ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

លោក​​ហ៊ុន សែន​ ឆ្លៀត​រំលេច​ពី​កម្ពុជា ​ពេល​លើកពី​ការ​រីក​ចម្រើន​ឆាប់​រហ័ស​លើ​វិស័យ​សេដ្ឋកិច្ច​និង​សង្គម​​ក្នុង​តំបន់​អាស៊ាន

media  
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបកំពូលថ្នាក់ដឹកនាំអាស៊ាននៅឥណ្ឌូនេស៊ី ឆ្នាំ២០១៨ fbCPM

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ឲ្យ​ដឹងថា ​អាស៊ាន​គឺ​ជា​តំបន់​មួយ ​ដែល​មាន​ការ​រីកចំរើន​យ៉ាង​ឆាប់រហ័ស​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។ ​ការ​លើកឡើង​របស់​លោក ​ហ៊ុន សែន ​ដូច្នេះ ​គឺ​ខណៈ​ពេល​ដែល​លោក​ចូលរួម​ជំនួប​កំពូល​ថ្នាក់​ដឹកនាំ​អាស៊ាន​កាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ ​នៅ​កោះ​បាលី ​ប្រទេស​ឥណ្ឌូនេស៊ី​។ ​កិច្ច​ប្រជុំ​នេះ ​ក៏មាន​ការ​ចូលរួម​ពី​សំណាក់ ​មូលនិធិ​រូបិយវត្ថុ​អន្តជាតិ​ (​IMF​)​ និង​ធនាគារ​ពិភពលោក ​​(World Bank​)​ ផង​ដែរ​។

ក្រោម​ប្រធាន​បទ​«​ការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ​និង​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​ តាម​រយៈ​សកម្មភាព​ស​ហ​ប្រតិបត្តិការ​តំបន់ ​និង​សកល​»​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ថ្លែង​ថា ​សហគមន៍​ប្រជាជាតិ​នៃ​បណ្តា​ប្រទេស​អាស៊ី​ភាគ​អាគ្នេយ៍ ​ហៅ​កាត់​ថា​អាស៊ាន ​មាន​សេដ្ឋកិច្ច​ធំ​ទី​៦​លើ​ពិភពលោក ​ជាមួយ​នឹង​ប្រជាជន​ប្រមាណ​ជា ​៦៤០​លាន​នាក់ និង​ជា​កម្លាំង​ដ៏​សំខាន់​មួយ​សម្រាប់​ពាណិជ្ជកម្ម ​និង​កំណើន​ពិភពលោក​។

នៅ​ចំពោះ​មុខ​មេ​ដឹកនាំ​អាស៊ាន ​តំណាង​ IMF​ និង​ World Bank ​លោក ​ហ៊ុន សែន ​បាន​លើកឡើង​ទៀត​ថា ​ទស្សនៈ​វិស័យ​អនាគត​អាស៊ាន​មាន​ភាព​ល្អ​ប្រសើរ ​ដោយ​អាស៊ាន​ បាន​កំណត់​ថា​នឹង​សម្រេច​ឲ្យ​បាន​កំណើន​លើស​ពី​៥​% ​ក្នុង​ឆ្នាំ​នេះ ​នឹង​លើស​ពី​៥​% ​នៅ​ឆ្នាំ​ក្រោយ និង​ក្នុង​រយៈពេល​មធ្យ​មខាង​មុខ​។ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ​ក៏​បាន​បង្ហាញ​ដែរ​ថា ​មាន​ប្រទេស​មួយចំនួន​សម្រេច​បាន​នូវ​កំណើន​ខ្ពស់​លើស​កំរិត​មធ្យម ​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ​ដែល​កំពុង​មាន​កំណើន​លើស​ពី​៧​%​ ក្នុង​មួយ​ឆ្នាំ​។

ជាមួយ​គ្នា​នេះ ​តាម​លោក ​ហ៊ុន សែន ​អាស៊ាន​ក៏​ប្រឈម​នឹង​បញ្ហា​ជាក់ស្ដែង​របស់​ខ្លួន​មួយចំនួន​ផង​ដែរ​ ដូចជា​កំណើន​នៃ​ភាព​ចាស់​ជរា ​និង​ការ​ថយចុះ​កម្លាំង​ពលកម្ម ​គម្លាត​ជំនាញ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ​4​.​0 ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​សមាជិក ​និង​ការ​បែងចែក​ផ្លែផ្កា​កំណើន​ប្រកប​ដោយ​សមធម៌ ​ព្រម​ទាំង​បញ្ហា​និរន្ត​ភាព​នៃ​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​។

ក្នុង​បរិការណ៍​នេះ ​អាស៊ាន​ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​ដៃគូ​ដែល​មាន​ស្រាប់​ ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ ​និង​បន្ត​ធ្វើ​សមាហរណកម្ម​លើ​ការ​តភ្ជាប់​លើ​គ្រប់​វិស័យ ​ដើម្បី​ពង្រឹង​ភាព​ធន់​របស់​អាស៊ាន​ទៅ​នឹង​ការ​វិវត្តន៍​ស្ថានភាព​នយោបាយ​សេដ្ឋកិច្ច ​និង​សង្គម ​ដែ​ល​ទាមទារ​នូវ​ការ​ធានា​ឱ្យ​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​គាំពារ​កំណើន​ប្រកប​ដោយ​បរិ​យា​ប័ន្ន​។ នេះ​បើ​តាម​លោក ​ហ៊ុន សែន​។

ក្រៅ​ពី​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ក៏​បាន​លើក​ឡើង​ពី​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ស្ថិរភាព​ម៉ាក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ ​មក​ត្រឹម​១០​% ​គម្លាត​ចំណូល​ក្នុងចំណោម​ប្រជាជន​ត្រូវ​បាន​រក្សា​ក្នុង​កម្រិត​ទាប ​និង​ការ​សម្រេច​បាន​មុន​កាល​កំណត់​នូវ​គោលដៅ​សូចនាករ​ផ្នែក​សង្គម​សំខាន់​ៗ​ទាំង​ក្នុង​វិស័យ​អប់រំ​ និង​សុខាភិបាល​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ