អានតួអត្ថបទ
កម្ពុជា

មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​រំលឹក​ពី​ព្រឹត្តិការណ៍​រំលាយ​គណបក្ស​របស់​ខ្លួន​រយៈពេល​១​ឆ្នាំ

នៅ​ថ្ងៃ​សុក្រ​ទី​១៦​ខែ​វិច្ឆិកា​នេះ ​គឺ​គម្រប់​​ខួប​១​ឆ្នាំ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ នៅ​ក្នុង​ឱកាស​គម្រប់​ខួប​មួយ​ឆ្នាំ​នេះ ​អតីត​មន្ត្រី ​គណបក្ស​សង្គ្រោះ​ជាតិ ​មួយ​ចំនួន ​បាន​បង្ហាញ​នូវ​អារម្មណ៍​នឹក​ឃើញ​ហេតុការណ៍ ​ដែល​បាន​កើត​ឡើង​កន្លង​មក ​ដោយ​មាន​ការ​លើក​ឡើង នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ជា​ប​ន្ត​បន្ទាប់​ពី​ទស្សនៈ ​និង​ឧ​ត្ត​ម​គតិ​របស់​ពួក​គេ​ថា​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​តែ​មាន​ជានិច្ច​។

តុលាការកំពូលសម្រេចរំលាយគណបក្សសង្រ្គោះជាតិកាលពី១ឆ្នាំមុន
តុលាការកំពូលសម្រេចរំលាយគណបក្សសង្រ្គោះជាតិកាលពី១ឆ្នាំមុន REUTERS
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ​លោក ​អេង ឆៃអ៊ាង ​អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​សរសេរ​ថា ​ថ្ងៃ​ទី​១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​នេះ ​ជា​ខួប​មួយ​ឆ្នាំ ​ដែល​តុលាការ​លោក ​ហ៊ុន សែន ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ​របប​លោក ហ៊ុន សែន ​បាន​សម្លាប់​តែ​រាង​កាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ​តែ​ព្រលឹង​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​រស់រាន​ជានិច្ច ​ក្នុង​ឧ​ត្ត​ម​គតិ​កូន​ខ្មែរ​ជាង​គ​ន្លះ​នគរ ​រង់​ចាំ​តែ​ឱកាស​មក​ដល់​ប៉ុណ្ណោះ​។​ នេះ​បើ​តាម​លោក​ អេង ឆៃអ៊ាង​។

ជាមួយ​គ្នា​នេះ ​លោក ​មុត ចន្ថា ​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ទៀត ​ដែល​ស្និទ្ធ​នឹង​លោក ​កឹម សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ប្រមាណ​ជា​មួយ​ទំព័រ​ដែរ ​នៅ​ក្នុង​ឱកាស​ខួប​១​ឆ្នាំ ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​។

លោក ​មុត ចន្ថា ​បាន​សរសេរ​ថា ​មូលហេតុ​ធំ​តែ​មួយ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​គឺ​គណបក្ស​នេះ​ ត្រូវ​បាន​គេ​ដឹង​យ៉ាងច្បាស់​ថា នឹង​ទទួល​ជ័យ​ជំនះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ​នា​ខែ​កក្កដា ​ឆ្នាំ​២០១៨ ​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន ​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​។ ​ក្រៅ​ពី​នេះ ​លោក ​មុត ចន្ថា ​ក៏​បាន​លើក​ឡើង​ដែរ​ថា ​ការ​រំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ​គឺ​បាន​ត្រឹម​តែ​ឈ្មោះ​ប៉ុណ្ណោះ ​តែ​មិន​អាច​រំលាយ​ព្រលឹង ​ឧ​ត្ត​ម​គតិ ​និង​ឆន្ទៈ​បាន​ឡើយ​។

សូម​បញ្ជាក់​ថា ​កាល​ពី​១​ឆ្នាំ​មុន ​តុលាការ​កំពូល​បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្យួរ​សិទ្ធិ​នយោបាយ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​ចំនួន ​១១៨​នាក់ ​ក្នុង​ម្នាក់​ៗ​ចំនួន​៥​ឆ្នាំ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ​ដោយ​ចោទ​ថា ​គណបក្ស​ប្រឆាំង​មួយ​នេះ ​បាន​ឃុបឃិត​ជាមួយ​បរទេស​ តាមរយៈ​រូបភាព​នៃ​ការ​ធ្វើ​បដិវត្ត​ពណ៌ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។

នៅ​ក្នុង​បទ​ចោទ ​រហូត​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ស្រុង ​គណបក្ស​នេះ ​បានសម្រេច​ថា​មិន​ដាក់​ឯកសារ ​មិន​ចូលរួម ​ឬ​មិន​ចាត់​តំណាង​ឲ្យ​ចូលរួម​សវនាការ ​ជា​ហេតុ​ធ្វើ​ឲ្យ​តុលាការ​សន្និដ្ឋាន​ថា ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​យល់​ស្រប​ជាមួយ​អង្គ​ហេតុ ​និង​ថា ​ការ​ស្ងៀមស្ងាត់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ​តុលាការ​ចាត់​ទុក​ថា ​គណបក្ស​នេះ​បាន​សារភាព​ទទួល​ស្គាល់​រាល់​ការ​អះអាង​របស់​ក្រសួង​មហាផ្ទៃ​។ ​ក៏​ប៉ុន្តែ​មន្ត្រី ​គណបក្ស​ប្រឆាំង ​បរទេស​និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ តុលាការ​កំពូល​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ