ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
កម្ពុជា

​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ប្រែ​ក្លាយ​ពន្ធនាគារ​ទំនើប​ទៅ​ជា​ពន្ធនាគារ​ធម្មតា​

media  
អ្នក​ជាប់​ឃុំ​នៅពន្ធនាគារ​ព្រៃ​ស (រូបឯកសារ) PRI

បន្ទាប់​ពី​រដ្ឋាភិបាល​សម្រេច​បោះបង់​ចោល​គម្រោង​សាងសង់​ពន្ធនាគារ​ទំនើប​រួម​មក​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ថ្ងៃសុក្រ​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ប្រែ​ក្លាយ​ពន្ធនាគារ​ទំនើប​ទៅ​ជា​ពន្ធនាគារ​ធម្មតា។ ប្រសិន​បើ​មាន​ការ​ប្រែ​ក្លាយ​ដូច្នេះ ពួក​គេ​ជឿ​ថា នឹង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​អ្នក​ទោស​ក្នុង​ពន្ធនាគារ ខណៈ​បច្ចុប្បន្ន​ពន្ធនាគារ​២៨​កន្លែង នៅ​ទូទាំង​ប្រទេស​បាន​ស្រូប​អ្នក​ទោស​ ភាគ​ច្រើន​ទាក់​ទង​ទៅ​នឹង​បទ​ល្មើស​គ្រឿង​ញៀន ក្នុង​ចំណោម​អ្នក​ទោស​ជាង​៣ម៉ឺនាក់​។ 

គ្មាន​ទៀត​ឡើយ​ពន្ធនាគារ​ទំនើប(VIP )សម្រាប់​ដាក់​អ្នក​ទោស ដែល​មាន​លទ្ធភាព​បង់ថ្លៃ​ស្នាក់​នៅ​។ នេះ​គឺ​ជា​ការ​ប្រកាស​ឲ្យ​ដឹង​របស់​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​។ លោក​បាន​គូស​បញ្ជាក់​ទៀត​ថា ការ​សម្រេច​បោះបង់​គម្រោង​សាងសង់​ពន្ធនាគារ​ទំនើប​នេះ​ចោល ដោយ​សារ​ថា រដ្ឋ​ខ្វះ​ប្រភព​ទុន ដើម្បី​បន្ថែម​ពី​លើ​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ឯកជន ដែល​បាន​ដាក់​ទុន​វិនិយោគ​៤លាន​ដុល្លារ​។ ម្យ៉ាង​ពន្ធនាគារ​ទំនើប​នេះ មិន​ទាន់​មាន​ប្រទេស​ណា​មួយ​សាង​សង់​ឡើយ​។ នេះ​បើ​តាម​លោក ខៀវ សុភ័គ​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ទទួល​បន្ទុក​ពន្ធនាគារ​ឲ្យ​ដឹង​ថា ពន្ធនាគារ​ទំនើប​បាន​សាង​សង់​រួច​ហើយ​នៅ​ឡើយ​តែ​ត​បណ្ដាញ​ទឹក​ភ្លើង និង​ដាក់​ប្រព័ន្ធ​លូ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ដំណើរ​ការ​សាង​សង់​បាន​ចាប់​ផ្ដើម​នៅ​ខែឧសភា​ឆ្នាំ២០១៧​។

លោក សឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លើក​ឡើង​ថា រដ្ឋា​ភិបាល​គួរ​ប្រែ​ក្លាយ​ពន្ធនាគារ​នេះ ឲ្យ​ទៅ​ជា​ពន្ធនាគារ​ធម្មតា ឬ​សាង​សង់​បន្ថែម ដើម្បី​កាត់​បន្ថយ​ភាព​កក​ស្ទះ​នៅ​ក្នុង​ពន្ធនាគារ​។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ មើល​ឃើញ​ថា បើ​ទោះ​ជា​មិន​ទាន់​មាន​ពន្ធនាគារ​ទំនើប​ តែ​បច្ចុប្បន្ន​អ្នក​ទោស ដែល​មាន​ជីវភាព​ធូរធារ ការ​ជាប់​ពន្ធនាគារ​របស់​ពួក​គេ​មាន​ភាព​ល្អ​ប្រសើរ​ជាង​អ្នក​ទោស​ធម្មតា​រួច​ទៅ​ហើយ​។ ហើយ​ជា​ថ្មី​ទៀត លោក សឹង សែនករុណា ជម្រុញ​ឲ្យ​រដ្ឋា​ភិបាល គួរ​ដាក់​ឲ្យ​ដំណើរ​ការ ​ការ​អនុវត្ត​ទោស​នៅ​តាម​សហគមន៍​ ជំនួស​ឲ្យ​ការ​អនុវត្ត​ទោស​នៅ​ពន្ធ​នា​គារ​។

ជា​កត់​សម្គាល់ ចាប់​តាំង​ពី​រដ្ឋា​ភិបាល​កម្ពុជា​បង្កើត​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ ​ដើម្បី​បោស​សម្អាត ​និង​បង្រ្កា​ប​គ្រឿង​ញៀន​ នៅ​ទូទាំង​ប្រទេស​មក​ ​កំណើន​អ្នកទោស​នៅក្នុង​ពន្ធនាគារ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​។ ជាក់​ស្ដែង​ក្នុង​ឆ្នាំ២០១៨ ​ អ្នក​ទោស​ជាប់ឃុំ​ ក្នុង​ពន្ធនាគារ​មាន​ចំនួន​ជាង​៣ម៉ឺន​នាក់​។

ជាទូទៅ ពន្ធនាគារ​មួយ មាន​ស្តង់​ដា​ផ្ទុក​អ្នក​ទោស​ចន្លោះ​ពី១ពាន់​ទៅ២ពាន់​នាក់​ប៉ុណ្ណោះ​។ តែ​ផ្ទុយ​ទៅ​វិញ​មណ្ឌល​អប់រំ​កែប្រែ ម​១ មាន​អ្នក​ជាប់ឃុំ​ប្រមាណ​ជាង​៧ពាន់​នាក់ ដែលជាគោលការណ៍​មណ្ឌល​នេះ ​អាច​ផ្ទុកអ្នកទោស​តែ​ជាង​២ពាន់​នាក់​ប៉ុណ្ណោះ​។ បើ​តាម​ការ​មើល​ឃើញ​ពី​មន្ត្រី អង្គការ​សង្គម​ស៊ីវិល​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ