ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT

នីតិវិធី​នៃ​ការ​រៀបអាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​និង​ពលរដ្ឋ​បរទេស

នីតិវិធី​នៃ​ការ​រៀបអាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​និង​ពលរដ្ឋ​បរទេស
 
ដើម្បី​រៀបការ​ជាមួយ​នារីខ្មែរ បុរស​ជាជន​បរទេស​មិនត្រូវ​មាន​អាយុ​លើស​ពី ៥០ឆ្នាំ ហើយ​ត្រូវ​មាន​ប្រាក់​ចំណូល​យ៉ាងតិច ២៥០០​ដុល្លារ​អាមេរិក ក្នុងមួយខែ

ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នក​ស្តាប់យើង នៅក្នុង​នាទីយល់ដឹង​ពី​ច្បាប់​នៅថ្ងៃ​នេះ សេង ឌីណា សូម​ធ្វើ​ការ​ពន្យល់​អំពី​​​ការ​រៀបអាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​បរទេស។ តើ​សាមី​ខ្លួន​ទាំង​ខាង​ភាគី​ជាពលរដ្ឋ​ខ្មែរ និង​ភាគី​បរទេស ត្រូវ​បំពេញ​នូវ​លក្ខខណ្ឌ​អ្វីខ្លះ? តើ​ការ​សុំ​រៀប​អាពាហ៍​ពិពាហ៍​នេះ​ត្រូវ​ធ្វើ​ឡើង​​​ដោយ​គោរព​ទៅតាម​នីតិវិធី​អ្វីខ្លះ ហើយ​ធ្វើ​នៅ​កន្លែងណា?

លក្ខខណ្ឌ​ទាក់ទង​នឹង​សាមីខ្លួន​ដែល​ត្រូវ​រៀបអាពាហ៍ពិពាហ៍

សាមីខ្លួន​ទាំងពីរ គឺ​ទាំង​​ភាគី​ជា​ពលរដ្ឋ​ខ្មែរ ទាំង​ភាគី​ជា​ពលរដ្ឋ​បរទេស ចាំបាច់​ត្រូវ​តែ​បំពេញ​នូវ​លក្ខខណ្ឌ​រួម​​មួយចំនួន​ ដែល​មាន​ចែង​នៅ​ក្នុង​ក្រមរដ្ឋប្បវេណី​ខ្មែរ ដូច​​ជា​ករណី​អាពាហ៍ពិពាហ៍ទូទៅ ​រវាង​​​ខ្មែរ និង​ខ្មែរ​ដែរ គឺ​៖

  • អាពាហ៍ពិពាហ៍​ត្រូវ​ធ្វើ​ឡើង​ទៅតាម​គោលការណ៍​ស្ម័គ្រចិត្ត ដែល​ចេញ​ពី​ឆន្ទៈ​ផ្ទាល់​របស់​សាមីខ្លួន​ទាំងសងខាង ដោយ​គ្មាន​ការ​បង្ខំ ឬ​ការ​បន្លំបោកប្រាស់ (មាត្រា ៩៥៨)
  • បុរស និង​នារី ដែល​ត្រូវ​រៀបអាពាហ៍ពិពាហ៍​មិនមាន​ជាប់​ជា​សាច់ញាតិ​នឹង​គ្នា ដែល​ច្បាប់​ហាមឃាត់ (មាត្រា ៩៥១ និង ៩៥២)
  • មិនមាន​ជាប់ចំណង​អាពាហ៍ពិពាហ៍​ចាស់ ពីព្រោះ​​ក្រម​រដ្ឋប្បវេណី​​​ខ្មែរ​ចែង​ថា ​អ្នក​ដែល​មាន​ប្តី ឬ​ប្រពន្ធ​រួចហើយ មិនអាច​រៀប​អាពាហ៍​ពិពាហ៍​ទៀត​បាន​ទេ (មាត្រា ៩៤៩)
  • ត្រូវ​តែ​ជា​នីតិ​ជន មានន័យថា ត្រូវ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង (មាត្រា ៩៤៨)

ក្នុង​ករណី​អាពាហ៍ពិពាហ៍ ​រវាង​នារី​ខ្មែរ និង​បុរស​បរទេស បុរសបរទេសនេះ​​ត្រូវ​បំពេញ​ទៅតាម​​លក្ខណ្ឌ​បន្ថែម ដែល​កំណត់​ដោយ​ក្រសួង​ការបរទេស​ខ្មែរ តាមរយៈ​កំណត់ទូត ចេញ​កាល​​ពី​ថ្ងៃទី១ ខែ​មីនា ឆ្នាំ​២០១១ គឺ៖

  • ​អាយុ​​មិន​ត្រូវ​ឲ្យ​លើស​ពី ៥០ឆ្នាំ
  • ត្រូវ​មាន​ប្រាក់​ចំណូល​យ៉ាងតិច ២៥០០​ដុល្លារ ក្នុង​មួយខែ

ម្យ៉ាងទៀត យោងតាម​អនុក្រឹត្យ លេខ ១៨៣ ចុះថ្ងៃ៣ វិច្ឆិកា ២០០៨ ការ​រៀប​អាពាហ៍ពិពាហ៍​ ដែល​ធ្វើឡើង​តាមរយៈ​ភ្នាក់ងារ​រើស​គូស្រករ ឈ្មួញកណ្តាល ឬ​ក្រុមហ៊ុន​អាជីវកម្ម គឺ​ត្រូវ​ហាមឃាត់​ដាច់ខាត។

នីតិវិធី និង​សំណុំបែបបទ​​ដែល​ត្រូវ​បំពេញ
 
យោងតាម​អនុក្រឹត្យ ១៨៣ ខាងលើនេះ ជនបរទេស​ដែល​មាន​បំណង​រៀបអាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​ខ្មែរ ចាំបាច់​ត្រូវតែ​មាន​វត្តមាន នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​​រៀបចំ​បំពេញ​បែបបទ និង​នីតិវិធី​​នៃ​ការ​រៀបអាពាហ៍ពិពាហ៍​នេះ​ដោយ​ខ្លួនឯង។

សំណុំបែបបទ​នៃ​ការសុំ​​រៀបអាពាហ៍ពិពាហ៍ ត្រូវ​ដាក់​ទៅ​ក្រសួង​ការបរទេស ដោយ​ត្រូវ​មាន​ភ្ជាប់នូវ៖

  • ពាក្យ​សុំ​រៀប​អាពាហ៍​ពិពាហ៍ ​ដោយ​ត្រូវ​បំពេញ​ទៅតាម​ទម្រង់​ដែល​មានស្រាប់ ចេញ​ដោយ​អាជ្ញាធរ​ខ្មែរ
  • ឯកសារ​ថតចម្លង នៃ​លិខិត​ឆ្លងដែន​របស់​សាមីខ្លួន​ជា​ជនបរទេស ដោយ​មាន​ទិដ្ឋាការ (Visa) ចូល​ក្នុង​ប្រទេស​កម្ពុជា ដែល​នៅមាន​សុពលភាព
  • លិខិត​បញ្ជាក់​ភាព​នៅលីវ ឬ​ពោះម៉ាយ ឬ​ម៉េម៉ាយ ចេញដោយ​សមត្ថកិច្ច​​ប្រទេស​របស់​សាមីខ្លួន​ជា​ជនបរទេស
  • លិខិត​បញ្ជាក់​សុខភាព ចេញដោយ​សមត្ថកិច្ច​កម្ពុជា
  • លិខិត​ថ្កោលទោស ចេញដោយ​សមត្ថកិច្ច​ប្រទេស​របស់​សាមីខ្លួន​ជាជនបរទេស
  • លិខិត​បញ្ជាក់​ពី​មុខរបរ​ពិតប្រាកដ​របស់​សាមីខ្លួន​ជា​ជន​បរទេស ដោយមាន​បញ្ជាក់​ពី​ចំនួន​ប្រាក់​ចំណូល​ប្រចាំ​ខែ​ ចេញដោយ​សមត្ថកិច្ច​ប្រទេស​របស់​សាមីខ្លួន​ជា​ជនបរទេស

សំណុំឯកសារ​ទាំងអស់​នេះ (ក្រៅ​ពី​ពាក្យសុំ​រៀបអាពាហ៍ពិពាហ៍ និង​លិខិត​បញ្ជាក់​សុខភាព) គឺ​ត្រូវ​មាន​បោះត្រា​បញ្ជាក់​នីត្យានុកូលភាព ពី​ស្ថានទូត នៃ​ប្រទេស​របស់​សាមីខ្លួន​ជាជន​បរទេស ដែល​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ម្យ៉ាងទៀត បើ​តាម​កំណត់ទូត​របស់​ក្រសួង​ការបរទេស​ខ្មែរ ​ចុះថ្ងៃទី២៣ មីនា ឆ្នាំ​២០០៩ សាមីខ្លួន​ជាជន​បរទេស​មិនត្រូវ​​ទាក់ទង ដាក់សំណុំបែបបទ​​សុំ​រៀបអាពាហ៍ពិពាហ៍​នេះ​​ទៅក្រសួង​ការបរទេស​ដោយ​ផ្ទាល់ទេ គឺ​ត្រូវ​ដាក់​តាមរយៈ​ស្ថានទូត ឬ​ស្ថានកុងស៊ុល នៃ​ប្រទេស​របស់​សាមីខ្លួន​ជា​ជន​បរទេស ដែល​ប្រចាំ​នៅ​កម្ពុជា។

ក្រោយ​ពី​ទទួលបាន​សំណុំបែបបទ​នេះ​ហើយ ក្រសួង​ការបរទេស​មាន​រយៈពេល​យ៉ាងយូរ ៥ថ្ងៃ (ថ្ងៃ​ធ្វើការ) ដើម្បី​ពិនិត្យ​ និង​សម្រេច។ ប្រសិនបើ​មើលទៅ​ឃើញ​ថា មាន​សំណុំឯកសារ​គ្រប់គ្រាន់ ហើយ​សាមីខ្លួន​ជាជនបរទេស​បំពេញ​ទៅតាម​លក្ខខណ្ឌ​​ ដែល​បាន​កំណត់​ហើយ ក្រសួង​ការបរទេស​ត្រូវ​បញ្ជូន​សំណុំបែបបទ​នេះ បន្ត​ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ។

ក្រសួង​មហាផ្ទៃ​ក៏​មាន​ពេល​យ៉ាងយូរ ៥ថ្ងៃ​ ដែរ ដើម្បី​ពិនិត្យ​ និង​ចុះបញ្ជី​សំណុំឯកសារ​​សុំ​រៀបអាពាហ៍ពិពាហ៍នេះ។ ពិនិត្យ​ និង​ចុះបញ្ជី​ចប់សព្វគ្រប់ហើយ ក្រសួង​មហាផ្ទៃ​ត្រូវ​ជូនដំណឹង ​អំពី​ការ​សុំរៀបអាពាហ៍ពិពាហ៍​នេះ ​ទៅខាង​​មន្រ្តី​អត្រានុកូលដ្ឋានឃុំ ឬ​សង្កាត់ នៃ​លំនៅដ្ឋាន​អចិន្រ្តៃយ៍​របស់​សាមីខ្លួន​ជាពលរដ្ឋ​ខ្មែរ ហើយ​​ក៏​ត្រូវ​ជូនដំណឹង​ទៅ​សាមីខ្លួន​ជាជន​បរទេស​ដែរ​។

ទទួលបាន​ចម្លើយ​ពី​ក្រសួង​មហាផ្ទៃ​​ អំពី​ការ​ចុះបញ្ជី​សំណុំឯកសារ​សុំរៀបអាពាហ៍ពិពាហ៍​នេះ​ហើយ សាមីខ្លួន​ទាំងពីរ គឺ​ទាំង​ពលរដ្ឋ​ខ្មែរ និង​ទាំង​ជនបរទេស ត្រូវ​រៀបចំ​ដាក់ពាក្យ​សុំ​រៀបអាពាហ៍​ពិពាហ៍ ​ស្របពេល​ជាមួយគ្នា ទៅ​ឃុំ ឬ​សង្កាត់ នៅ​ខាង​លំនៅ​របស់​សាមីខ្លួន​ជាពលរដ្ឋ​ខ្មែរ ទៅតាម​នីតិវិធី​​សុំ​អាពាហ៍ពិពាហ៍​ធម្មតា។

សំណុំបែបបទ​របស់​សាមីខ្លួន​ជា​ពលរដ្ឋ​ខ្មែរ គឺ​ត្រូវ​មាន​ភ្ជាប់៖

  • ពាក្យ​សុំ​រៀបអាពាហ៍ពិពាហ៍
  • សេចក្តីចម្លង​សំបុត្រ​កំណើត
  • លិខិត​បញ្ជាក់​ភាព​នៅ​លីវ ឬ​ពោះម៉ាយ ឬម៉េម៉ាយ ដែល​ចេញដោយ​មេឃុំ ឬ​ចៅសង្កាត់
  • លិខិត​បញ្ជាក់​សុខភាព​ចេញដោយ​មន្ទីរពេទ្យ ដែល​ទទួលស្គាល់​ជាផ្លូវការ​ពី​ក្រសួង​សុខាភិបាល

ក្រោយ​ពី​ពិនិត្យ​មើល​សំណុំឯកសារ​​របស់​សាមីខ្លួន​ទាំងពីរ ឃើញ​ថា ត្រឹមត្រូវ​តាម​ច្បាប់​ហើយ មន្រ្តី​អត្រានុកូលដ្ឋាន​ឃុំ ឬ​សង្កាត់ ត្រូវ​រៀបចំ​ប័ណ្ណ​ប្រកាស​អាពាហ៍ពិពាហ៍ ដើម្បី​យក​ទៅបិទផ្សាយ នៅ​ផ្ទះ​របស់​សាមីខ្លួន​ជា​ពលរដ្ឋ​ខ្មែរ​ផង នៅ​សាលាឃុំ ឬ​សង្កាត់​នេះ​ផង និង​នៅ​ស្ថានទូត នៃ​ប្រទេស​របស់​សាមីខ្លួន​ជា​ជន​បរទេស​ផង។ ១០ថ្ងៃ​ក្រោយ​ពី​បិទប័ណ្ណ​ប្រកាស​​​នេះ​ហើយ បើ​សិន​ជា​មិនមាន​អ្នកណា​ប្តឹង​តវ៉ា ជំទាស់​នឹង​ការ​រៀប​អាពាហ៍ពិពាហ៍​នេះ​ទេ ទើប​សាមីខ្លួន​អាច​រៀបចំ​ពិធី​អាពាហ៍​ពិពាហ៍​បាន។

នៅ​ចុង​បញ្ចប់​នៃ​នីតិវិធី ​ដើម្បី​ឲ្យ​អាពាហ៍ពិពាហ៍​ មាន​សុពលភាព​ពេញលក្ខណៈ​ច្បាប់ សាមីខ្លួន​ទាំងពីរ ត្រូវ​ទៅ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍ នៅ​​សាលា​ឃុំ ឬ​សង្កាត់ គឺ​នៅ​កន្លែង​ ដែល​បាន​ដាក់ពាក្យ​សុំ​រៀបអាពាហ៍ពិពាហ៍។ ការ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​នេះ ត្រូវ​មាន​វត្តមាន​ផ្ទាល់​របស់​សាមីខ្លួន​ទាំងពីរ បូករួម​ជាមួយ​នឹង​សាក្សី​ ដែលមាន​អាយុ​គ្រប់ការ ចំនួន ២រូប៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បទយកការណ៍

    រដ្ឋាភិបាល​រឹត​បន្តឹង​ចំណង​អាពាហ៍ពិពាហ៍​នារី​ខ្មែរ ជាមួយ​បុរស​បរទេស

    ស្វែងយល់បន្ថែម

  • នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

    ក្រម​រដ្ឋប្បវេណី៖ អំពី​របៀប​បែងចែក​កេរមរតក

    ស្វែងយល់បន្ថែម

  • នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

    អាណិកជន​ខ្មែរ​នៅ​បរទេស​មាន​សិទ្ធិ​អ្វី​ខ្លះ?

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ