អានតួអត្ថបទ
កម្ពជា

​ក្រសួង​បរិស្ថាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ស្ដី​ពី​ការ​ការពារ​តំបន់​ព្រៃ​ជិត​១​លាន​ហិកតា ​នៅចុង​ខែ​មេសា

បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន កាល​ពី​ម្សិលមិញ ប្រកាសអំពី​ការ​ដាក់​តំបន់​ព្រៃ​ជិត​១​លាន​ហិកតា ជា​តំបន់​ការពាររួច​មក នៅ​ថ្ងៃ​សុក្រ​ទី​១​មេសា​នេះ ក្រសួង​បរិស្ថាន​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់មួយ នៅ​ចុង​ខែ​មេសា​នេះ​។ ជា​សិក្ខាសាលា​ដែល​ធ្វើ​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ បាន​ចូល​រួម​និង​ពិនិត្យ​លើ​ឯកសារ​ព្រាង​នានា​ឲ្យ​បាន​​ទូលំទូលាយ​។

ការកាប់​ឈើក្នុង​តំបន់​ព្រៃឡង់​ដែល​ក្រុម​យុវជន និង​ប្រជា​សហគមន៍​ប្រទះ​ឃើញ​ពេល​ចុះ​ល្បាត​កាល​ពី​ពេល​ថ្មី​ៗ ​
ការកាប់​ឈើក្នុង​តំបន់​ព្រៃឡង់​ដែល​ក្រុម​យុវជន និង​ប្រជា​សហគមន៍​ប្រទះ​ឃើញ​ពេល​ចុះ​ល្បាត​កាល​ពី​ពេល​ថ្មី​ៗ ​ @RFI
ផ្សាយពាណិជ្ជកម្ម

សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ ដែល​ក្រសួង​បិរស្ថាន​នឹង​រៀបចំនៅ​ចុង​ខែ​មេសា​នេះ ធ្វើ​ឡើង​ជា​សាធារណៈ ដើម្បី​ស្នើ​សុំ​យោបល់​រៀបចំ​ផែនការ​សម្រាប់​ការពារ​តំបន់​ព្រៃ​ទាំង​អស់​ឲ្យ​មាន​ប្រសិទ្ធិភាព​។ ក្នុង​នោះ លោក សៅ សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា អង្គ​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ នឹង​ត្រូវ​ពិនិត្យ​ពិភាក្សា​ទៅ​លើ​ផែនទី និង​សេចក្ដី​ព្រាង​ឯកសារ​គតិយុត្តិ​នានា ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាក់​តំបន់​ព្រៃ​ជិត​១​លាន​ហិកតា ជា​តំបន់​ការពារ​។ ក្រៅ​ពី​នោះ ក៏​មាន​ផង​ដែរ ការ​ពិភាក្សា​និង​កំណត់​សិទ្ធិ​ក៏​ដូច​ជា​តួនាទី​របស់​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​ការងារ​នេះ ដោយ​រួម​បញ្ចូល​ទាំង​ប្រជា​សហគមន៍​មូលដ្ឋាន និង​ជនជាតិ​ដើម​ភាគ​តិច​ជា​ដើម​។

សូម​ជម្រាប​ជូន​ថា រដ្ឋាភិបាល​កម្ពុជា​ទើប​តែ​បាន​សម្រេច​ជា​គោលការណ៍ ដាក់​ព្រៃ​ផ្ដល់​ផល​ចំនួន​៥​កន្លែង ដែល​មាន​ផ្ទៃ​ដី​សរុប​ជិត​១​លាន​ហិកតា ជា​តំបន់​ព្រៃ​ការពារ​។ តំបន់​ព្រៃ​ផ្ដល់​ផល​ទាំង​៥​កន្លែង​នោះ​រួម​មាន ព្រៃ​ឡង់ ព្រៃ​ច្រក​របៀង​ក្រវ៉ាញ​ខាង​ត្បូង ព្រៃ​ព្រះ​រកា ព្រៃ​សៀមប៉ាង​ខាងលិច និង​ព្រៃ​វ៉ឺនសៃ​។

លោក សេង សុខហេង អ្នក​សម្រប​សម្រួល​លេខាធិការ​ដ្ឋាន​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ចំពោះ​តំបន់​ព្រៃ​ផ្ដល់​ផល​ជិត​១​លាន​ហិកតា​ដូច្នេះ​​។ បើ​ទោះ​បី​ជា​ចំណាត់ការ​នេះ​ហាក់​ដូច​ជា​យឺត​ពេល​បន្តិច ប៉ុន្តែ​លោក សេង សុខហេង ចាត់ទុក​ថា វា​ជា​ជោគជ័យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា ក្នុង​ការ​ការពារ​តំបន់​ព្រៃ ជា​ពិសេស​​ព្រៃ​ឡង់ ដែល​ជា​តំបន់​ព្រៃ​សេស​សល់​ធំ​ជាង​គេ​នៅ​កម្ពុជា​។

អ្នក​សម្រប​សម្រួល​លេខាធិការដ្ឋាន​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​រូប​នេះ សង្ឃឹម​ថា រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​មតិ និង​សេចក្ដី​ត្រូវ​ការ​របស់​ប្រជា​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល នៅ​ពេល​មាន​ការ​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ណាមួយ​នា​ពេល​ខាង​មុខ​។ ជា​មតិ​យោបល់​ដែល​លោក​អះអាង​ថា គ្មាន​បំណង​អ្វី​ផ្សេង ក្រៅ​តែ​ពី​ចង់​ឲ្យ​ការ​ការពារ​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធិភាព​តែ​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ