អានតួអត្ថបទ
កម្ពុជា

ថ្ងៃ​ទី​១៥​មិថុនា រំលឹក​ពី​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្ដរជាតិ ស្ដី​ពី​ប្រាសាទ​ព្រះ​វិហារ

១៥​មិថុនា​១៩៦២ - ១៥​មិថុនា​២០១៥​។ ថ្ងៃ​ទី​១៥​មិថុនា​នេះ គឺ​ជា​ខួប​ទី​៥៣ ដែល​តុលាការ​យុត្តិធម៌​អន្ដរជាតិ​ ទីក្រុង​ឡាអេ បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​ក្ដី​លើ​ភាគី​ថៃ ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ។ ជម្លោះ​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ​បាន​ចាប់​ផ្ទុះ​ឡើង​ខ្លាំង នៅ​ឆ្នាំ​១៩៥៤ បន្ទាប់​ពី​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​បារាំង ហើយ​ថៃ​បាន​បញ្ជូន​កង​កម្លាំង​ប្រដាប់​អាវុធ ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះវិហារ។ ក្រោយ​ពី​ដំណើរ​ការ​តាម​ផ្លូវ​ទូត​ត្រូវ​ទទួល​បរាជ័យ កម្ពុជា​ក៏​បាន​ងាក​ទៅ​រក​យន្តការ​តុលាការ​វិញ​ម្តង។ កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ នៅថ្ងៃ​ទី៦ ​តុលា ឆ្នាំ​១៩៥៩ ដើម្បី​ស្នើ​សុំ​ឲ្យ​តុលាការ​ប្រគល់​អធិបតេយ្យ​ដែនដី​លើ​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​កម្ពុជា និង​ទាមទារ​ឲ្យ​ថៃ​ដក​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ចេញ​ពី​ប្រាសាទ។

ប្រាសាទ​ព្រះវិហារ​កំពុង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ក្នុងពេល​ភាពតានតឹងផ្នែក​យោធា​រវាង​កម្ពុជា​និង​ថៃ​កំពុង​មាន​កម្រិត​ខ្ពស់
ប្រាសាទ​ព្រះវិហារ​កំពុង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ក្នុងពេល​ភាពតានតឹងផ្នែក​យោធា​រវាង​កម្ពុជា​និង​ថៃ​កំពុង​មាន​កម្រិត​ខ្ពស់ ©AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​លើ​អង្គ​សេចក្ដី​។ កម្ពុជា​និង​ថៃ បាន​លើក​ឡើង​នូវ​ទឡ្ហីករ​រៀង​ៗខ្លួន ដើម្បី​បង្ហាញ​ថា ប្រាសាទ​ព្រះ​វិហារ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន​។ កម្ពុជា​បាន​​លើក​យក​​​ ផែនទីដងរែក (ផែនទី​ឧបសម្ព័ន្ធ​ទី១) ដែល​ជា​ផែនទី​​កើតចេញ​ពី​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ មក​ធ្វើ​ជា​មូលដ្ឋាន​ច្បាប់។ តាមរយៈ​បន្ទាត់​ព្រំដែន នៅ​ក្នុង​ផែនទី​ឧបសម្ព័ន្ធទី១​នេះ បង្ហាញ​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជា។

ចំណែក​ភាគី​ថៃ​ក៏​បាន​លើក​ឡើង​នូវ​ទឡ្ហីករណ៍​មួយចំនួន ដើម្បី​​ច្រានចោល​ខ្សែបន្ទាត់​ព្រំដែន ​​​ក្នុង​ផែនទី​ឧបសម្ព័ន្ធទី១ ដែល​លើក​ឡើង​ដោយ​កម្ពុជា។ ​ថៃ​បាន​លើកហេតុផល​ថា ខ្សែបន្ទាត់​ព្រំដែន​ នៅ​ក្នុង​ផែនទី​នេះ ខុសពី​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤។ យោងតាម​មាត្រា ១ នៃ​សន្ធិសញ្ញា​នេះ សៀម និង​បារាំង បាន​ព្រមព្រៀង​គ្នា​ថា ខ្សែបន្ទាត់​ព្រំដែន នៅ​តំបន់​ដងរែក គឺ​ត្រូវ​យក​តាម ​ខ្សែបែងចែក​ផ្លូវទឹក។ ភាគី​ថៃ​យល់ថា បើ​មើល​ទៅ​លើ​ដីជាក់ស្តែង ខ្សែបែងចែក​ផ្លូវទឹក គឺ​ស្ថិត​នៅ​ខាង​ត្បូង​ប្រាសាទ​ព្រះវិហារ។ ដូច្នេះ ប្រាសាទព្រះ​វិហារ​ត្រូវ​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​សាលក្រម​ឆ្នាំ​១៩៦២ តុលាការ​ក្រុងឡាអេ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ភាគី​ថៃ ដែល​បាន​លើក​ឡើង​ពី​មាត្រា ១ នៃ​សន្ធិសញ្ញា​ ឆ្នាំ​១៩០៤​។ បើ​តាម​តុលការ​ក្រុង​ឡាអេ មាត្រា១ នៃ​សន្ធិសញ្ញា ឆ្នាំ​១៩០៤ បាន​ចែង​កំណត់​យក​​ខ្សែបែងចែក​ផ្លូវទឹក​ធ្វើ​​ជា​ព្រំដែនពិត​មែន ក៏ប៉ុន្តែ នៅ​ក្នុង​មាត្រា ៣ នៃ​សន្ធិសញ្ញា​ដដែលនេះ​ ចែងថា ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​​ពិតប្រាកដ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ចម្រុះ​បារាំង-សៀម។ នៅ​តំបន់​ដងរែក ខ្សែបន្ទាត់​ព្រំដែន​ ​ដែល​កើតចេញ​ពី​ការងារ​របស់​គណៈកម្មការ​ចម្រុះ​បារាំង-សៀម គឺ​មានតែ​មួយ​គត់ គឺ​ខ្សែបន្ទាត់​ព្រំដែន នៅ​ក្នុង​ផែនទី​​ឧបសម្ព័ន្ធទី១ ដែល​កម្ពុជា​បាន​លើក​យក​មក​ធ្វើ​ជា​សំអាង។ ដូច្នេះ គេ​​មិនចាំបាច់​ស្វែងរក​ទីតាំង​ខ្សែបែងចែក​ផ្លូវទឹក​អ្វី​នោះទេ។

តាមរយៈ​ហេតុផល​ទាំងនេះ តុលាការ​បាន​កំណត់​​​ថា នៅ​តំបន់​ប្រាសាទព្រះវិហារ ព្រំដែន​ស្របច្បាប់​រវាង​កម្ពុជា និង​ថៃ គឺ​ខ្សែបន្ទាត់​​ព្រំដែន​ ដែល​មាន​គូស​នៅ​លើ​ផែនទី​ឧបសម្ព័ន្ធ​ទី១។ ដោយ​យោង​ទៅ​លើ​ខ្សែបន្ទាត់​ព្រំដែន​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ​បាន​សម្រេច​សេចក្តី​ថា៖
·        ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី ដែល​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា
·        ថៃ​ត្រូវ​តែ​ដក​កងទ័ព ប៉ូលិស ឬ​ឆ្មាំ​ផ្សេងទៀត ដែល​ឈរជើង​នៅ​ក្នុង​ប្រាសាទ និង​នៅ​​​​​​​​​ជុំវិញ​ប្រាសាទ ក្នុង​ដែនដី​របស់​កម្ពុជា
·        ថៃ​ត្រូវ​ប្រគល់​នូវ​រាល់​​​វត្ថុបុរាណ ដែល​ថៃ​បាន​យក​ចេញ​ពី​ប្រាសាទ​ព្រះវិហារ ឬ​ពី​​តំបន់​ប្រាសាទ​ ក្នុង​​អំឡុង​ពេល​ដែល​ថៃ​កាន់កាប់​ប្រាសាទ ចាប់តាំង​ពី​ឆ្នាំ​១៩៥៤ ​មក​ឲ្យ​កម្ពុជា​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ