អានតួអត្ថបទ
កម្ពុជា

សហគមន៍​ព្រៃឡង់​ បង្ហាញ​របាយការណ៍​ស្រាវជ្រាវ​ និង​អំពាវនាវ​ឲ្យ​រួមគ្នា​ការពារ​

បណ្តាញ​សហគមន៍​ព្រៃឡង់​ ក្នុង​ខេត្ត​កំពង់ធំ​ ព្រះវិហារ​ ស្ទឹងត្រែង​ និង​ក្រចេះ​ បាន​បង្ហាញ​របាយការណ៍​ស្រាវជ្រាវ​ និយាយ​ពី​វិនាសកម្ម​ព្រៃឈើ ​នៅ​ក្នុង​តំបន់​ព្រៃឡង់។ របាយការណ៍​របស់​សហគមន៍​ព្រៃឡង់​ ក៏​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់​សហគមន៍​ ក្នុង​កិច្ច​ការពារ​ព្រៃឡង់ ​ពេល​ចុះ​ល្បាត​ ដោយ​ត្រូវ​ទទួល​រងការ​គំរាម​សម្លាប់​ និង​ការ​ប្តឹង​​​ទៅ​តុលាការ​ ជា​ដើម​។ ក្នុង​ពិធី​ជួបជុំ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២៧​មេសា​នេះ ​សហគមន៍​ព្រៃឡង់​ ក៏​បាន​បញ្ជូន​សារ​ពី​ការ​បាត់បង់​ព្រៃឈើ ​ដល់​រដ្ឋាភិបាល​ មន្ត្រី​ជំនាញ​ មន្ត្រី​ពាក់ព័ន្ធ​ និង​មហាជន​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ក្នុង​ការ​ការពារ​ព្រៃឡង់​។

កម្មវិធីជួបជុំសម្រាប់សហគមន៍ការពារព្រៃឈើ
កម្មវិធីជួបជុំសម្រាប់សហគមន៍ការពារព្រៃឈើ សហការី
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ស្រាវជ្រាវ​ថ្នាក់​ឃុំ ​ឆ្នាំ​២០១៣-២០១៤ ​ក្រោម​ចំណង​ជើង​ថា​ “ព្រៃឈើ​របស់​យើង​ នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​កាប់​បំផ្លាញ​” ត្រូវ​ចង​ក្រង​ជា​សៀវភៅ ​ហើយ​ផ្សព្វផ្សាយ​ នៅ​ថ្ងៃ​ចន្ទ​ ​ទី​២៧មេសា​។ ​របាយការណ៍​ពីរ​ភាសា ​ជា​ភាសាខ្មែរ​ និង​ភាសាអង់គ្លេស​ គឺ​ជា​លទ្ធផល​នៃ​គម្រោង​មួយ​ តាម​រយៈការ​ប្រមូល​ទិន្នន័យ​ដ៏​ទូលំទូលាយ​ ដោយ​គ្របដណ្តប់​ភូមិ​ចំនួន​ ១៧៦ ​ក្នុង​ឃុំ​ចំនួន​ ៣៣ ​នៅ​ក្នុង​តំបន់​ព្រៃឡង់​។ បណ្តាញ​សហគមន៍​ព្រៃឡង់​ បាន​ចុះ​ទៅ​ឃុំ​នីមួយ​ៗ​ ក្នុង​ខេត្ត​កំពង់ធំ​ ព្រះវិហារ​ ស្ទឹងត្រែង​ និង​ខេត្ត​ក្រចេះ​ ចំនួន​ ១០ លើក​ ចាប់​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៣ ​ដល់​ខែ​មករា​ ឆ្នាំ​២០១៤​ ព្រម​ទាំង​សម្ភាសន៍​ជាមួយ​មេឃុំ ប៉ូលិស ​ប៉េអឹម​ តំណាង​សហគមន៍​ ជនជាតិ​ដើម​ភាគតិច​ និង​ព្រះសង្ឃ ​ជាដើម​។

ជា​លទ្ធផល​ របាយការណ៍​ស្រាវជ្រាវ​ បាន​ចងក្រង​អំពី​ការ​បាត់បង់​ព្រៃឈើ ​នៅ​ព្រៃឡង់​ ដែល​ចេះ​តែ​បន្ត​កើត​មាន​ បណ្តាល​មក​ពី​ក្រុមហ៊ុន​ជាច្រើន​ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​សម្បទាន​ពី​រដ្ឋាភិបាល​ និង​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ ​ដែល​បាន​ និង​កំពុង​កាប់​បំផ្លាញ​ឈើ​យ៉ាង​ច្រើន។ ​ការ​បាត់បង់​នេះ​ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ដែល​កំពុង​តាំងទីលំនៅ​ក្នុង​ឃុំ​ទាំង​នោះ ​និង​ជា​ពិសេស​ប៉ះពាល់​ដល់​ជនជាតិ​ដើម​ភាគ​តិច​ដទៃ​ទៀត ​ដែល​ពឹងផ្អែក​ទៅ​លើ​ព្រៃឈើ​ជាច្រើន​ជំនាន់​មក​ហើយ​នោះ។

រូបថត​ ខ្សែវីដេអូ ​និង​បទបង្ហាញ​ផ្ទាល់​មាត់​ពី​ការ​កាប់​ឆ្កាព្រៃឈើ​ដែល​ត្រូវ​កាប់ ​និង​អារជា​ច្រើន​ ត្រូវ​បាន​តំណាង​បណ្តាញ​សហគមន៍​ព្រៃឡង់​ ទាំង ​៤ ខេត្ត ​លើក​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​ នៅ​មជ្ឈមណ្ឌល​អាល្លឺម៉ង់​ ឬ​ Meta House ​ក្នុង​រាជធានី​ភ្នំពេញ។

យុទ្ធនា​ការ​ចុះល្បាត​ព្រៃឡង់​ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ នៅ​ក្នុង​តំបន់​ព្រៃឡង់​ ចាប់​ពី​ថ្ងៃ​ទី​២ ​ដល់​ថ្ងៃ​ទី​៦​មេសា ​ក៏​ត្រូវ​បាន​លើក​បង្ហាញ។ ​ជា​លទ្ធផល​ សហគមន៍​បាន​ដក​ហូត​ម៉ាស៊ីន​អារ​ឈើ ​ចំនួន​ ២៨ គ្រឿង ​និង​រឹបអូស​ឈើ​ជាង​ ២០០​ ម៉ែត្រគីប។​

ក៏​ប៉ុន្តែ​នៅ​ពេល​ចុះ​ល្បាត​ក្នុង​ព្រៃឡង់​ទាំង​ ៤ ខេត្ត​នោះ​ តំណាង​សហគមន៍​ បាន​ទទួល​រង​នូវ​ការ​គំរាម​សម្លាប់​ពី​ជនល្មើស​ ការ​គំរាម​ចាប់ខ្លួន​ពី​អាជ្ញាធរ​មូលដ្ឋាន​ ការ​កោះហៅ​ពី​ខាង​រដ្ឋបាល​ព្រៃឈើ ​និង​ការ​គម្រាម​ប្តឹង​ ជា​ដើម​។

សហគមន៍​ព្រៃឡង់​ បាន​ស្នើ​ដល់​រដ្ឋាភិបាល​ ឲ្យ​បញ្ឈប់​នូវ​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ រ៉ែ ​និង​ព្រៃឈើ នា​ពេល​អនាគត​ និង​ព្យួរ​សម្បទាន​ទាំងអស់​ បញ្ចប់​សេចក្តី​ព្រាង​អនុក្រឹត្យ ​ដើម្បី​ដាក់​ព្រៃឡង់​ទៅ​ជា​បេតិកភណ្ឌ ​ស្តារ​ឡើងវិញ​នូវ​តំបន់​ព្រៃឡង់​ ដែល​ត្រូវ​បាន​ឈូសឆាយ​ និង​រងការ​ខូចខាត​ ព្រម​ទាំង​ទទួល​ស្គាល់​បណ្តាញ​សហគមន៍​ព្រៃឡង់​ ជា​ផ្លូវ​ការ​ ដែល​ជា​ដៃគូ​រដ្ឋាភិបាល​ នៅ​ក្នុង​ការ​គ្រប់គ្រង​ព្រៃឈើ​រួមគ្នា៕     

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ