អានតួអត្ថបទ
កម្ពុជា

ក្រសួង​បរិស្ថាន​គ្រោង​ដាក់​ព្រៃឡង់​៣០​ម៉ឺន​ហិកតា​ជា​តំបន់​អភិរក្ស

លោក​សាយ​ សំអាល់​ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន បាន​បង្ហើប​ឲ្យ​ដឹងថា ក្រសួង​គ្រោង​នឹង​ដាក់​ព្រៃឡង់​ទំហំ​ប្រមាណ​ ៣០ម៉ឺន​ហិកតា ជា​តំបន់​អភិរក្ស​ នៅ​ពេល​ខាង​មុខ។ នេះ​ជា​ការ​ថ្លែង​ឲ្យ​ដឹង​ ក្នុង​សន្និសីទ​កាសែត​ ក្រោយ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​សំខាន់​ៗ​របស់​រដ្ឋាភិបាល​កម្ពុជា រួម​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បញ្ចប់​ការ​ជិះ​ឧទ្ធម្ភាគចក្រ​មើល​តំបន់​ព្រៃឡង់ ក្នុង​ខេត្ត​ចំនួន ៤ នា​ព្រឹក​ថ្ងៃទី ១៨​មេសា​នេះ​។ សូម​បញ្ជាក់​ថា អាមេរិក​តាម​រយៈ USAID កន្លង​មក​ បាន​ផ្តល់​ថវិកា​ប្រមាណ ២០លាន​ដុល្លារ ដើម្បី​គាំទ្រ​គម្រោង​គាំពារ​ព្រៃឈើ និង​ជីវសាស្ត្រ​ចម្រុះ​នៅ​កម្ពុជា​។

ព្រៃ​ឈើ​​ ដែល​ហិន​ហោច​ដោយ​ការ​ទន្រ្ទាន​របស់​មនុស្ស ​នៅ​​ប្រទេស​កម្ពុជា។​
ព្រៃ​ឈើ​​ ដែល​ហិន​ហោច​ដោយ​ការ​ទន្រ្ទាន​របស់​មនុស្ស ​នៅ​​ប្រទេស​កម្ពុជា។​ @NGO Forom
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​អគ្គនាយករដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​ រុក្ខា ប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី ១៨​មេសា បាន​អម​ដំណើរ​លោក​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំកម្ពុជា William A.Heidt ដើម្បី​ជិះ​ឧទ្ធម្ភាគចក្រ​ទស្សនា​តំបន់​ព្រៃឡង់ នៅក្នុង​ខេត្ត​ចំនួន ៤​រួមមាន​កំពង់ធំ​ ព្រះវិហារ ស្ទឹងត្រែង និង​ក្រចេះ។

ក្រោយ​បញ្ចប់​ការ​ទស្សនា​នោះ លោក​សាយ​ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​បើក​ទំព័រ​សករាជ​មួយ ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍ ដើម្បី​ទៅ​ទស្សនា​ព្រៃឡង់​ពី​លើ​អាកាស​រួមគ្នា។ លោក​សាយ សំអាល់ បាន​បន្ថែម​ថា ក្រសួង​បរិស្ថាន​នឹង​សម្រេច​ដាក់​ព្រៃឡង់​ជា​តំបន់​អភិរក្ស ក្នុង​ពេល​ឆាប់​ៗ បន្ទាប់​ពី​មាន​កំណែទម្រង់​មុខងារ​សាធារណៈ ​រវាង​ក្រសួង​កសិកម្ម​ និង​ក្រសួង​បរិស្ថាន​ហើយ​នោះ។​ ​លោក​ បាន​បង្ហើប​ថា ព្រៃឡង់​ ទំហំ​ប្រមាណ ៣០​ម៉ឺន​ហិកតា ប្រហែល​ជា​នឹង​ត្រូវ​ដាក់​ជា​តំបន់​ការពារ ដោយ​ប្រើ GPS ធ្វើការ​កំណត់​អោយ​ច្បាស់​។​ ប៉ុន្តែ​តួលេខ​នេះ នៅ​មិន​ទាន់​ជាក់លាក់​នៅ​ឡើយ​ទេ។

តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដដែល ផល​វិបាក​នៃការ​ការពារ​ព្រៃឡង់ រួម​មាន ដោយ​សារ​​តំបន់​នេះ​ មិន​ទាន់​បាន​ចាត់​ចំណាត់​ថ្នាក់​ជា​ព្រៃ​អភិរក្ស ​មាន​ការ​កាប់​ទន្ទ្រាន​យក​ដី​ ហើយ​ជា​ពិសេស​បញ្ហា​ទំនាក់​ទំនង​ជាមួយ​នឹង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ រួម​មាន​ភូមិ ឃុំ និង​ស្រុក​ នៅ​តែ​ចោទ​ជា​បញ្ហា​នៅ​ឡើយ។

ទោះ​នៅ​មាន​បញ្ហា ប៉ុន្តែ​លោក​សាយ សំអាល់ បាន​លើក​ពី​ស្ថាដៃ​របស់​ក្រសួង​បរិស្ថាន​ចំពោះ​មុខ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ថា ក្រសួង​បាន​សម្រេច​នូវ​សមិទ្ធផល ​ជា​ច្រើន ដូចជា បាន​ត្រួត​ពិនិត្យ​ដី​សម្បទាន ដោយ​ផ្ទេរសិទ្ធិ​ទៅឲ្យ​ក្រសួង​កសិកម្ម​គ្រប់គ្រង​វិញ ហើយ​បន្ថយ​ចំនួន​ឆ្នាំ​ដី​សម្បទាន​សេដ្ឋកិច្ច បាន​កាត់​បន្ថយ​ជម្លោះ​ដីធ្លី ​ និង​បាន​សហការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ជា​ដើម។

ចំណែក​លោក William A.Heidt បាន​ឲ្យ​ដឹង​ថា អាមេរិក នឹង​នៅ​តែ​បន្ត​ធ្វើ​ជា​ដៃគូ​អភិវឌ្ឍ ក្នុង​ការ​ការពារ​ព្រៃឡង់​ដែល​ជា​ព្រៃ​ស្រោង​តំបន់​ទំនាប​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា​នេះ។ តាម​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា អាមេរិក បាន​ផ្តល់​ទឹក​ប្រាក់​ប្រមាណ ២០​លាន​ដុល្លារ តាម​រយៈ​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា​ USAID ដែល​អនុវត្ត​ដោយ​អង្គការ Winrock International សម្រាប់​គម្រោង​គាំទ្រ​ព្រៃឈើ​ និង​ជីវសាស្ត្រ​ចម្រុះ​នៅ​កម្ពុជា ពី​ខែវិច្ឆិកា ឆ្នាំ ២០១២ ដល់​ខែវិច្ឆិកា ឆ្នាំ ២០១៦។

គម្រោង​នេះ នឹង​ជួយ​លើក​កម្ពស់​ការ​ចូលរួម​របស់​សហគមន៍​ការពារ​ព្រៃឈើ ទៅ​លើ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល។ កន្លង​មក គម្រោង​នេះ បាន​បង្ហាត់​បង្ហាញ​សហគមន៍​ព្រៃឈើ​ ឲ្យ​ចេះ​ការពារ និង​ឃ្លាំ​ព្រៃឈើ​ ពីការ​លួចកាប់​បំផ្លាញ​ដោយ​ខុសច្បាប់។ ក្នុង​នោះ ក៏​មាន​ការ​អប់រំ ឲ្យ​ប្រជាសហគមន៍​ចេះ​ទាញ​ចំនូល​ពី​វិស័យ​ទេសចរណ៍ និង​ផលិតផល​ធម្មជាតិ រួមមាន​ការ​ជៀរជ័រ​ឈើ និង​ការ​យក​​ទឹក​ឃ្មុំ​ជាដើម៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ