អានតួអត្ថបទ
កម្ពុជា

កម្ពុជា​គ្មាន​គម្រោង​បើក​ច្រក​ទ្វារ​ប្រាសាទ​ព្រះ​វិហារ​ពី​ខាង​ទឹក​ដី​ថៃ

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ច្រាន​ចោល​ចំពោះ​ព័ត៌មាន​ ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​ថា កម្ពុជា​កំពុង​ពិចារណា​ក្នុង​ការ​បើក​ច្រកទ្វារ​ប្រាសាទ​ព្រះវិហារ​ពី​ខាង​ទឹក​ដី​ថៃ។ ការ​ចុះ​ផ្សាយ​នេះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិក​ម្ពុជា បន្ទាប់​ពី​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC 11th) លើក​ទី​១១​ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​នៅ​ក្នុង​សប្តាហ៍​នេះ។

ប្រាសាទព្រះវិហារកម្ពុជា
ប្រាសាទព្រះវិហារកម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ការ​ច្រានចោល​បាន​ធ្វើ​ឡើង​នៅ​២៤​ម៉ោង​ក្រោយ​ពី​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​ ថា ភាគី​កម្ពុជា​កំពុង​តែ​ពិចារណា​អនុញ្ញាត​ឲ្យ​ជនជាតិ​ថៃ ចូល​មក​កាន់​ប្រាសាទ​ព្រះវិហារ​មក​ពី​ខាង​ទឹក​ដីថៃ​ដោយ​ផ្ទាល់ ពោល​គឺ​ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ទឹក​ដី​កម្ពុជា​ដូច​សព្វ​ថ្ងៃ​នោះ​ទេ។ កាសែត​ដែល​បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​សំដី​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​កម្ពុជា លោក​ឧបនាយក​រដ្ឋ​មន្រ្តី ទៀ បាញ់ ថា មាន​ការ​ត្រៀម​បើក​ច្រក​ផាម័រ-អ៊ីឌែង នៅ​ខាង​ទឹក​ដី​ថៃ ដើម្បី​ចូល​ទៅ​កាន់​ប្រាសាទ​ព្រះ​វិហារ​នេះ។ នៅ​ក្នុង​ការ​ចុះ​ផ្សាយ​នេះ លោក​រដ្ឋ​មន្រ្តី​បាន​អះអាង​ថា នោះ​គឺ​ជា​វិធាន​ការ​ដើម្បី​ជួយ​ជំរុញ​ឲ្យ​កំណើន​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ។ ប៉ុន្តែ​លោក​នាង​ ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ច្រាន​ចោល​ព័ត៌មាន​នេះ។

បើ​តាម​លោក​នាង ផាត លោក​រដ្ឋ​មន្រ្តី ទៀ បាញ់ បាន​មាន​ប្រសាសន៍​ត្រឹម​តែ​ថា អ្នក​ទេសចរណ៍​ថៃ​អាច​ចូល​មក​ទស្សនា​ប្រាសាទ​ព្រះវិហារ​បាន តាម​រយៈ​ច្រក​ទ្វារ​ផ្សេង​ទៀត​ តួយ៉ាង​ដូច​ជា តាមរយៈ​ច្រក​អាន​សេះ​ក្នុង​ខេត្ត​ព្រះវិហារ​ជា​ដើម។ ប៉ុន្តែ​កម្ពុជា គ្មាន​គម្រោង​សោះឡើយ​ក្នុង​ការ​បើក​ទ្វារ​ប្រាសាទ​ព្រះវិហារ ដែល​បាន​បិទ​ចាប់​តាំង​ពី​មាន​ជម្លោះ​ប្រដាប់​អាវុធ តាំង​ពី​ខែ​កក្កដា​ឆ្នាំ​២០០៨​មក​នោះ​ទេ។

គួរ​ជម្រាប​ជូន​ថា រដ្ឋ​មន្រ្តី​ការពារ​ជាតិ​កម្ពុជា-ថៃ ទើប​តែ​បាន​បិទ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ លើក​ទី​១១ (GBC 11th) ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ទីក្រុង​បាង​កកប្រ​ទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី ២១​ដល់​ថ្ងៃ​ទី​២៤ មីនា​ឆ្នាំ​២០១៦។ កិច្ច​ប្រជុំ​ដែល​បាន​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​លើ​វិស័យ សន្តិសុខ និង​ការ​ថែរក្សា​សន្តិភាព​តាម​តំបន់​ព្រំដែន, បញ្ហា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម, បញ្ហា​ឧក្រិដ្ឋកម្ម​មិន​ប្រពៃ, បញ្ហា​សន្តិសុខ​លម្ហ​សមុទ្រ, បញ្ហា​គ្រោះ​មហន្តរាយ​ធម្មជាតិ, និង​លើ​វិស័យ​ផ្សេង​ៗ​ទៀត។ លោក​ឧបនាយក​រដ្ឋ​មន្រ្តី ទៀ បាញ់ ដែល​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នេះ ទើប​តែ​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៤​មីនា។

គួរ​រម្លឹក​ឡើង​វិញ​ថា ច្រក​ទ្វារ​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​បិទ​តាំង​ពី​ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ​២០០៨​មក​ បន្ទាប់​ពី​ភាគី​ថៃ បាន​បញ្ជូន​យោធា​​ចំនួន​៥០​នាក់​មក​កាន់​វត្ត​កែវសិក្ខាគីរី​ស្វារៈ​ ប៉ុន្មាន​ថ្ងៃ ​បន្ទាប់​ពី​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នៅ​ថ្ងៃ​ទី​​៨​ ខែ​កក្កដា​ ឆ្នាំ​២០០៨។ ​ជម្លោះ​ដែល​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រ​ហូត​ដល់​មាន​ការ​ស្លាប់​ទាហាន​ទាំង​សង​ខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ