អានតួអត្ថបទ
កម្ពុជា-សង្គម

​របាយការណ៍​មូល​និធិ​ UNFPA​៖ អត្រា​យក​កូន​សម្រាប់​ស្ត្រី​ខ្មែរ ធ្លាក់​ចុះ​ពី​៦នាក់​មក​នៅ​ត្រឹម​២នាក់​

មូលនិធិ​សហ​ប្រជាជាតិ​សម្រាប់​ប្រជាជន ហៅ​កាត់ UNFPA ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ ស្ដី​ពី សិទ្ធិ​នៃ​ការ​ជ្រើស​រើស​លើ​បញ្ហា​សុខភាព​បន្ត​ពូជ និង​បម្រែ​បម្រួល​ប្រជាសាស្រ្ត​។ សម្រាប់​ប្រទេស​កម្ពុជា មន្ត្រី​UNFPA គូស​បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​នេះ ទំនោរ​យក​កូន​របស់​ស្ដ្រី​ខ្មែរ បាន​ប្រែប្រួល​បើ​ធៀប​នឹង​ទសវត្ស​ឆ្នាំ​១៩៨០​។ ទសវត្ស​ឆ្នាំ​១៩៨០ ដែល​ស្ត្រី​ខ្មែរ​ម្នាក់​លទ្ធភាព​បង្ក​កំណើត​កូន​ខ្ពស់​យ៉ាង​ហោច​ណាស់​៦​នាក់ តែ​ឥឡូវ​ធ្លាក់​មក​នៅ​ត្រឹម​២​នាក់​។ 

UNFPA Cambodia
UNFPA Cambodia @FB/ UNFPA Cambodia
ផ្សាយពាណិជ្ជកម្ម

លោក យី សុខថា មន្ត្រី​កម្មវិធី​ទទួល​បន្ទុក​ប្រជាជន​និង​ការ​អភិវឌ្ឍ របស់ UNFPA ឲ្យ​ដឹង​ថា ចន្លោះ​ទសវត្ស​ឆ្នាំ​១៩៨០ ក្រោយ​សម័យ​ប៉ុលពត លទ្ធភាព​នៃ​ការ​យក​កូន​របស់​ស្រី្ត​ខ្ពស់​មែន​ពិត តែ​អត្រា​នៃ​ការ​ស្លាប់​ក៏​ខ្ពស់​ដែរ ដោយ​សារ​តែ​សេវា​សុខាភិបាល​នៅ​ពេល​នោះ​មិន​ទាន់​មាន​លក្ខណៈ​ទំនើប​គ្រប់​គ្រាន់​។ តែ​ក្រោយ​មក​ទៀត អត្រា​ដែល​ស្ត្រី​យក​កូន​ច្រើន​នៅ​ខ្ពស់ ក៏​ប៉ុន្តែ​អត្រា​នៃ​ការ​ស្លាប់​របស់​កូន​មាន​ការ​ថយ​ចុះ​។ ហើយ​ចំនួន​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ចាប់​ផ្ដើម​កើន​ឡើង​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​មក​ដល់​បច្ចុប្បន្ន​នេះ ស្ត្រី​មាន​ទំនោរ​យក​កូន​តិច​ត្រឹម​តែ​២នាក់​ប៉ុណ្ណោះ​។ ក្នុង​នោះ​កត្តា​សេដ្ឋកិច្ច​ជា​រឿង​អាទិភាព សម្រាប់​ស្ត្រី​ដែល​សម្រេច​ចិត្ត​យក​កូន​តិច​។ ការ​យក​កូន​តិច ក៏​បាន​អនុញ្ញាត​ឲ្យ​ស្ត្រី​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង ក៏​ដូច​ជា​បាន​រួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​បាន​ច្រើន​។ ម្យ៉ាង​ទៀត​ក៏​ដោយ​សារ​តែ​ភាព​សម្បូរ​បែប​នៃ​មធ្យោបាយ​ពន្យារ​កំណើត​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អត្រា​នៃ​ការ​មាន​កូន​ធ្លាក់​ចុះ​។ នេះ​បើ​តាម លោក យី សុខ​ថា​។ មន្ត្រី​រូប​នេះ​ឲ្យ​ដឹង​បន្ថែម​ថា អត្រា​នៃ​ការ​យក​កូន​តិច នឹង​បន្ត​ធ្លាក់​ចុះ​នា​ពេល​អនាគត និយាយ​ជា​រួម​សម្រាប់​ពិភពលោក និង​និយាយ​ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា​។

លោក ប៉ូច ប៊ុនណាក់ រដ្ឋ​លេខាធិការ​ក្រសួង​ផែន​ការ លើក​ឡើង​ថា អត្រា​នៃ​ការ​យក​កូន​តិច​មិន​មែន​ជា​រឿង​អាក្រក់​ទេ សម្រាប់​ប្រទេស​កម្ពុជា​។ មិន​អាក្រក់​ព្រោះ​ថា គោល​នយោ​បាយ​រដ្ឋាភិបាល​ស្ដី​ពី​សិទ្ធិ​បន្ត​ពូជ ផ្ដល់​សិទ្ធិ​ពេញ​លេញ​ដល់​ស្ត្រី​កំណត់​ចំនួន​កូន​។ ម្យ៉ាង ការ​យក​កូន​តិច​បាន​ក្លាយ​ជា​និន្នាការ​ថ្មី​របស់​ពិភពលោក​ផង មុន​នឹង​ឆ្លង​មក​ដល់​កម្ពុជា​។ នេះ​ដោយ​សារ​តែ​ភាព​វៃ​ឆ្លាត​របស់​គ្រួសារ​នីមួយៗ ដែល​យល់​ដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​កំណត់​ចំនួន​កូន​។ នេះ​បើ​តាម រដ្ឋ​លេខាធិការ​ក្រសួង​ផែន​ការ​។

បើ​ទោះ​បី​ជា​រដ្ឋាភិបាល​មិន​សូវ​ជា​ព្រួយ​បារម្ភ​ចំពោះ​និន្នាការ​យក​កូន​តិច​បែប​នេះ​ក៏​ដោយ តែ UNFPA បាន​រំឭក​រដ្ឋាភិបាល ឲ្យ​តាម​ដាន​ឲ្យ​បាន​ទៀង​ទាត់​នូវ​គោល​នយោបាយ​របស់​ខ្លួន ពាក់​ព័ន្ធ​នឹង​អត្រា​កំណើត​នេះ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ រវាង​អត្រា​កំណើត និង​អត្រា​មនុស្ស​ចាស់ គឺ​កំណើន​មនុស្ស​ចាស់​ជា​អ្វី​ដែល​រដ្ឋា​ភិបាល​ព្រួយ​បារម្ភ​ខ្លាំង​ជាង​។ នេះ​បើ​តាម​ក្រសួង​ផែន​ការ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ