អានតួអត្ថបទ
កម្ពុជា

រដ្ឋបាល​ជលផល​ ត្រៀម​ត្រី​៦០០តោន​លក់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ត្រី​ប្រហុក ​ផ្អក ​

​ប្រធាន​រដ្ឋបាល​ជលផល​ លោក​ ណៅ ធួក ​នៅ​ថ្ងៃ​សៅរិ៍​ទី២៧ធ្នូ​នេះ ​បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ ​ដើម្បី​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ទៅធ្វើ​ត្រី​ប្រហុក​រឺ​ផ្អក​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ធ្វើជា​រៀងរាល់ឆ្នាំ។​ បើ​តាម​លោក​ ណៅ ​ធួក ​ត្រី​នឹង​សំបូរ​ច្រើន​នៅ​ថ្ងៃនេះ ​រហូត​ទៅដល់​ថ្ងៃទី៣រឺ​ទី៤​ខែមករា​ខាងមុខ​ ហើយ​ត្រី​នឹង​ត្រូវ​ម្តង​ទៀត​នៅ​ខ្នើត​ខែ​ក្រោយ ​ប្រសិន​បើ​ទឹក​បឹង​ទន្លេសាប​នៅ​ច្រើន។

អ្នក​ធ្វើ​ត្រីប្រហុក​ នៅ​ខ័ណ្ឌ​សែនសុខ រាជធានីភ្នំពេញ
អ្នក​ធ្វើ​ត្រីប្រហុក​ នៅ​ខ័ណ្ឌ​សែនសុខ រាជធានីភ្នំពេញ RFI/Lida Chan
ផ្សាយពាណិជ្ជកម្ម

តាមពិតទៅ​ត្រី​ប្រហុក​ រឺ​ផ្អក ត្រូវ​តាំងពី​ខ្នើត​ខែមាឃ​មក​ម្ល៉េះ​ ប៉ុន្តែ​ត្រី​នឹង​សំបូរ​ច្រើន​នៅ​ក្នុង​ខ្នើត​ខែបុស្ស​នេះ​ ដែល​ជា​ពេល​វេលា​ដែល​ត្រី​ចុះ​ពី​បឹង​ទន្លេសាប​ឡើង​ទៅ​ទន្លេមេគង្គ។​ អញ្ចឹង​ហើយ ​បានជា​នៅ​ថ្ងៃ​សៅរិ៍​ទី​២៧ធ្នូ​ ត្រូវ​នឹង​ថ្ងៃ​៧កើត​ខែ​បុស្ស​នេះ ​លោក ​ណៅ ធួក ​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជល​ផល​ បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ​ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ មក​ធ្វើ​ប្រហុក​ផ្អក​ទុក។​ បើ​តាម​លោក ​ណៅ​ ធួក​ ត្រី​ប្រហុក​នៅ​ឆ្នាំនេះ ​មិន​សំបូរ​ដូច​ឆ្នាំមុន​ទេ។ ​មូលហេតុ​ដោយសារ​តែ ​ទឹក​ឆ្នាំនេះ​តូច​ ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​ការ​បង្ករ​កំណើត​របស់​ត្រី។ ​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ ប្រជាពលរដ្ឋ​អាច​មក​ធ្វើ​ប្រហុក​ផ្អក​បាន​ហើយ។

បើ​គិត​ត្រឹម​ថ្ងៃ​សៅ​រិ៍​នេះ​ ត្រី១គីឡូ​អាច​មាន​តម្លៃ​ពី​៨០០រៀល​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ ទៅ​១២០០រៀល​នៅ​តាម​ឡូតិ៍​នេសាទ​មួយ​ចំនួន។

នៅ​ក្នុង​សេចក្តី​អំពាវនាវ​របស់​លោក​ ណៅ​ ធួក ​ក៏​បាន​អំពាវនាវ​អោយ​អាជ្ញាធរ​ដែនដី​ជួយ​បង្ករ​លក្ខណៈ​ងាយស្រួល

លោក​ ណៅ ធួក​ បាន​បាន​បញ្ជាក់ថា​ បើទោះបីជា​រដូវ​ធ្វើ​ត្រី​ប្រហុក​ឆ្នាំ​នេះ ​មាន​រយៈពេល​យូរ​ជាង​រាល់​ឆ្នាំ​ក៏ដោយ​ ប៉ុន្តែ​ត្រី​អាច​នឹងមាន​ឡើងវិញ​នៅក្នុង​ចុង​សប្តាហ៍​នេះ ​ដូច្នេះ​បងប្អូន​ប្រជានេសាទ​ទាំង​អស់​គួរ​ត្រៀមខ្លួន ​ដើម្បី​ប្រមូល​ផល​ត្រី​ផ្អាប់​ទុក​ធ្វើ​ប្រហុក​ ឬ ​ផ្អក​ ខណៈ​ដែល​​ទិន្នផល​ត្រី​ឆ្នាំនេះ ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ អាច​នឹង​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន។

លោក​បាន​បន្ថែម​ទៀតថា​ សព្វថ្ងៃនេះ​នៅ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ក៏ដូចជា​ខាង​រដ្ឋបាល​ជលផល​ដែរ​ខណៈដែល​ប្រជាពលរដ្ឋ​កំពុង​នាំគ្នា​ទន្ទឹង​រង់ចាំ​ត្រី​ហូរ​ធ្លាក់ចូល​ទន្លេ ដើម្បី​ត្រៀម​ប្រមូល​ផល​យកមក​ផ្អាប់​ទុក​ធ្វើ​ប្រហុក ​ឬ​ផ្អក សម្រាប់​ជួយ​ផ្គត់​ ផ្គង់​ជីវភាព​គ្រួសារ​របស់​ប្រជា​នេសាទ​ផងដែរ។

ពាក់ព័ន្ធ​នឹង​មូលហេតុ​ដែល​នាំ​ឲ្យ​ត្រី​ធ្លាក់ចូល​ទន្លេ​យឺត​នេះដែរ​ លោក​ ណៅ ធួក ​បាន​ពន្យល់​ថា ​ត្រី​ក្រ​ធ្លាក់​ចូល​ទន្លេ ​គឺ​បណ្តាល​មក​ពី​កត្តា​ពីរ ​គឺ​ទី១-ដោយសារ​ទឹក​ឆ្នាំ​នេះ​វា​តិចពេក ​ហើយ​កម្ពស់​ទឹក​ឆ្នាំនេះ​ ឡើង​ត្រឹមតែ​៩,៧០ម៉ែត្រ​ប៉ុណ្ណោះ​ ហើយ​វា​ចាប់ផ្តើម​ស្រក​ទៅវិញ​ តាំង​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា​មកម្ល៉េះ​ ដូច្នេះ​ករណី​នេះ​ធ្វើ​ឲ្យ​ត្រី​ធ្លាក់​ចូលក្នុង​ទន្លេ​មាន​ចំនួន​តិច​ទៅតាម​ហ្នឹង​ដែរ។​ ដោយ​ឡែក​កត្តា​ទី២វិញ​ គឺ​បណ្តាល​មកពី​ការ​ប្រែប្រួល​អាកាសធាតុ​មិនល្អ​ ទើប​ធ្វើ​ឲ្យ​ត្រី​ខ្លះ​ងាប់ ​និង​ត្រី​ខ្លះទៀត​ មិនទាន់​ធ្វើ​ចរាចរណ៍​ហូរ​ធ្លាក់​ពី​បឹង​ទន្លេសាប​ ចូល​ទៅ​ទន្លេមេគង្គ​វិញ​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ