អានតួអត្ថបទ
កម្ពុជា

នាយក​រដ្ឋ​ម​ន្ត្រីៈ​ អាស៊ាន​នឹង​មិន​គ្រប់ទឹក​បើ​មិន​អញ្ជើញ​ហ៊ុន សែន

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នៅក្នុង​ពិធី​កាត់​ឫស​សីមា​ព្រះ​វិហារ ​នៅ​ក្នុង​វត្ត​ជ័យ​មង្គល ​ស្ថិតនៅ ​ក្នុង​ខេត្ត​កំពង់ចាម ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​បញ្ជាក់​ពី​ការ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​​-​​អូស្ត្រាលី​ ដោយ​ប្រាប់​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ទទួល​​ខុស​​ត្រូវ​​លើ​វត្តមាន​​របស់​​លោក​​។ ការ​​​បញ្ជាក់​របស់​​លោក​​ហ៊ុន សែន ​នៅ​ពេល​នេះ ​ធ្វើ​​ឡើង​​បន្ទាប់​ពី​មាន​ការ​មន្ទិល​ពី​វត្តមាន​របស់លោក​នៅលើ​ទឹកដី​អូស្ត្រាលី ​និង​ការ​ជះឥទ្ធិពល​ដល់​​កិច្ច​ប្រជុំ ​ដែល​ពុំ​អាច​ចេញ​សេចក្តី​ថ្លែង​ការ​រួច​ដោយសារ​កូរ៉ុម​សមាជិក​អាស៊ាន​មិន​គ្រប់គ្រាន់​។

លោក​ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំអាស៊ានកន្លងមក
លោក​ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំអាស៊ានកន្លងមក rfi
ផ្សាយពាណិជ្ជកម្ម

ជាថ្មី​ម្តង​ទៀត​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បញ្ជាក់​ថា​វត្តមាន​របស់​លោក​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ​ពិតជា​ចាំបាច់ ​ដោយសារ​អាស៊ាន​ មាន​តែ​៩​ប្រទេស ​គឺ​មិនអាច​ហៅថា​អាស៊ាន​បាន​ទេ ​ហើយ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ណា​មួយ​ក៏​មិនអាច​ទៅរួច​ដែរ​ ប្រសិនបើ​កម្ពុជា​ជំទាស់​។

ឆ្លើយ​តប​ទៅនឹង​ ការ​លើកឡើង​ថា​មាន​សំណើរ​កុំ​ឲ្យ​អញ្ជើញ​លោក​ហ៊ុន សែន ​ទៅ​ចូលរួម​ប្រជុំ​នៅ​អូស្ត្រាលី ​លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ​អាស៊ាន​នឹង​ក្លាយ​ទៅ​ជា​អាស៊ាន​មិន​គ្រប់ទឹក​។ ចំណុច​នេះ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​ពន្យល់​ថា ​អាស៊ាន​មិន​គ្រប់​ទឹក​ខុស​ពី​រដ្ឋសភា​ ដោយ​សភា​មាន​សម្លេង​ភាគច្រើន​និង​សម្លេង​ភាគតិច ​តែ​អាស៊ាន​អត់​មាន​សម្លេង​ភាគ​ច្រើន​និង​សម្លេង​ភាគ​តិច​ទេ ​គឺ​អាស៊ាន​ធ្វើការ​តាម​ឯក​ច្ឆ័​ន្ទ​ មានន័យ​ថា​ទាល់តែ​អាស៊ាន​ទាំង​១០​ត្រូវ​គ្នា​ទើប​ចេញ​សេចក្តី​ថ្លែងការណ៍​ណា​មួយ​បាន​។

ជាមួយ​គ្នា​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បង្ហើប​ថា​មុន​អូស្ត្រាលី​អញ្ជើញ​លោក ​គេ​បាន​មក​បញ្ចុះបញ្ចូល​កម្ពុ​ជា​សុំ​ការ​គាំទ្រ​កិច្ច​ប្រជុំ​នៅ​លើ​ទឹកដី​អូស្ត្រាលី ​ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​រវាង​អូស្ត្រាលី​-​កម្ពុជា​។ ​លោក​ថា ​អូស្ត្រាលី​គួរតែ​អរគុណ​លោក ​ដែល​លោក​គាំទ្រ​ដល់​កិច្ច​ប្រជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​នៅ​លើ​ដែន​ដី​អូស្ត្រាលី ​ព្រមទាំង​ផ្តាំ​ទៅ​អ្នក​ប្រឆាំង​នៅ​អូស្ត្រាលី​ឲ្យ​រៀនសូត្រ​ពី​អាស៊ាន​ឲ្យ​បាន​ច្បាស់​។

សូម​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ​នៅ​ទីក្រុង​ស៊ីដនី​ ប្រទេស​អូស្ត្រាលី​នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៧ ​ដល់​១៨​ខែ​មីនា ​ឆ្នាំ​២០១៨ ​ខាងមុខ​។ ​កាលពី​សប្តាហ៍​មុន ​បន្ទាប់​ពី​ធ្វើ​ពិធី​ស្វាគមន៍​អ្នកស្រី​ប៊ូ រចនា ​ភរិយា​លោក​កែម ឡី ​និង​កូន​ៗ ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ​បាន​នាំគ្នា​ដុត​រូប​ទីងមោង ​ដែល​បិទ​រូបថត​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។ ​ក៏​ប៉ុន្តែ​ការ​ដុត​នេះ​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី​ឆ្លើយតប​ថា​មិនមាន​ប្រសិទ្ធភាព​ទេ​ បារមី​របស់លោក​នៅ​លើ​នាគរាជ ទាល់​តែ​ដុត​រូប​នាគ​ឲ្យ​អស់ពី​វិហារ​ទើប​លោក​ស្លាប់​។
ទោះ​យ៉ាងណា ​ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី ​នៅតែ​អះអាង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ពួកគេ​នឹង​ត្រៀម​ ធ្វើ​បាតុកម្ម​ដោយ​ដុត​ទីងមោង​រូប​លោក​នាយក​រដ្ឋមន្ត្រី​បន្ថែម​ទៀត ​ខណៈដែល​មេដឹកនាំ​ខ្មែរ​រូបនេះ ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​ នៅ​ថ្ងៃ​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ