អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក ​ប្រាក់ ​សុខុន​៖ ​ចាប់​ពី​ឆ្នាំ​២០១៩​នេះ​ទៅ ​ស្ថាន​ការណ៍​ពិភព​លោក​នឹង​ប្រែ​ប្រួល​យ៉ាង​រហ័ស​និង​ស្មុគ​ស្មាញ​

រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា លោក​ប្រាក់ សុខុន បាន​បង្ហាញ​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៩​នេះ និង​បណ្តា​ឆ្នាំ​តទៅ​មុខ​ទៀត ស្ថានការណ៍​ពិភពលោក​នឹង​បន្ត​ប្រែប្រួល​យ៉ាង​ជ្រាល​ជ្រៅ ស្មុគ​ស្មាញ ឆាប់​រហ័ស និង​ពិបាក​ប៉ាន់​ស្មាន​បាន​។ ទាំង​អស់​នេះ គឺ​ជា​បញ្ហា​សំខាន់​ដែល​ក្រសួង​ការ​បរទេស​កម្ពុជា​រៀប​ចំ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ចាប់​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ពិភាក្សា និង​សិក្សា​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​ឡើង​មក​លើ​កម្ពុជា​។

លោក​ប្រាក់ សុខុន ប្រមុខ​ការទូត​ខ្មែរ ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នា​ទីក្រុងញ៉ូវយ៉ក ថ្ងៃ​ទី​២២ កញ្ញា ២០១៧
លោក​ប្រាក់ សុខុន ប្រមុខ​ការទូត​ខ្មែរ ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នា​ទីក្រុងញ៉ូវយ៉ក ថ្ងៃ​ទី​២២ កញ្ញា ២០១៧ REUTERS
ផ្សាយពាណិជ្ជកម្ម

ការ​ប្រែ​ប្រួល​ស្ថាន​ការណ៍​ពិភព​លោក​ដែល​លោក​ប្រមុខ​ការ​ទូត​កម្ពុជា​អះអាង​ថា មាន​ភាព​ឆាប់​រហ័ស និង ស្មុគ​ស្មាញ​នេះ គឺ​វា​បណ្តាល​មក​ពី​ដំណើរ​ប្រែប្រួល​ទៅ​កាន់​ពហុ​ប៉ូល​នៅ​បន្ត​ទៅ​មុខ​ដែល​បង្កើត​ជា​ការ​ប្រកួត​ប្រជែង​ជា​យុទ្ធ​សាស្រ្ត ដើម្បី​អំណាច ឥទ្ធិពល និង ផល​ប្រយោជន៍​។ លោក​ប្រាក់ សុខុន កត់​សម្គាល់​ដែរ​ថា ទំនាក់​ទំនង​រវាង​មហា​អំណាច​ទី១ និង​ទី២ ទោះ​ក្នុង​រូប​ភាព​ណា​ក៏​ដោយ ក៏​ជះ​ឥទ្ធិពល​លើ​ដំណើរ​របស់​ពិភព​លោក​ទាំង​មូល ទាំង​ខាង​នយោបាយ សន្តិ​សុខ សេដ្ឋ​កិច្ច និង​បច្ចេក​វិទ្យា​។ បើ​តាម​លោក​ប្រាក់ សុខុន ការ​ងាក​ចេញ​របស់​មហា​អំណាច​ទី១ ពី​ប្រព័ន្ធ​ពហុ​ភាគី​និយម​ទៅ​កាន់​ឯក​តោ​ភាគី​និយម និង​គាំពារ​និយម កំពុង​គំរាម​ដល់​ប្រព័ន្ធ​សណ្តាប់​ធ្នាប់​ពិភព​លោក​បច្ចុប្បន្ន​។

ក្រៅ​ពី​នេះ បញ្ហា​ជម្លោះ​នៅ​មជ្ឈិម​បូព៌ា អឺរ៉ុប​ខាង​កើត អាហ្រ្វិក អាមេរិក​ឡាទីន និង​នៅ​អាស៊ី ព្រម​ទាំង​បញ្ហា​អំពើ​ភេរវកម្ម វិបត្តិ​ជន​ភៀស​ខ្លួន ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ការ​ជួញ​ដូរ​មនុស្ស គ្រឿង​ញៀន និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជា​ដើម គឺ​នឹង​នៅ​តែ​បន្ត​គំរាម​កំហែង​ដល់​សន្តិ​សុខ​ពិភពលោក និង​ត្រូវ​ការ​ការ​រួម​កម្លាំង​គ្នា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​។ បន្ថែម​លើ​នេះ តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នឹង​នៅ​តែ​ជា​ចំណុច​កណ្តាល​នៃ​ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច​ធំៗ ហើយ​ការ​ងើប​ឡើង​របស់​បណ្តា​ប្រទេស​នៅ​អាស៊ី​នាំ​មុខ​ដោយ​ ចិន ជប៉ុន ឥណ្ឌា កូរ៉េ​ខាង​ត្បូង និង​អាស៊ាន កំពុង​ធ្វើ​ឱ្យ​ជញ្ជីង​អំណាច​ផ្អៀង​ពី​ភាគ​ខាង​លិច​មក​ភាគ​ខាង​កើត​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា​។

បញ្ហា​ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន យុទ្ធ​សាស្រ្តឥណ្ឌូ-ប៉ាស៊ី​ហ្វិក​សេរី ការ​បើក​ចំហរ​របស់​អាមេរិក និង​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង បញ្ហា​ឧប​ទ្វីប​កូរ៉េ ក៏​ជា​រឿង​គួរ​ព្រួយ​បារម្ភ​ផង​ដែរ​។ ព្រួយ​បារម្ភ ព្រោះ​ក្រសួង​ការ​បរទេស​កម្ពុជា​មើល​ឃើញ​ថា វា​នឹង​ធ្វើ​ឱ្យ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក បន្ត​នៅ​ជា​តំបន់​ដ៏​ក្ដៅ រំជើប​រំជួល និង​ប្រែ​ប្រួល​រហ័ស​។ បញ្ហា​ប្រឈម​ទាំង​អស់​នេះ ត្រូវ​បាន​ក្រសួង​ការ​បរទេស​កម្ពុជា​លើក​មក​ពិភាក្សា និង​សិក្សា​ពី​លទ្ធភាព​នៃ​ផល​ប៉ះ​ពាល់​មក​លើ​កម្ពុជា និង​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ក្នុង​សន្និ​បាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩​របស់​ខ្លួន​។ សន្និបាត​នេះ​ធ្វើ​ឡើង​រយៈ​ពេល​០៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០១៩​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ