកនយោបាយ​កាន់តែ​ឡើង​ខ្ពស់ជាង​ មុន។

ជាការ​ពិតណាស់ វត្តមាន​នៅឯ​មូលដ្ឋាន​របស់​មន្ត្រី​នយោបាយ​មិនមែនជា​រឿង​ថ្មី​ទេ។ ប៉ុន្តែ អ្វីដែល​សំខាន់​នោះ​គឺ​វិធី​រក​ប្រជាប្រិយភាព​ដែល​ត្រូវ​ផ្លាស់ប្តូរ​ថ្មី។ កន្លងទៅ គណបក្សនយោបាយ​ច្រើនតែ​ប្រើ​វិធីចែក​អំណោយ ការសន្យា​និង​ការវាយប្រហារ​គ្នា​ដើម្បី​ទាក់ទាញ​ម្ចាស់ឆ្នោត។ ជាក់ស្តែង គណបក្សកាន់អំណាច​ច្រើនតែ​ផ្តោតលើ​ការ​សំណេះសំណាល​និង​ចែក​អំណោយ។ នៅក្នុង​ពិធី​ទាំងនោះ​ទៀតសោត ពួកគេ​ចូលចិត្ត​និយាយ​ឲ្យ​ម្ចាស់ឆ្នោត​ស្តាប់ តែ​មិន​ចូលចិត្ត​ស្តាប់​ម្ចាស់ឆ្នោត​និយាយ​ទេ។

ម្យ៉ាងទៀត អ្នក​ដែល​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ត្រូវបាន​មេភូមិ​ឬ​មេឃុំ​កេណ្ឌ​ឲ្យ​ មក​អង្គុយ​ស្តាប់​លោកធំ​និយាយ។ ពួកគេ​ខិតខំ​ប្រមូល​មនុស្ស​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ឲ្យ​ គណៈអធិបតី​សប្បាយចិត្ត។ នៅពេល​ឃើញ​មនុស្ស​ច្រើន​មក​ចូលរួម មន្ត្រី​ថ្នាក់លើ​ទៅ​ពី​ភ្នំពេញ​ក៏​រីកមុខ​ហើយក៏​យល់ច្រឡំ​ថា​ពួកគេ​ សុទ្ធតែជា​អ្នកបោះឆ្នោត​ឲ្យ​ខ្លួន។ បន្ទាប់ពី​ចែក​អំណោយ​និង​ហៅ​ទូរទស្សន៍​ទៅ​ថត​ដើម្បី​ទុក​បង្អួត​ នាយករដ្ឋមន្ត្រី​ហើយ​នោះ ពួកគេ​ក៏​វិល​មក​ភ្នំពេញ​វិញ​ហើយ​បូកលេខ​ចំនួន​អ្នកចូលរួម​ដើម្បី​រាយការណ៍​ ជូន​ថ្នាក់លើ​ដោយ​មិនបាន​ស្វែងយល់​និង​ដោះស្រាយ​បញ្ហា​រាប់រយ​ជំពូក​ដែល​ ម្ចាស់ឆ្នោត​កំពុង​ជួបប្រទះ​នោះឡើយ។

របៀប​ធ្វើការ​គ្មាន​ប្រសិទ្ធភាព​ទាំងនេះហើយ​ដែល​ត្រូវ​ផ្លាស់ប្តូរ។ អំណឹះតទៅ មន្ត្រី​ពង្រឹង​មូលដ្ឋាន គួរ​ប្តូរ​ទម្លាប់​ពី​និយាយ​ឲ្យ​រាស្ត្រ​ស្តាប់ ទៅជា​ស្តាប់​មតិ​រាស្ត្រ​វិញ​ម្តង។ ប្តូរ​ពី​ទម្លាប់​ស្តាប់​របាយការណ៍​របស់​មេភូមិ​និង​មេឃុំ​ទៅជា​ស្តាប់​ របាយការណ៍​ផ្ទាល់​ពី​ម្ចាស់ឆ្នោត​និង​ប្តូរ​ពី​ទម្លាប់​ធ្វើការ​ដើម្បី​ ផ្គាប់ចិត្ត​តែ​ថ្នាក់លើ​ទៅជា​ទម្លាប់​ផ្គាប់ចិត្ត​ពលរដ្ឋ​ម្ចាស់ឆ្នោត​វិញ។ នេះ​ជា​កំណែទម្រង់​ស៊ីជម្រៅ​នឹង​ជា​កត្តា​ស្លាប់​រស់​របស់​បក្ស​កាន់អំណាច។

ចំណែក​គណបក្សប្រឆាំង​ក៏ត្រូវ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​មួយចំនួន​ដែរ។ ការរិះគន់​បរិហារ​ចំណុចខ្សោយ​បក្ស​កាន់អំណាច​ហើយ​សន្យា​ធ្វើបាន​ល្អ​ជាង​ គឺជា​រឿង​ធម្មតា​ទេ ប៉ុន្តែ សង្គ្រាមពាក្យសម្តីធ្ងន់ៗគួរ​ត្រូវបាន​កាត់បន្ថយ ចំណែកឯ​ការសន្យា​ក៏​គួរតែ​គិតពី​លទ្ធភាព​ដែល​អាច​ធ្វើបាន​ផងដែរ​ពីព្រោះ​ ការមិន​គោរព​ពាក្យសន្យា​នឹង​ទទួល​ទណ្ឌកម្ម​ពី​ម្ចាស់ឆ្នោត​ជាមិនខាន។ អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឆ្លងកាត់​ចុងក្រោយ​នេះ​គឺជា​ឧទាហរណ៍​ស្រាប់។ សូម​កុំភ្លេចថា អ្នកបោះឆ្នោត​សម័យនេះ​ឆ្លាត​ជាង​មុន​ដោយ​ពួកគេ​ចង់ឃើញ​ទង្វើ​ជាក់ស្តែង​ ច្រើនជាង​ការសន្យា។

សរុប​មកវិញ មកដល់​ដំណាក់កាល​នេះ ការផ្តល់​តម្លៃ​ដល់​រាស្ត្រ​ម្ចាស់ឆ្នោត​ឲ្យ​បាន​ខ្លាំង​និង​ឲ្យ​បាន​ ត្រឹមត្រូវ​គឺជា​កត្តា​កំណត់​ជោ​ជ័យ​របស់​អ្នកនយោបាយ។ ក្នុងន័យនេះ គ្រប់​គណបក្ស​ទាំងអស់​ត្រូវ​ផ្តោតលើ​ប្រសិទ្ធភាព​ការងារ​ជាជាង​វោហា​សាសន៍​ ពោលគឺ អំណឹះតទៅ ប្រជាប្រិយភាព​ស្ថិតនៅលើ​ទង្វើ​ជាង​នៅលើ​ពាក្យសម្តី៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ