អានតួអត្ថបទ
កម្ពុជា

ជម្លោះ​ព្រះវិហារ​ ជា​​ចំណុច​​ល្អក់​​កករ​​ក្នុង​​ចំណោម​​បញ្ហា​​ជា​​ច្រើន​​​នៃ​​ទំនាក់​​ទំនង​​កម្ពុជា-ថៃ

នៅ​ឆ្នាំ​២០១៥​នេះ គឺ​ជា​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា និង​ថៃ។ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​ថ្ងៃ​សុក្រ​ទី​១៨ ធ្នូ​នេះ​ បាន​ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​កាន់​ប្រទេស​ថៃ។ នៅ​ក្នុង​នោះ​ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង អនុស្សារណៈ និង​សេចក្តី​ថ្លែង​ការណ៍​រវាង​ប្រទេស​ទាំង​ពីរ។ យ៉ាង​ណា​ក៏​ដោយ ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​រវាង​ប្រទេស​ក្បែរ​ខាង​ទាំង​ពីរ​ គឺ​ជា​ចំណុច​ខ្មៅ​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​នៃ​កម្ពុជា-ថៃ។

ប្រាសាទ​ព្រះវិហារ
ប្រាសាទ​ព្រះវិហារ ©បូណា
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​ប្រាសាទ​ព្រះវិហារ​រវាង​កម្ពុជា​និង​ថៃ​គឺ​ជា​ចំណុច​ល្អក់​កករ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ក្បែរ​ខាង​ទាំងពីរ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន។ ជា​ជម្លោះ​ដែល​ធ្លាប់​ឈាន​ដល់​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​កាល​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៣។ កាល​ណោះ ​ប្រទេស​ថៃ​ បាន​បញ្ជូន​កង​ទ័ព​ចូល​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​ជា​អធិបតេយ្យភាព​របស់​កម្ពុជា​ហើយ​ទាមទារ​កាន់​កាប់​ប្រាសាទ​បូរាណ​មួយ​នេះ។ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នក​វិភាគ​នយោបាយ បាន​លើក​ឡើង​ថា ​ទំនាស់​ស្តីពី​ប្រាសាទ​ព្រះវិហារ​នេះ គឺ​ជា​ចំណុច​ខ្មៅ​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​នៃ​បញ្ហា​ ដែល​កម្ពុជា​មាន​ជា​មួយ​ថៃ បើ​ទោះ​បី​ជម្លោះ​នេះ​មិន​ធំ​ដុំ​ បើ​ប្រៀបធៀប​ទៅ​នឹង​ទំនាក់​ទំនង​ផ្សេង​ទៀត​ ដូចជា​សេដ្ឋកិច្ច ពលកម្ម ជា​ដើម​ក្តី។ បើ​តាម​អ្នក​វិភាគ​រូប​នេះ ថៃ​ត្រូវ​ការ​កម្លាំង​ពលកម្ម​ពី​កម្ពុជា កម្ពុជា​ត្រូវ​ការ​ទីផ្សារ​ការងារ​នៅ​ថៃ​ជា​ដើម។ ក្រៅ​ពី​នេះ ក៏​មាន​ដែរ ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ ដែល​ឆ្លង​ចូល​ប្រទេស​ថៃ។ បញ្ហា​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មើល​មុខ​គ្នា​មិន​សូវ​ចំ​ផង​ដែរ។

សូម​កត់​សំគាល់​ថា បញ្ហា​ប្រសាទ​ព្រះវិហារ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​ចប់​នៅ​ឡើយ​ទេ​បើទោះបី​ជា​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​កាល​ពី​ឆ្នាំ​២០១៣ បាន​សម្រេច​ឱ្យ​ភាគី​ថៃ​ដក​កង​ទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​ជម្លោះ​នៅ​ប្រសាទ​នេះ​ក៏​ដោយ​ ប៉ុន្តែ​ភាគី​ថៃ​មិន​ទាន់​បាន​អនុវត្ត​សាល​ក្រម​ ដែល​បាន​ប្រកាស​អស់​រយៈ​២​ឆ្នាំ​មក​ហើយ​នេះ។ ហើយ​កាល​ពី​ថ្ងៃ​ទី​១៧​ធ្នូ​ម្សិលមិញ មុន​ដំណើរ​ទស្សនៈកិច្ច​មួយ​ថ្ងៃ​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ទៅ​កាន់​ប្រទេស​ថៃ ទាហាន​ថៃ​បាន​ចូល​ទៅ​កាត់​សោ​ច្រកទ្វា​ចូល​មក​ប្រសាទ​ព្រះវិហារ​ថែម​ទៀត​ ផង​ដែល​រឿង​នេះ​បាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ពី​ខាង​ភាគី​ខ្មែរ។

សូម​បញ្ជាក់​ថា​បើ​ទោះបី​ជា​បញ្ហា​ប្រាសាទ​ព្រះវិហារ​ជា​បញ្ហា​រស៊ើប​រវាង​ប្រទេស​ទាំង​ពីរ​មែន ប៉ុន្តែ​តាម​របៀប​វារៈ​នៃ​ដំណើរ​ទស្សនៈកិច្ច​របស់​គណៈប្រតិភូ​ខ្មែរ​លើក​នេះ​ បាន​បង្ហាញ​ថា​គ្មាន​ក្នុង​របៀប​វារៈ​ឡើយ។ នៅ​ក្នុង​នោះ សេចក្តី​ថ្លែង​ការណ៍​រួម​នៃ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ចំរុះ​លើក​ទី​២ អនុស្សារណៈ​ស្តីពី​ការ​អភិវឌ្ឍន៍​ច្រក​ទ្វា​អន្តរជាតិ​ស្ទឹង​បត់-ណងអៀន អនុស្សារណៈ​ស្តីពី​វិស័យ​ការងារ កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ប្រើប្រាស់​កម្លាំង​ពលករ និង​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​រវាង​ក្រុម​ធុរៈកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។ ចំពោះ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ​ដែល​ជា​ចំណុច​ល្អក់​កករ​ក្នុង​ទំនាក់ទំនង​ការ​ទូត​កម្ពុជា-ថៃ។ លោក​អ៊ូ វីរៈ​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ថា​ បញ្ហា​ទឹកដី​នឹង​អាច​នៅ​តែ​ជា​ចំណាប់​ខ្មាំង​សម្រាប់​ជម្លោះ​នយោបាយ​ផ្ទៃ​ក្នុង​របស់​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ