អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​អបអរ​ទិវា​អន្ដរជាតិ​ប្រឆាំង​នឹង​ការ​ស្អប់​ខ្ពើម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​ថ្ងៃ​សុក្រ​ទី​១២​ឧសភា បាន​សម្ពោធ​ជា​ផ្លូវ​ការ សប្ដាហ៍​មោទកភាព ដើម្បី​អបអរ​ទិវា​អន្ដរជាតិ​ប្រឆាំង​នឹង​ការ​ស្អប់​ខ្ពើម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ថ្ងៃ​ទី​១៧​ឧសភា​។ សប្ដាហ៍​មោទកភាព នឹង​រៀបចំ​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី​២៣​ឧសភា ដោយ​មាន​កម្មវិធីជា​ច្រើន​បន្ត​បន្ទាប់ ដើម្បី​អប់រំផ្សព្វផ្សាយ ចែក​រំលែក​ព័ត៌មាន និង​តស៊ូ​មតិ ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​។

លោក​ស្រី Wan-Hea Lee តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ចូល​រួម​ក្នុង​ពិធី​សម្ពោធ​សប្ដាហ៍​មោទកភាព​ឆ្នាំ​២០១៧ ថ្ងៃ​ទី​១២ ឧសភា ២០១៧
លោក​ស្រី Wan-Hea Lee តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ចូល​រួម​ក្នុង​ពិធី​សម្ពោធ​សប្ដាហ៍​មោទកភាព​ឆ្នាំ​២០១៧ ថ្ងៃ​ទី​១២ ឧសភា ២០១៧
ផ្សាយពាណិជ្ជកម្ម

សប្ដាហ៍​មោទកភាព​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ឆ្នាំ​២០១៧​នេះ ធ្វើ​ឡើង​ក្រោម​ប្រធានបទ គ្រួសារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​នានា​យ៉ាង​ហោច​ណាស់​៥៧ បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ព្រម​ទាំង​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ចាត់​វិធានការ​ជាក់លាក់​ណាមួយ ដើម្បី​លើក​កម្ពស់​និង​ការ​ពារ​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​។

នៅ​ក្នុង​ពិធី​សម្ពោធ​សប្ដាហ៍​មោទកភាព​ឆ្នាំ​២០១៧ ថ្ងៃ​ទី​១២​ឧសភា លោកស្រី Wan-Hea Lee តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​ មាន​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដ៏​សកម្ម​និង​រស់​រវើក ប្រសើរ​ជាង​ប្រទេស​មួយ​ចំនួន​ទៀត​​នៅ​លើ​សកល​លោក​។ ប្រទេស​មួយ​ចំនួន ដែល​មិន​ត្រឹម​តែ​រើស​អើង និង​ស្អប់​ខ្ពើម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ គឺ​ថែម​ទាំង​ឈាន​ដល់​វាយ​សម្លាប់​ពួក​គេ​ទៀត​។ នេះ​បើ​តាម​លោក​ស្រី Wan-Hea Lee។ ខណៈ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​មិន​ខុស​ច្បាប់​នៅ​កម្ពុជា លោក​ស្រី​សង្កេត​ឃើញ​ថា ​ការ​រើស​អើង​អ្នក​ស្រឡាញ់​ភេទដូច​គ្នា ក៏​មិន​ខុស​ច្បាប់​ផង​ដែរ​ ដែល​នេះ​គឺ​ជា​​ចន្លោះ​ប្រហោង​ដែល​កម្ពុជា​ត្រូវ​លុប​បំបាត់ ដើម្បី​ធានា​នូវ​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។

ដោយ​ឡែក លោក​ស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាវិញ បាន​គូស​បញ្ជាក់​​ថា វា​គួរ​តែ​ដល់​ពេល​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ធានា​ដល់​សិទ្ធិ​ស្មើ​គ្នា​សម្រាប់​ពលរដ្ឋ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។ ហើយ​សាធារណជន​ទូទៅ ក៏​គួរ​តែ​បើក​ចិត្ត​ឲ្យ​បាន​ទូលាយ​ចំពោះ​អ្ន​កស្រឡាញ់​ភេទ​ដូច​គ្នា​។ លោក​ស្រី ចក់ សុភាព ថា សិទ្ធិ​ស្មើ​គ្នា​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា គួរ​តែ​ត្រូវ​ទទួល​បាន​ដោយពុំ​ចាំ​បាច់​រង់​ចាំឡើយ​។

សូម​ជម្រាប​ជូន​ថា វិធានការ​តាម​ផ្លូវ​ច្បាប់ ដែល​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ដើម្បី​ការពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​ជា​អាថិ៍៖ សិទ្ធិ​ក្នុង​ការ​រៀប​អាពាហ៍​ពិពាហ៍ ​សិទ្ធិ​ស្មុំ​កូន​សម្រាប់​គូស្រករ​ភេទ​ដូច​គ្នា និង ​សិទ្ធិ​ក្នុង​ការ​កំណត់​យេនឌ័រ​របស់​បុគ្គល​ម្នាក់​ៗ​នៅ​លើ​ឯកសារ​ផ្លូវ​ការ​​នានា​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ