អានតួអត្ថបទ
កម្ពុជា-ព្រៃឈើ

បណ្តាញ​សហគមន៍​ព្រៃ​ឡង់៖ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​បន្ត​កើត​មាន​រាល់​ថ្ងៃ

​ការ​កាប់​បំផ្លាញ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅ​តែ​បន្ត​កើត​មាន​ឡើង​ជា​ប្រចាំ​ថ្ងៃ។ នេះ​បើ​តាម បណ្តាញ​សហគមន៍​ព្រៃ​ឡង់។ ការ​លើក​ឡើង​ដូច្នេះ គឺ​ក្រោយ​ពី​សហគមន៍​ព្រៃ​ឡង់ បាន​ធ្វើ​ការ​ចុះ​ល្បាត​ចំនួន​៣​ថ្ងៃ កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ នៅ​ក្នុង​ដែន​ជំរក​សត្វ​ព្រៃ​ព្រៃ​ឡង់​ខេត្ត​ក្រចេះ។

រូបភាព​ព្រៃឡង់ ​ថត​បាន​ពី​លើ​អាកាស
រូបភាព​ព្រៃឡង់ ​ថត​បាន​ពី​លើ​អាកាស @Google
ផ្សាយពាណិជ្ជកម្ម

តាម​ការ​ល្បាត​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ កាល​ពី​ចុង​ខែ​កុម្ភៈ មាន​សកម្មភាព​បទ​ល្មើស​កាប់​ឈើ​អនាធិបតេយ្យ​ចំនួន​៦០​ករណី ដែល​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ កាល​ពី​អំឡុង​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ។ ក្រៅ​ពី​នេះ​សហគមន៍​ព្រៃ​ឡង់ ប្រទះ​ឃើញ​ដើម​ឈើ​ចំនួន ៤២​ដើម​ត្រូវ​បាន​គេ​កាប់​រំលំ នឹង​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ចំនួន ៣​ករណី។

លោក ឯក សុវណ្ណា អ្នក​សម្រប​សម្រួល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ក្នុង​ខេត្ត​ក្រចេះ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ឡង់ និង​ការ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ឡង់​នៅ​តែ​បន្ត​កើត​មាន​ប្រចាំ​ថ្ងៃ​ដដែល។ លោក​បន្ថែម​ថា សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​វិញ ក៏​មិន​មាន​ការ​ថយ​ចុះ​ដែរ។​

លោក​ឯក សុវណ្ណា បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅ​តែ​បន្ត​ការ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត ក៏​ដូច​ជា​មន្ត្រី​ឧទ្យានុរក្ស ដើម្បី​ចុះ​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ជា​ប្រចាំ។

ក្រសួង​បរិស្ថាន​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា​នេះ។ តែ​បើ​តាម​លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ​និង​ជា​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្លាប់​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណៈកម្មការ​បាន​បង្រ្កាប​ច្រើន​ករណី​ល្មើស ប៉ុន្តែ​មិន​មាន​ការ​វាយ​តម្លៃ​ថា​កើន​ឡើង ឬ​យ៉ាង​ណា​នោះ​ទេ។

កាល​ពី​ដើម​ខែ​មីនា ក្រសួង​បរិស្ថាន សហការ​ជាមួយ​អង្គការ​ពាក់​ព័ន្ធ​នានា និង​ក្រុមហ៊ុន​ជប៉ុន បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​១​លាន​៥​សែន​ដុល្លារ សម្រាប់​គម្រោង​ការ​អភិរក្ស ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់ ក្នុង​គោល​បំណង រួម​គ្នា​ការពារ និង​អភិរក្ស​ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់។

សូម​ជម្រាប​ជូន​ថា​តំបន់​ព្រៃ​ឡង់​ស្ថិត ក្នុង​ភូមិសាស្រ្ត​ខេត្ត​ចំនួន​​៤​គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និង​ក្រចេះ ដែល​មាន​ផ្ទៃ​ដី​ព្រៃ​ឡង់​សរុប ៤៣១.៦៨៣ ហិកតា ដែល​ក្នុង​នោះ​ផ្ទៃ​ដី​ចំនួន ១២០.០០០​ហិក​តា ត្រូវ​បាន​ដាក់​ក្នុង​គម្រោង​អភិរក្ស​ខាង​លើ​នេះ​ក្នុង​ជំហាន​ទី​១ និង​ជំហាន​ទី​២​គ្រប​ដណ្តប់​តំបន់​ព្រៃ​ឡង់​ទាំង​មូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ