អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ឆមាស​ទី​១ ឆ្នាំ​២០១៨៖ ការ​នាំ​ចេញ​របស់​កម្ពុជា​បន្ត​ហក់​ឡើង​ ទោះ​មាន​ការ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពីអឺរ៉ុប

ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​បន្ត​ហក់​ឡើង​ដល់​៩.៣% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ជា​ការ​កត់​សម្គាល់ កំណើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​នេះ ស្រប​ពេល​ដែល​មាន​ការ​ព្រមាន​ពី​សហភាព​អឺរ៉ុប ពី​ការ​លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

កម្មករ កម្មការិនីកាត់ដេរកម្ពុជា
កម្មករ កម្មការិនីកាត់ដេរកម្ពុជា RFI
ផ្សាយពាណិជ្ជកម្ម

ការ​នាំ​ចេញ​ផលិត​ផល​កាត់ដេរ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​បរទេស មាន​តម្លៃ​ជិត​៤ ពាន់ ​លាន​ដុល្លារ ក្នុង​រយៈ​ពេល​៦​ខែ ដើម​ឆ្នាំ​២០១៨​នេះ កើន​ឡើង​៩.៣% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ បើ​តាម​ក្រសួង​ពាណិជ្ជកម្ម កំណើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប មាន​ការ​កើន​ឡើង​ដល់ ១០.៦៦% ដែល​មាន​តម្លៃ​សរុប​ជាង​១.៦​ ពាន់​លាន​ដុល្លារ។ ចំណែក​ទីផ្សារ​អាមេរិក មាន​កំណើន ១០.៧៣% និង​មាន​តម្លៃ​៨៥៨ លាន​ដុល្លារ។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​ដដែល ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ទាំង​ពីរ បាន​គ្រប់​ដណ្តប់​រហូត​ដល់​ទៅ ៧២​ភាគ​រយ​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា ខណៈ​ដែល​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​កាណាដា បាន​កើន​ឡើង​ជាង​៩ ភាគ​រយ ដែល​មាន​តម្លៃ ៣២៤ លាន​ដុល្លារ។

ទន្ទឹម​នឹង​កំណើន​នៃ​ការ​នាំ​ចេញ​ផលិត​ផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ទៅ​ដល់​៤​ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៨ ធនាគារ​ជាតិ​កម្ពុជា​វិញ ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ភាព​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ ដែល​មាន​វៀតណាម បង់ក្លាដែស និង​មីយ៉ាន់ម៉ា។ ការ​កើន​ឡើង យ៉ាង​ឆាប់​រហ័ស​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា ដែល​បាន​កើន​ឡើង​ពី​១៥៣​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧ ដល់​១៧០​ដុល្លារ​មួយ​ខែ ក្នុង​ឆ្នាំ​២០១៨​នេះ។

ជា​ការ​កត់​សម្គាល់ កំណើន​នៃ​សកម្មភាព​នាំ​ចេញ​នេះ​នៅ​តែ​បន្ត​ហក់​ឡើង​រឹង​មាំ បើ​ទោះ​បី​ជា​មាន​ការ​ព្រមាន​ថ្មីៗ​ពី​សហភាព​អឺរ៉ុប ដែល​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កម្ពុជា ថា​នឹង​លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម។ ជា​វិធានការ​ចុង​ក្រោយ ដែល​គណៈកម្មាការ​សហភាព​អឺរ៉ុប អះអាង​ថា ប្រសិន​បើ​រាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​បញ្ហា​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ និង​នយោបាយ​នៅ​កម្ពុជា​ត្រូវ​បរាជ័យ។

លោក​កាំងម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​លើក​ឡើង​ថា សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ក្លាយ​ជា​ទីផ្សារ​ដ៏​សំខាន់​បំផុត​របស់​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ ជុំវិញ​ការ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​(EBA​)​ដោយ​អឺរ៉ុប អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ទទួល​ស្គាល់​ថា EBA មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ជា​ពិសេស​សម្រាប់​វិស័យ​កាត់ដេរ ប៉ុន្តែ​លោក​គិត​ថា​នឹង​មិន​មាន​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​មក​លើ​ប្រទេស​កម្ពុជា​នោះ​ទេ។

សម្រាប់​មេ​ដឹក​នាំ​ ​និង​មន្ត្រី​សហជីព​សំខាន់ៗ​ ​ ​ ក៏​បាន​សម្តែង​ក្តីបារម្ភ​ព្រម​គ្នា និង​ហាក់​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​អះអាង​ថា​តើ ​កម្ពុជា​នឹង​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំចេញ​ផលិត​ផល​កាត់​ដេរ​និង​ទំនិញ​ផ្សេង​ទៀត​ ​ទៅ​សហភាព​អឺរ៉ុប តាម​កម្មវិធី​ពាណិជ្ជកម្ម «អ្វីៗ​ទាំងអស់​លើកលែង​តែអាវុធ»​ ​(Everything But Arms) ​EBA ឬ​យ៉ាង​ណា​នោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ