ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
កម្ពុជា

រាជធានី​ភ្នំពេញ​បាន​ត្រៀម​ខ្លួន​ស្ទើរ​រួច​រាល់​ហើយ​ទទួល​មនុស្ស​រាប់​លាន​នាក់​ពេល​បុណ្យ​អុំ​ទូក

media  
រូបភាព​ចាស់៖ កីឡាករអុំទូកកម្ពុជា កំពុង​តែ​ចូល​រួម​ក្នុង​ការ​ប្រណាំង​ទូក ក្នុង​ថ្ងៃ​បុណ្យ​អុំ​ទូក។ @RFI/ Siv Channa

នៅ​សល់​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក នឹង​ឈាន​មក​ដល់។ មក​ទល់​ពេល​នេះ ទូក​ង ទូក​មួង ត្រូវ​បាន​គេ​រំកិល​ចេញ​ពី​វត្ត​នានា​ចុះ​ទៅ​ក្នុង​ទឹក ដើម្បី​ត្រៀម​លក្ខណៈ​ធ្វើ​ដំណើរ​មក​ភ្នំពេញ។ ដោយ​ឡែក គណៈកម្មការ​រៀប​ចំ​បុណ្យ ក៏​ដូច​ជា​អាជ្ញាធរ​ពាក់​ព័ន្ធ បាន​រៀប​ចំ​ស្ទើរ​រួច​រាល់​ហើយ ការងារ​របស់​ខ្លួន​ដើម្បី​ទទួល​ប្រជា​ពលរដ្ឋ និង​កីឡាករ​អុំ​ទូក រាប់​លាន​នាក់។

អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​គណៈកម្មការ​រៀប​ចំ​បុណ្យ​ជាតិ-អន្តរជាតិ ដែល​ជា​អ្នក​ទទួល​បន្ទុក រ៉ាប់​រង​ការ​ងារ​ធំៗ​នៅ​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក បាន​បំពាក់​ស្ទើរ​រួច​រាល់​ហើយ ការ​តុប​តែង​លម្អ តាម​ដង​វិថី​នានា ដូច​ជា​ទង់​ជាតិ ការ​តុប​តែង​លម្អ​ភ្លើង​ព័ណ៌ ការ​បញ្ចប់​វេទិកា​បុណ្យ​នៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង និង​ការ​រចនា​ក្បូរ​ក្បាច់ ភ្លើង​ចំរុះ​ព័ណ៌​លើ​ប្រទីប​របស់​ស្ថាប័ន​ជាតិ​នានា​ជា​ដើម។ ​រី​ឯ​ទីតាំង​ប្រគុំ​តន្ត្រី និង​ពិព័ណ៌​ជា​ច្រើន​ដែល​មាន​ការ​ចូល​រួម​ពី​វិស័យ​ឯកជន​ក៏​បាន​ញាប់​ដៃ​ញាប់​ជើង​បញ្ចប់​ការងារ​ដែរ។

ដោយ​ឡែក​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ត្រៀម​រួច​រាល់​ហើយ​ដែរ ការ​សម្អាត​បរិស្ថាន អនាម័យ នៅ​ក្នុង​តំបន់ ដែល​ទទួល​ការ​រៀប​ចំ​បុណ្យ ក្នុង​ខណ្ឌ​ដូនពេញ ខណ្ឌ​ចំការ​មន និង​ផ្នែក​ខាង​កើត​ទន្លេ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ។ សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​បង្គន់​អនាម័យ​ចល័ត និង​អចល័ត​ចំនួន​២៦​ទី​តាំង ស្មើ​នឹង​ជិត​៥០០​បង្គន់ រួម​នឹង​រថយន្ត​សង្គ្រោះ​៦០​គ្រឿង ដោយ​ប្រចាំ​ការ​២៤​ម៉ោង​លើ​២៤​ម៉ោង។ ជា​រួម​កម្លាំង​សមត្ថកិច្ច​ការពារ​សន្តិសុខ​នៅ​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក​នៅ​ឆ្នាំ​នេះ ត្រូវ​អគ្គស្នងការ​ប៉ូលីស​ជាតិ​បញ្ជាក់​ថា​មាន​ជាង​១​ម៉ឺន​២​ពាន់​នាក់។

ជាមួយ​គ្នា​នេះ​ អាជ្ញាធរ​ក្រុង​ក៏​បាន​ដាក់​ពង្រាយ​ធុង​សម្រាប រាប់​ពាន់​ធុង និង​ត្រៀម​កម្មករ ប្រមូល​សម្រាម​ភ្លាមៗ ជា​ច្រើន​រយ​នាក់​ដែរ សម្រាប់​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ។ នៅ​ឆ្នាំ​នេះ​ទូក​ចំនួន​២៧១ នឹង​ចូល​រួម​ប្រកួត​ប្រជែង​គ្នា​នៅ​លើ​ទឹក​ទន្លេ​សាប រយៈ​ពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២​ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​៤​ខែ​វិច្ឆិកា ដោយ​មាន​ការ​ចូល​រួម​ពី​កីឡា​ករ​អុំ​ទូក​ប្រមាណ ២​ម៉ឺន​នាក់ ខណៈ​ដែល​មាន​ការ​ប៉ាន់​ប្រមាណ​ពី​សាលា​រាជធានី​ភ្នំពេញ​ថា​នឹង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​រួម​ប្រមាណ​ជា​៣​លាន​នាក់។

សូម​បញ្ជាក់​ថា​ព្រះ​រាជពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​មក​ម្លេះ​។ តាម​ប្រវត្តិ​ទ្រឹស្តី​ពុទ្ធ​ចក្រ​ ក្នុង​អំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​ធ្វើ​ការ​លុក​លុយ និង​ត្រួត​ត្រា​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ប្រមាណ​៤​ឆ្នាំ។ គ្រា​នោះ​ព្រះ​បាទ​ជ័យ​វរ្ម័នទី​៧ បាន​បង្រួប​បង្រួម​ជាតិ និង​ចំណាយ​ពេល​វេលា​រៀប​ចំ​យុទ្ធសាស្ត្រ​កង​ទ័ព ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ចាម រហូត​ទទួល​បាន​ជ័យ​ជម្នះ ហើយ​ព្រះ​អង្គ​បាន​ឡើង​គ្រង​រាជ​សម្បត្តិ​ដឹក​នាំ​ប្រទេស​ជាតិ នៅ​ឆ្នាំ​១១៨១ និង​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​ រុង​រឿង​ដល់​កម្រិត​កំពូល​ថែម​ទៀត។ ព្រះ​រាជពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​តៗ​គ្នា​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ដោយ​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ