ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
កម្ពុជា

លោក ហ៊ុន សែន ចេញ​មុខ​សង្គ្រោះ​ឆ្នេរ​ព្រែក​ត្រែង ឲ្យ​វិល​ទៅ​រក​ស្ថាន​ភាព​ដើម​វិញ​

media  
សកម្មភាពនៅឆ្នេរព្រែកត្រែង @សហការី

លោក ជា សុផារ៉ា រដ្ឋ​មន្រ្តី​ក្រសួង​ដែន​ដី នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ សកម្មភាព ​ចាក់​ដី​រំលោភ​ចូល​ឆ្នេរ​សមុទ្រ នៅ​ចំណុច​ឆ្នេរ​ព្រែក​ត្រែង​។ ដំណើរ​ចុះ​ទៅ​របស់​លោក ជា សុផារ៉ា ធ្វើ​ឡើង តាម​បទ​បញ្ជា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ។ លោក នាយក​រដ្ឋ​មន្ត្រី ក៏​បាន​បញ្ជា​ឲ្យ​កាយ​យក​ដី​ដែល​ចាក់​បំពេញ​ចេញ និង​រក្សា​ឆ្នេរ​ធម្មជាតិ ព្រែក​ត្រែង​ឲ្យ​ដូច​ដើម​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែន​ដី​។ 

នៅ​ទី​បំផុត​ឆ្នេរ​ព្រែក​ត្រែង ក្នុង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ប្រមុខ​រដ្ឋា​ភិបាល លោក ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​នេះ​។ ការ​រំដោះ​ឆ្នេរ​ព្រែក​ត្រែង ធ្វើ​ឡើង​តាម​រយៈ​ការ​បញ្ជា​ឲ្យ​កាយ​ដី​ចេញ ដែល​ពី​មុន​មក មាន​ការ​ចាក់​បំពេញ​ក្រោម​លេស​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​ឯក​ជន​។ បន្ថែម​ពី​លើ​បទ​បញ្ជា​ឲ្យ​កាយ​ដី ដែល​ចាក់​បំពេញ​ក្នុង​សមុទ្រ​ចេញ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​អភិរក្ស និង​រក្សា​ឆ្នេរ ធម្មជាតិ​ព្រែក​ត្រែង​ឲ្យ​ដូច​ដើម​។ ទន្ទឹម​នឹង​នេះ ក្រសួង​ដែន​ដី ក៏​បាន​អំពាវ​នាវ​ដល់​ម្ចាស់​ដី នៅ​តាម​ឆ្នេរ​សមុទ្រ​ចៀស​វាង នូវ​សកម្មភាព​ចាក់​ដី រំលោភ​ចូល​ឆ្នេរ​សមុទ្រ​ដូច ករណី​ឆ្នេរ​ព្រែក​ត្រែង​នេះ​។

សូម​បញ្ជាក់​ថា អន្តរាគមន៍​ពី​សំណាក់​ប្រមុខ​រដ្ឋា​ភិបាល​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​បី រួម​មាន ក្រសួង​ដែន​ដី ក្រសួង​ទេសចរណ៍ និង​ក្រសួង​បរិស្ថាន ពួត​ដៃ​គ្នា​ដោះ​ស្រាយ​បញ្ហា​ឆ្នេរ​ព្រែក​ត្រែង នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ដែល​ការ​អភិវឌ្ឍ​ត្រង់​ចំណុច​នេះ នាំ​ឲ្យ​មាន​ការ​រិះ​គន់​ខ្លាំង​មែន​ទែន​ពី​សាធារណៈជន​។ ការ​រិះ​គន់​របស់​សាធារណៈ​ជន ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថាន​ភាព​ទឹក​សមុទ្រ​ប្រែ​ពី​ពណ៌​ខៀវ ទៅ​ជា​ល្អក់​ពណ៌​ដី​។ ឆ្នេរ​ធម្មជាតិ​ព្រែក​ត្រែង ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​ឆ្នេរ​មួយ​ដ៏​ស្រស់​ស្អាត ស្ថិត​ក្នុង​ចំណោម​ឆ្នេរ​ធម្មជាតិ ឯ​ទៀត​នៅ​ខេត្ត​ព្រះ​សីហនុ​។

ជា​ការ​កត់​សម្គាល់ មុន​កើត​មាន​អន្តរាគមន៍​ដោះ​ស្រាយ​លើ​បញ្ហា​ឆ្នេរ​ព្រែក​ត្រែង​នេះ ក្ដី​ព្រួយ​បារម្ភ​ផ្សេង​ទៀត ក៏​កើត​ឡើង​ទន្ទឹម​គ្នា​ដែរ គឺ​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ធ្វើ​ការ​ផ្នែក​ទេសចរណ៍ បារម្ភ​ពី​ឆ្នេរ​សមុទ្រ​កម្ពុជា ប្រឈម​នឹង​ការ​ដក​បេក្ខភាព​ចេញ​ពី​បញ្ជី​ឆ្នេរ​សមុទ្រ​ស្អាត​ជាង​គេ​ក្នុង​ពិភពលោក ដែល​ចំណាត់​ថ្នាក់​នេះ កម្ពុជា​ទទួល​បាន​កាល​ពី​ឆ្នាំ​២០១១។ ផ្អែក​តាម​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ឆ្នេរ ដែល​ចេញ​ដោយ​រដ្ឋា​ភិបាល រាល់​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​ឆ្នេរ ត្រូវ​មាន​ចម្ងាយ​យ៉ាង​ហោច​ណាស់​១០០​ម៉ែត្រ ពី​ឆ្នេរ​ឬ​ឆ្ងាយ​ជាង​នេះ​។

បើ​តាម​ការ​អះ​អាង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​នា​ពេល​កន្លង​មក ឆ្នេរ​ព្រែក​ត្រែង ក៏​ស្ថិត​នៅ​ក្នុង​គម្រោង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ដោយ​មាន​ការ​រៀប​ចំ​ធ្វើ​ផ្លូវ​នៅ​តាម​តំបន់​ឆ្នេរ​បន្ថែម​ទៀត ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ដ ពី​សំណាក់​ភ្ញៀវ​ទេសចរ​។ ក្នុង​ឆ្នាំ​២០១៧ តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ ៧៤​ម៉ឺន​នាក់​កើន ១៥ ភាគ​រយ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ