អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​មាន​តម្លៃ​អាស្រ័យ​ការ​អនុវត្ត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី​២៣​តុលា​ខាង​មុខ​នេះ គឺ​ជា​ខួប​គម្រប់​២៥​ឆ្នាំ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​។ ២៥​ឆ្នាំ​មុន ភាគី​ជម្លោះ​ទាំង​៤​ក្រុម​របស់​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ ក្រោម​វត្តមាន​សាក្សី​ដែល​មក​ពី​១៨​ប្រទេស និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​។ នៅ​កម្ពុជា បើទោះ​បី​ជា​កិច្ច​ព្រម​ព្រៀង​២៣​តុលា​ត្រូវ​បាន​បក​ស្រាយ​ផ្សេង​ៗ​គ្នា​ក៏​ដោយ ប៉ុន្តែ​គ្រប់​គ្នា​សុទ្ធ​តែទទួល​ស្គាល់​ពី​តម្លៃ​របស់​វា​។ យ៉ាង​ណា​ក៏​ដោយ​​អ្នក​វិភាគ​មើល​ឃើញ​ថា កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ មាន​តម្លៃ​អាស្រ័យ​លើ​ការ​អនុវត្ត​។

កិច្ចព្រមព្រៀងក្រុងប៉ារីសមានតម្លៃអាស្រ័យការអនុវត្ត
កិច្ចព្រមព្រៀងក្រុងប៉ារីសមានតម្លៃអាស្រ័យការអនុវត្ត google
ផ្សាយពាណិជ្ជកម្ម

កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា ១៩៩១ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​អង្គការ​សហប្រជាជាតិ ប្រមុខ​ការទូត​នៃ​ប្រទេស​ចំនួន​១៨ និង​ភាគី​ជម្លោះ​ខ្មែរ​ទាំង​៤​ក្រុម គឺ​ក្រុម​សីហនុ​និយម ក្រុម​អ្នក​ជាតិ​និយម​របស់​លោក សឺន សាន ក្រុម​ខ្មែរក្រហម​របស់​ប៉ុល ពត និង​របប​រដ្ឋ​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី​ខ្មែរ​បច្ចុប្បន្ន​​។

កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ មាន​គោលដៅ​សំខាន់​ៗ​បី​យ៉ាង​។ ទី​១៖ រៀបចំ​ឲ្យ​មាន​សន្តិភាព​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​អនុវត្ត​កិច្ច​ឈប់​បាញ់ និង​ការ​រំសាយ​អាវុធ​នៅ​ក្នុង​ជួរ​កង​ទ័ព​នៃ​ភាគី​ជម្លោះ​ខ្មែរ​ទាំង​អស់​។ គោលដៅ​ទី​២៖ ចាក់​គ្រឹះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​សភា​ធម្មនុញ្ញ​។ ទី​៣៖ ការពារ​អធិបតេយ្យ ឯករាជ្យ បូរណភាព និង​ភាព​ពុំ​អាច​រំលោភ​បំពាន​បាន​ឡើយ នូវ​ទឹកដី​អព្យា ក្រឹតភាព និង​ឯកភាពជាតិ​របស់​ប្រទេស​កម្ពុជា​។

នៅ​ពេល​និយាយ​ដល់​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ច្បាស់​ណាស់ អ្វី​ដែល​មជ្ឈដ្ឋាន​ទូទៅ​នឹក​ឃើញ គឺការ​បិទ​បញ្ចប់​សង្គ្រាមឥណ្ឌូចិន​លើក​ទី​៣ និង​ជម្លោះ​ផ្ទៃ​ក្នុង​​នៅ​កម្ពុជា ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​២១​ឆ្នាំ​​។ ក្នុង​បរិបទ​អតីតកាល នៅ​ពេល​ដែល​កម្ពុជា​ត្រូវ​ហែកហួរ​ដោយ​សង្គ្រាម និង​ភាគី​ជម្លោះ​ច្រើន​ភាគី កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​មាន​តម្លៃ​ណាស់សម្រាប់​ប្រជាជាតិ​កម្ពុជា!

ប៉ុន្តែ ២៥​ឆ្នាំ​កន្លង​ទៅ​នេះ សួរ​ថា​តើ​កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស​ នៅ​មាន​តម្លៃ​ដែរ​​ឬ​ទេ?

កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ​២៣ តុលា ឆ្នាំ​១៩៩១ គឺ​ជា​របត់​នយោបាយ​ថ្មី​ដ៏​សំខាន់​មួយ​ទៀត ក្នុង​ការ​បើក​ផ្លូវ​ឲ្យ​កម្ពុជា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​។ ក្រៅ​ពី​ការ​បោះ​ឆ្នោត កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ក៏​មាន​ចែង​ផង​ដែរ អំពី​ការ​ធានា​ឲ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ សេរី​ពហុបក្សមាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​មាន​អធិបតេយ្យភាព បូរណភាព​ទឹក​ដី ដែល​គ្មាន​នរណា​អាច​បំពាន​បាន​។ ដូច្នេះ រហូត​មក​ទល់​បច្ចុប្បន្ន កិច្ច​ព្រម​ព្រៀង​នេះ នៅ​មាន​តម្លៃ​​​យ៉ាង​ធំធេង ​សម្រាប់​កម្ពុជា​​។ ​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​នយោបាយ​ខ្មែរ បើ​ទោះ​បី​ជាមាន​ជំហ​ផ្សេង​គ្នា​ក៏​ពិត​មែន ក៏​ប៉ុន្តែ ទាំង​អស់​គ្នា​សុទ្ធ​តែ​​ទទួល​ស្គាល់នូវ​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​របស់​កិច្ច​ព្រម​ព្រៀង​នេះ​។

មែន​ទែន​ទៅ ស្មារតីសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ​ត្រូវបានបញ្ចូលទៅ​ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ រួចហើយ។ ការ​បញ្ចូល​ខ្លឹមសារ​កិច្ច​ព្រម​ព្រៀង​នេះ​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​ជា​ភស្តុតាង​មួយ​ទៀត ដែល​​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ​កិច្ច​ព្រម​ព្រៀង​​ក្រុង​ប៉ារីស នៅ​តែ​មានតម្លៃ​ជា​អមតៈ​​។

បច្ចុប្បន្ន​ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសត្រូវបានគេ​លើកមកនិយាយជាញឹកញាប់ ប៉ុន្តែ ខ្លឹមសាររបស់វាមិនត្រូវបានគេយកវាមកប្រើប្រាស់ឲ្យពិតប្រាកដឡើយ។ ប្រៀប​ដូច​ជា​ រដ្ឋ​ធម្មនុញ្ញដែល​កំពុង​នៅជាធរមានសព្វថ្ងៃ​ ដែល​ត្រូវ​គេ ចាត់​ទុកថា​ជា​អត្ថបទ​ច្បាប់​ដ៏​ល្អ​មួយ​ដែរ​ ប៉ុន្តែ​ការ​អនុវត្តមិនទាន់បានពេញ​លេញ​ល្អប្រសើរ​ដូច្នោះ​ដែរ​។

សរុប​មក​វិញ ​ដោយ​សារ​តែ​​ត្រូវ​បាន​ចុះ​ហត្ថលេខា​​ក្រោម​វត្តមាន​សាក្សី​ដែល​មក​ពី​១៨​ប្រទេស និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​ និង​ដោយ​សារ​តែ​ត្រូវ​បាន​ដាក់​បញ្ជូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ នៅ​តែ​មាន​តម្លៃ ហើយ​អាច​នឹង​បន្ត​បម្រើ​ប្រយោជន៍​ដល់​កម្ពុជា​ត​ទៅ​ទៀត​បាន។ យ៉ាង​ណា​ក៏​ដោយ កិច្ច​ព្រម​ព្រៀង​ដ៏​មាន​តម្លៃដែល​ត្រូវ​បាន​ច្របាច់​​បញ្ជូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ ប្រសិន​បើ​អនុវត្ត​មិន​បាន​ពេញ​លេញ នោះ​តម្លៃ​របស់​វា​ក៏​នឹង​សាប​រលាប​ទៅ​តាម​នោះ​ដែរ​។

ដូច្នេះ អ្នកនយោបាយ​​ខ្មែរគួរតែ​​អនុវត្ត​​ខ្លឹមសារ​សំខាន់​ៗ​ដែល​មាន​នៅ​ក្នុង​​កិច្ច​ព្រម​ព្រៀង​២៣​តុលា ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​​​។ ចំណែក​ប្រជាពលរដ្ឋ ក៏​ត្រូវ​រួម​គ្នា​​​ឃ្លាំ​មើល​ការ​អនុវត្ត​​នេះ ឲ្យ​បាន​ដិត​ដល់​ផង​ដែរ​​។ គឺ​មាន​តែ​ការ​រួម​ដៃ​គ្នា​រវាង​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​ដូច្នេះ​ទេ ​ទើប​អាច​​ថែ​រក្សា​តម្លៃ​របស់​កិច្ច​ព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ