អានតួអត្ថបទ
កម្ពុជា-សង្គម

​សហគមន៍​ព្រៃ​ឡង់​លើក​សសើរ​សកម្មភាព​ស្តារ​ព្រៃ​ឈើ​ឡើង​វិញ​របស់​រដ្ឋា​ភិបាល​

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នៅថ្ងៃ​ទី១២​ខែសីហា​នេះ បាន​ចេញ​មុខ​លើក​សរសើរ​វិធានការណ៍​ស្តារ​ព្រៃ​ឈើ​ឡើង​វិញ​របស់​រដ្ឋា​ភិបាល​។ បើ​តាម​សហគមន៍​ព្រៃ​ឡង់​ចាប់​តាំង​ពី​រដ្ឋា​ភិបាល​បញ្ចេញ​កម្លាំង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​មក សកម្មភាព​កាប់​និង​ដឹក​ជញ្ជូន​ឈើ​លែង​កើត​មាន​នៅ​ក្នុង​ព្រៃ​ឡង់ ដែល​ក្រប​ដណ្ដប់​ដោយ​ខេត្ត​ចំនួន​៤​រួម​មានៈ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ​។ 

ទីកន្លែងបទល្មើសព្រៃឈើ ក្នុងព្រៃឡង់ (រូបភាពឯកសារ)
ទីកន្លែងបទល្មើសព្រៃឈើ ក្នុងព្រៃឡង់ (រូបភាពឯកសារ) @FB
ផ្សាយពាណិជ្ជកម្ម

គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់​ព័ន្ធ បាន​ធ្វើ​សកម្ម​ភាព​យ៉ាង​ខ្លាំង​ក្លា​រហូត​មាន​ការ​ចាប់​ខ្លួន​មេ​ជួញ​ដូរ​ឈើ​ធំៗ និង​មន្ត្រី​ដែល​ពាក់​ព័ន្ធ​ជា​ច្រើន​នាក់​។ នេះ​គឺ​ជា​ការ​លើក​សរសើរ​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ចាប់​តាំង​ពី​សមាស​ភាព​របស់​រដ្ឋា​ភិបាល​ចេញ​ប្រតិបត្តិ​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​។

បើ​តាម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ អ្នក​ពាក់​ព័ន្ធ​កំពុង​ធ្វើ​សកម្មភាព​ឥត​ស្រាក​ស្រាន្ត ក្នុង​ការ​បិត​ទីតាំង​ស្តុក​ឈើ រោង​ម៉ាស៊ីន​កែ​ច្នៃ​ឈើ និង​រោង​សិប្ប​កម្ម​កែ​ច្នៃ​ឈើ​ជា​ច្រើន​កន្លែង ខណៈ​មាន​ការ​រឹប​អូស​ឈើ​ជា​ច្រើន​ម៉ែត្រ​គូប និង​មធ្យោ​បាយ​កាប់​និង​ដឹក​ជញ្ជូន​ឈើ​ជា​ច្រើន​រយ​គ្រឿង​។ បន្ថែម​លើ​នេះ​បណ្ដាញ​ព្រៃ​ឡង់​ជំរុញ​ឲ្យ​ចាត់​វិធាន​ការ​បិទ​រោង​ម៉ាស៊ីន​អារ កែច្នៃ​ឈើ និង​ផលិត​ក្ដារ​បន្ទះ​របស់​ក្រុម​ហ៊ុន ស៊ីង​បាយ​អូ ថេក ខេម​បូឌា ខូអិល​ធីឌី នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ​។ តាម​រយៈ​សកម្មភាព​ទាំង​នេះ​បណ្ដាញ​ព្រៃ​ឡង់​ជឿ​ជាក់​ថា សកម្មភាព​នេះ​នឹង​នៅ​តែ​បន្ត​អនុវត្ត​ជា​រៀង​រហូត​ដោយ​បញ្ចប់​រាល់​បទ​ល្មើស​គ្រប់​រូប​ភាព​។

បន្ថែម​លើ​សេចក្ដី​ថ្លែង​ការណ៍​ លោក ឯក សុវណ្ណា សមា​ជិក​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​អះអាង​ថា រាប់​ចាប់​តាំង​ពី​ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ អ្វី​គួរ​ឲ្យ​កត់​សម្គាល់​សកម្មភាព​ដឹក​និង​អា​រលំ​ដើម​ឈើ​មាន​ភាព​ស្ងប់​ស្ងាត់​នៅ​ក្នុង​ព្រៃ​ឡង់​ទាំង​មូល ហើយ​ភាព​ស្ងប់​ស្ងាត់​នេះ​ជា​អ្វី​ដែល​សហគមន៍​ព្រៃ​ឡង់​ជំរុញ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​បន្ត​អនុវត្ត​ឲ្យ​បាន​ស្ថិត​ថេរដើម្បី​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ ខណៈ​ព្រៃ​ឈើ​កំពុង​រង​គ្រោះ​យ៉ាង​ដំណំ​។ នេះ​បើ​តាម​សមាជិក​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​។

ជាមួយ​នឹង​ការ​លើក​សរសើរ​នេះ ដើម្បី​រក្សា​ព្រៃ​ឈើ​ខ្មែរ​ទៅ​អនាគត អ្នក​ឃ្លាំ​មើល​ព្រៃ​ឈើ និង​សង្គម​ស៊ីវិល​នា​នា បាន​ទទូច​ផង​ដែរ ឲ្យ​រដ្ឋា​ភិបាល​មាន​វិធាន​ការណ៍​ក្តៅ​បែប​នេះ ជា​និរន្ត ចៀស​វាង​ប្រតិបត្តិ​ការ​ដូច​ភ្លើង​ចំបើង​។

គួរ​ជម្រាប​ជូន​ថា អំឡុង​ពេល​ប្រតិបត្តិ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ រថយន្ត​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​ដុត​កម្ទេច​ចោល ហើយ​ឈើ​ជា​ច្រើន​ម៉ែត្រ​គូប​ត្រូវ​បាន​រឹប​អូស​ទុក ខណៈ​ឈ្មួញ​ក្រាក់ៗ​នៅ​ពី​ក្រោយ​ការ​កាប់​ឈើ​មួយ​ចំនួន​ក៏​ត្រូវ​បាន​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​ដូច​ជាៈ លោក សឹង សំអុល លោក គង់ គ្រឹង ជា​ដើម​។ បន្ថែម​លើ​នេះ មនុស្ស​២០​នាក់ ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ នៅ​ខេត្ត​មណ្ឌល​គិរី ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​ខេត្ត​មណ្ឌល​គិរី ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ នៅ​កំឡុង​ខែ​សីហា​នេះ​ដែរ នៅ​សាលា​ដំបូង​ខេត្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ