អានតួអត្ថបទ
កម្ពុជា

តុលាការ បើក​សវនាការ​កាត់ទោស​សកម្មជន​ព្រះ​សង្ឃ​ការពារ​សិទ្ធិ​មនុស្ស ព្រះ​តេជគុណ លួ​ន សុ​វាត

ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ កាត់​ទោស​លើ​ព្រះសង្ឃ ដែល​ជា​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ដ៏​ល្បី​ឈ្មោះ គឺ​ព្រះ​តេជគុណ លួ​ន សុវាត នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥​វិច្ឆិកា​។ ព្រះ​តេជគុណលួន សុវាត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ» សម្រាប់​ការ​ចូល​រួមនិង​គាំទ្រ​ការធ្វើ​បាតុកម្ម​របស់​ជន​រងគ្រោះ​ដីធ្លី​ពាសពេញ​ប្រទេស​កម្ពុជា​។ សំណុំ​រឿង​ក្តី​នោះ ជាប់​ពាក់ព័ន្ធ​នឹង​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​អាមេរិក។ នៅពេល​ចាប់ផ្តើម​សវនាការ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះបានប្រកាស​បំបែកសំណុំរឿង​ព្រះ​តេជគុណ លួ​ន សុ​វាត និង​លោក សួនសេរី​រដ្ឋា។ បន្ទាប់មក សវនាការ​លើ​សំណុំរឿង​របស់​ព្រះ​តេជគុណ លួ​ន សុ​វាត ត្រូវបាន​លើក​ពេល ដោយ​គ្មាន​កាលកំណត់។ មូលហេតុ មកពី​កំហុស​នីតិវិធី​របស់​តុលាការ។ 

ព្រះ​តេជគុណ​លួន សុវាត ក្រោយ​សវនាការ ថ្ងៃ​ទី​២៥​វិច្ឆិកា ឆ្នាំ​២០១៤
ព្រះ​តេជគុណ​លួន សុវាត ក្រោយ​សវនាការ ថ្ងៃ​ទី​២៥​វិច្ឆិកា ឆ្នាំ​២០១៤
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​តុលាការ​រាជធានី​ភ្នំពេញ បើកសវនាការ នៅ​ព្រឹក​ថ្ងៃ២៥វិច្ឆិកា​នេះ មាន​សកម្មជន​ដីធ្លី សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុមយុវជន ព្រមទាំង​ព្រះសង្ឃ​ជាច្រើន បាន​ប្រមូលផ្តុំ​នៅក្រៅ​តុលាការ ដើម្បី​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​សវនាការ​នោះ។ ក្រុម​អ្នក​ប្រមូលផ្តុំ លើក​បដា ស្រែក​មេក្រូ​ទាំងនោះ ទាមទារ​ឲ្យ​តុលាការ ទម្លាក់​ការចោទប្រកាន់​លើ​សកម្មជន​ព្រះសង្ឃ។

អង្គការ​លីកាដូ បានចាត់ទុក​សវនាកា​រ​កាត់ទោស​អ្នកការពារ​សិ​ទិ្ធ​មនុស្ស ដែល​ល្បីឈ្មោះ ព្រះ​តេជគុណ លួ​ន សុ​វាត ថា​ជា​នីតិវិធីក្នុង​គោលដៅ​បំបិទ​សំឡេង​របស់​ព្រះសង្ឃ។ ព្រះ​តេជគុណ លួ​ន សុ​វាតត្រូវបាន​ចោទប្រកាន់​ពីបទ "ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ"សម្រាប់​ការចូលរួម​របស់​ព្រះអង្គ ដែល​បាន​គាំទ្រ​ការធ្វើ​បាតុកម្ម​របស់​ជ​ន​រងគ្រោះ​ដីធ្លី​ពាសពេញ​ប្រទេស​កម្ពុជា ពិសេស​នៅក្នុង​ជម្លោះដីធ្លី​នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប ដែលជា​ស្រុកកំណើត​របស់​ព្រះ​តេជគុណ។

ក្នុងពេល​ចាប់ផ្តើម​សវនាការ នៅ​ព្រឹក​ថ្ងៃទី២៥វិច្ឆិកា ព្រះរាជអាជ្ញា បានស្នើ​សុំ​ឲ្យ​ប្រធាន​អង្គជំនុំជម្រះ បង្វិល​សំណុំរឿង​ព្រះ​តេជគុណ លួ​ន សុ​វាត ទៅ​ចៅក្រម​ស៊ើបសួរ​វិញ។ រីឯ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះបានប្រកាសបំបែកសំណុំរឿង​ព្រះ​តេជគុណ លួ​ន សុ​វាត និង​លោក សួនសេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​អាមេរិក។ លោក​សួន​សេរី​រដ្ឋា ត្រូវបាន​តុលាការ​កាត់ទោស​កំបាំង​មុខ រួចមកហើយ ពីបទ​ក្បត់ជាតិ។

បន្ទាប់មក សវនាការ​លើ​សំណុំរឿង​របស់​ព្រះ​តេជគុណ លួ​ន សុ​វាត ត្រូវបាន​លើក​ពេល ដោយ​គ្មាន​កាលកំណត់ ដោយសារតែ​កំហុស​នីតិវិធី​របស់​តុលាការ ពោលគឺ​ចៅក្រម​បានសម្រេច​រួចហើយ​ឲ្យ​បំបែកសំណុំរឿង​ក្តី​ព្រះ​តេជគុណ ចេញពី​ករណី​លោក​សួន​សេរី​រដ្ឋា ក្នុង​សវនាការ​លើក​មុន តែ​មកដល់​ថ្ងៃនេះ នៅ​មិនទាន់​បំបែកសំណុំរឿង​ក្តី​នៅឡើយ។

សវនាការ​កាត់ទោស​ព្រះ​តេជគុណ លួ​ន សុ​វាត មានការ​ចូលរួម​តាមដាន​សវនាការ​ពី​អ្នក​តំណាង​មកពី​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិ​ទិ្ធ​មនុស្ស (OHCHR) តំណាង​ស្ថានទូត​ស៊ុយអែត អាល្លឺម៉ង់ ស៊្វីស ព្រមទាំង​សហគមន៍​អឺរ៉ុប ជាដើម។ ក្នុងនោះ ក៏មាន​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ចូលរួម​ផងដែរ។

ព្រះ​តេជគុណ លួ​ន សុ​វាត បាន​មាន​សង្ឃដីកា​ថា ព្រះអង្គ មិនបាន​ធ្វើ​អ្វី​ខុស ដូច​ការចោទប្រកាន់​ទេ ព្រះអង្គ​ក៏​មិន​ភ័យខ្លាច​នឹង​ការចាប់ខ្លួន​នោះទេ។ ព្រះសង្ឃ មហាជន និង​សកម្មជន​ដីធ្លី បាន​ដើរ​ហែរ​ក្បួន​ជាមួយ​ព្រះ​តេជគុណ លួ​ន សុ​វាត ចេញពី​តុលាការ ឆ្ពោះទៅកាន់​វត្ត​សាមគ្គី​រង្សី ដែលជា​វត្ត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ខណ្ឌមានជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ