អានតួអត្ថបទ
កម្ពុជា

កម្ពុជា​រំលឹក​ពី​ការ​ឈ្លានពាន​របស់​ថៃ​មក​លើ​ប្រាសាទ​ព្រះវិហារ​នៅ​ខួប​២​ឆ្នាំ​នៃ​បណ្តឹង​បក​ស្រាយ​សាល​ក្រម​

នៅ​ថ្ងៃ​ទី​១០​ខែ​វិច្ឆិកា​នេះ​ គឺ​ខួប​ពីរ​ឆ្នាំ​គត់ ​នៃ​ថ្ងៃ​ជ័យ​ជំនះ​របស់​កម្ពុជា​ ក្នុ​ងបណ្តឹង​សុំ​ឲ្យ​តុលាការ​​យុត្តិធម៌​អន្តរជាតិ​ បក​ស្រាយ​សាល​ក្រម​ឆ្នាំ​១៩៦២ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ ជា​ជ័យ​ជំនះ​ថ្មី​ក្រោយ​ពី​ការ​ឈ្លានពាន​របស់​ភាគី​ថៃ​នៅ​ឆ្នាំ​២០១១។ ​នៅ​ថ្ងៃ​នេះ ​លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ ហោ ណាំហុង បាន​រំលឹក​ឡើង​វិញ ​ពី​ការ​ឈ្លាន​ពាន​របស់​ភាគី​ថៃ ​និង​សាល​ក្រម​ឆ្នាំ​១៩៦២។​

ប្រាសាទព្រះវិហារកម្ពុជា
ប្រាសាទព្រះវិហារកម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ពិធី​នេះ ​នៅ​ឯ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ នៅ​ថ្ងៃ​ទី​១០​វិច្ឆិកា​នេះ ​ដោយ​មាន​ការ​ចូលរួម​ពី​សិស្សានុសិស្ស​និង​និស្សិត​រាប់​រយ​នាក់។ ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង ​បាន​លើក​ឡើង​ ពី​ប្រវត្តិ​ឈ្លាន​ពាន​របស់​ភាគី​ថៃ ​និង​ពី​យុទ្ធសាស្រ្ត​ផ្លូវ​ច្បាប់​នានា ​ដែល​កម្ពុជា​បាន​ធ្វើ​ឡើង​កន្លង​ទៅ ​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ ​ពីការ​រំលោភ​ឈ្នាន​ពាន​របស់​ភាគី​ថៃ។

​បថក​ថា​របស់​លោក​ឧបនាយក​រដ្ឋ​មន្រ្តី ហោ ណាំហុង ​នៅ​ថ្ងៃ​នេះ ​បាន​ធ្វើ​ឡើង​ តាម​ការ​អញ្ជើញ​របស់​សហគមន៍​មិត្ត​ប្រាសាទ​ព្រះវិហារ ​នៅ​មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​បណ្តឹង​បក​ស្រាយ​ស្រាល​ក្រម​ស្តី​ពី​ប្រាសាទ​ព្រះវិហារ​ថ្ងៃ​ទី​១១​ វិច្ឆិកា​ឆ្នាំ​២០១៣-១១​វិច្ឆិកា​ ឆ្នាំ​២០១៥។ ​

បើ​តាម​លោក ហោ ណាំហុង ​កាល​ណោះ ​គឺប​ន្ទាប់ពីការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​បេតិភណ្ឌ​ពិភព​លោក​នៅ​ថ្ងៃ​ទី​៧​កក្កដា​ឆ្នាំ​២០០៨ ​ភាគី​ថៃ​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក​អាប់​ភិស៊ីត ​បាន​បញ្ជូន​កង​ទ័ព​ចូល​មក​ឈ្លាន​ពាន​តំបន់​ព្រះវិហារ​ចំនួន​៣លើ​ក។ ​

លើក​ទី​១​ គឺ​នៅ​ថ្ងៃ​ទី​១៥​ តុលា២០០៨ ​លើក​ទី​២​នៅ​ថ្ងៃ​ទី​០៣ មេសា ឆ្នាំ​២០០៩​ និង​លើក​ទី៣​ នៅ​ថ្ងៃ​ទី​០៤​ ដល់​ថ្ងៃ​ទី​០៧​ កុម្ភះ​ ឆ្នាំ​២០១១។ ​ហើយ​បន្ទាប់​មក​ ភាគី​ថៃ​បាន​ធ្វើ​ការ​វាយ​ប្រហារ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ​ក្នុង​តំបន់​ផ្សេង​ៗ​ទៀត ​ពី​ថ្ងៃ​ទី​២២​មេសា ​ដល់​ថ្ងៃ​ទី​៣០​ឧសភា ឆ្នាំ​២០១១។

​យ៉ាង​ណា​ក៏​ដោយ​ ដើម្បី​បញ្ចប់​ជម្លោះ​យោធា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ និង​តំបន់​ផ្សេង​ៗ​ទៀត​នោះ ​នៅ​ថ្ងៃ​ទី​២៨​មេសា ឆ្នាំ​២០១១​ កម្ពុជា​បាន​ដាក់​ពាក្យ​ប្តឹ​ងទៅ​កាន់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ​ដើម្បី​ស្នើ​សុំ​បក​ស្រាយ​ស្រា​ល​ក្រម​ឆ្នាំ​១៩៦២។ ​សាលក្រម​ថ្ងៃ​ទី​១៥ ​មិថុនា ​ឆ្នាំ​១៩៦២ ​ដែល​បាន​សម្រេច​ថា៖​

ទី១​ ប្រាសាទ​ព្រះវិហារ​ស្ថិ​តនៅ​ក្នុង​ទឹកដី​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា​ និង​ទី២ ភាគី​​ថៃ​​មា​ន​កាតព្វកិច្ច​ត្រូវ​ដក​កង​កម្លាំង​នគរបាល, ​ឆ្មាំ​ ឬ​អ្នក​យាម​ទាំង​អស់​ដែល​ថៃ​បាន​ដាក់​ក្នុង​ប្រាសាទ ​ឬ​ក្នុង​តំបន់​ក្បែរ​ប្រាសាទ​ដែល​ស្ថិ​តនៅ​ក្នុង​ទឹកដី​កម្ពុជា។​

គួររំ​​លឹក​ជូន​ថា ​កម្ពុជា​បាន​ឈ្នះ​ក្តី​លើ​សំណុំរឿ​ងប្រាសាទ​ព្រះវិហារ​ពី​ភាគីថៃ​ ​នៅ​ថ្ងៃ​ទី​១៥ ​មិថុនា ​ឆ្នាំ១៩៦២ ​ហើយ​នៅ​ថ្ងៃ​ទី​៧ ​ខែកក្កដា ឆ្នាំ២០០៨ ​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​នេះ ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ តាម​រយៈ​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​កេបិច​ ប្រទេស​កាណាដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ