អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន ​គ្រោង​ស្នើ​លើក​លែង​ទោស​សកម្មជន​អតីត​បក្ស​ប្រឆាំង​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ពី​ក្នុង​វេទិកា​សំណេះសំណាល​ជាមួយ​ក្រុម​កម្មករ​នៅក្នុង​ខេត្ត​កណ្តាល​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ស្នើ​សុំ​លើក​លែង​ទោស​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ឆ្នាំ​នេះ​។ ក្នុង​នោះ លោក​ក៏​ចង់​ស្នើ​ឲ្យ​ដោះលែង​មនុស្ស​១២​នាក់ ​ដែល​ទំនង​លោក​ចង់​សំដៅ​ទៅលើ​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​។ ​ប៉ុន្តែ​លោក​មាន​លក្ខខណ្ឌ​មួយ ​គឺ​មិន​ឲ្យ​អ្នកណា​និយាយថា​ ការ​ស្នើ​នេះ ​ធ្វើ​ឡើង​ដោយសារ​តែ​ការ​គាប​សង្កត់​ពី​សហគមន៍​អន្តរជាតិ​ឡើយ​។

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

ចំពោះ​គម្រោង​ស្នើ​លើក​លែង​ទោស​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ដាក់​លក្ខខណ្ឌ​មួយ​ទៅកាន់​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ទាំងអស់ ​គឺ​កុំ​និយាយ​ថា ​គម្រោង​ស្នើ​លើកលែង​ទោស​នេះ​កើត​ចេញ​ពី​ការ​គាប​សង្កត់​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​សោះ​។ ​លោក​អះអាង​ថា ​លោក​ស្អប់​ពាក្យ​នេះ​ខ្លាំង​ណាស់ ​ហើយ​ថែមទាំង​ព្រមាន ពួកគេ​ទាំងនោះ ​ជា​ពិសេស​លោក​សម រង្ស៊ី ​តែ​ម្តង​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​ទាំងអស់នេះ​មកលើ​រូប​លោក​។

សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ​ប្រសិន​មាន​អ្នក​ណាមួយ​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ថា ​ការ​ស្នើ​លើកលែង​ទោស​របស់​លោក​នេះ ​បណ្តាល​មក​ពី​សំពាធ​ពី​បរទេស​នោះ លោក​នឹង​មិនទាន់​ធ្វើការ​ស្នើ​នោះ​ទេ ពោល​គឺ​លោក​នឹង​ទុកពេល​ឲ្យ​អ្នក​កំពុង​ជាប់ឃុំ​ទាំង​១២​នាក់ ធ្វើ​លិខិត​ថ្កោលទោស​ដល់​អ្នក​ហ៊ាន​និយាយ​បែប​នេះ​ជាមុនសិន ទើប​លោក​ព្រម​ស្នើ​លើក​លែងទោស​ដល់​ពួកគេ​។

ការ​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ស្នើ​លើកលែង​ទោស​ដល់​មនុស្ស​១២​នាក់ ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​នេះ ​ត្រូវ​គេ​មើល​ឃើញ​ថា ​ធ្វើ​ឡើង​ក្រោយ​ពី​លោក​បាន​ជួប​ផ្ទាល់​ជាមួយ​លោក​Mark Field ​ រដ្ឋលេខាធិការ ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរទេស​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ​។ ​នៅ​ថ្ងៃ​ពុធ​ដដែល​នោះ លោក ​Mark Field ក៏​បង្ហាញ​ក្តី​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ដោះលែង​អ្នក​នយោបាយ​របស់​អតីត​បក្ស​ប្រឆាំង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ​ដូច​ការ​ដោះលែង​អតីត​អ្នក​កាសែត​២​នាក់ និង​សកម្មជន​ដីធ្លី​។

ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​គូស​បញ្ជាក់​ម្តង​ជា​ពីរ​ដង​ថា គម្រោង​ស្នើ​លើកលែង​ទោស​នេះ ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សហគមន៍​អន្តរជាតិ​ណា​មួយ​ឡើយ​។ ផ្ទុយ​ទៅ​វិញ ​វា​គឺ​ជា​បំណង​ដែល​កើត​ចេញពី​ចិត្តធម៌​របស់​លោក ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ​ដើម្បី​ឲ្យ​ពួកគេ​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ឡើង​វិញ​។ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អះអាង​ឲ្យ​ដឹង​ដែរ​ថា មនុស្ស​ទាំង​១២​នាក់​នោះ គឺ​បាន​សរសេរ​លិខិត​សុំទោស​រូបលោក​រួចរាល់​ហើយ​។

បើទោះបី​លោក​នាយក​រដ្ឋមន្ត្រី​មិនបាន​បញ្ចេញ​ឈ្មោះ​មនុស្ស​ទាំង​១២​នាក់​នោះ តែ​ច្បាស់​ណាស់ ​គឺ​លោក​ទំនង​ចង់​សំដៅ​ទៅលើ​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​។ សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ទាំងនេះ ​ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគា​រ​ចន្លោះ​ពី​៧​ឆ្នាំ​ទៅ ​២០​ឆ្នាំ ​ក្រោម​ការ​ចោទប្រកាន់​ពីបទ​ចូលរួម ​និង​ដឹកនាំ​កុប្បកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ ​ដែល​បាន​ធ្វើ​ឡើង​កាល​ថ្ងៃ​ទី ​១៥ ​ខែ​កក្កដា ​ឆ្នាំ២០១៤​កន្លង​ទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ