ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩ ​ដោយ​សម្លេង​ស្ទើរ​ទាំង​ស្រុង

media  
ប្រាក់រៀល @សហការី

រដ្ឋ​សភា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ ​ហើយ ​ដោយ​សម្លេង​គាំទ្រ ​១១៣​សម្លេង ​លើ​១១៥​។ ​ការ​ប្រជុំ​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិការបស់រដ្ឋសភា ​សម្រាប់​ចាយ​វាយ​ឆ្នាំ​២០១៩​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ ​ សេចក្តី​ព្រាង​ច្បាប់​នេះ បានឆ្លងកាត់គណៈរដ្ឋមន្ត្រី​កម្ពុជា ​កាល​ពី​៣​សប្តាហ៍​កន្លង​ទៅ​។

ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ស​ម្រា​ប់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩ ​នៅ​ព្រឹក​មិញ​នេះ ​គឺ​ជា​កិច្ច​ប្រជុំ​រដ្ឋសភា​លើក​ទី​១ ​នីតិកាល​ទី​៦ ​បន្ទាប់​ពី​សមាជិក​រដ្ឋ​សភា​ថ្មី ​ដែល​មាន​សមាសភាព​តែ​គណបក្ស​ប្រជា​ជន​នេះ​ទទួល​បាន​ការ​គ្រប់គ្រង​អាសនៈ​១០០​​%​។

តាម​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ ​រដ្ឋាភិបាល​កម្ពុជា​កាល​ពីថ្ងៃ​ទី​២៦​តុលា​កន្លង​ទៅ ​បាន​គ្រោង​ចំណាយ​ថវិកា​ជាតិ​ដល់​ទៅ​ជាង​២៧ ​លាន ​លាន ​រៀល ​គឺ​ប្រមាណ​ជា​ ៦.៧​ពាន់​លាន​ដុល្លារ ​សម្រាប់​ឆ្នាំ​២០១៩​ខាង​មុខ​។ ​សេចក្តី​ព្រាង​ច្បាប់​នេះ ​ត្រូវបាន​បញ្ជូន​មក​កាន់​រដ្ឋសភា ​ដោយ​ឆ្លង​កាត់​គណៈកម្មការ​ជំនាញ ​និង​ដាក់​ចូល​សភា​ពេញ​អង្គ​នៅ​ថ្ងៃ​នេះ​តែ​ម្តង ដោយ​ការ​សម្រេច​របស់​សភា​ពេញ​អង្គ ​មិនមាន​ការ​កែ​ប្រែ​ខ្លឹមសារ​អ្វី​ឡើយ​។

ជា​ការ​កត់​សម្គាល់​ថវិកា​សម្រាប់​ចាយ​វាយ​ឆ្នាំ​២០១៩ ​បាន​កើន​ឡើង​ចំនួន ​១១,៤​% ​បើ​ប្រៀបធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៨ ​ដែល​មាន​ថវិកា​សរុប​ជាង​២៤​លាន​លាន​រៀល​(​២៤,៣៧៥,១០២លាន​រៀល​) ​ឬ​ប្រហែល​៦០៣៣ ​លាន​ដុល្លារ​។

នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​១ ​នីតិកាល​ទី​៦​នៃ​រដ្ឋ​សភា​នេះ ​លោក ​ជាម យៀប ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ ​ធនាគារ ​និង​សវនកម្ម​នៃ​រដ្ឋសភា​ បាន​ថ្លែង​ថា ​សេចក្តី​ព្រាងច្បាប់​ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ ​ត្រូវ​បាន​តាក់តែង​ឡើង​ក្នុង​ទិសដៅ​ធានា​ដល់​កំណែ​ទម្រង់​ស្រប​ទៅ តាម​បំណង​ប្រាថ្នា​របស់​ប្រជា​ពលរដ្ឋ ​និង​ការ​សម្រេច ​ឲ្យ​បាន​គោលដៅ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ​ដើម្បី​កំ ណើ​ន​ការងារ​សមធម៌ ​និង​ប្រសិទ្ធភាព​។ ​ច្បាប់​ថវិកា​ឆ្នាំ​២០១៩ ​ធានា​រក្សា​បាន ​កំណើន​ម៉ាក្រូ​សេដ្ឋកិច្ច​រង្វង់​៧​% ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដល់​ការ​បង្កើន​ប្រាក់ ​បៀវត្សរ៍ ជូន​មន្ត្រី​រាជការ​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ​។

ដោយ​ឡែក ​លោក ​អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​តំណាង​រដ្ឋាភិបាល ​បាន​លើកឡើង​ថា​ថវិកា​ជាតិ ​ឆ្នាំ ​២០១៩ ​ត្រូវ​បាន​គិតគូរ​និង​រៀប​ចំ​ឡើង​ដើម្បី​ទ្រទ្រង់​នូវ​សមិទ្ធិផល​នានា​ដែល​រាជ​រដ្ឋាភិបាល​សម្រេច​បាន ​ដោយ​លំបាក​នៅ ក្នុង​នីតិកាល​មុន​ៗ​ក៏​ដូច ​ជា អាទិភាព​គោល​នយោបាយ​សំខាន់​ៗ​និង​វិធានការ​ណ៍​កែ​ទម្រង់​ជាក់​ស្តែង​នឹង​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​២០១៩ ​ព្រមទាំង​ផ្តល់​ការ​ឆ្លើយតប​ទៅ​នឹង​បរិ​ការ​ណ៍​ថ្មី​របស់​កម្ពុជា ​ទាំង​ក្នុង​ក្រប​ខណ្ឌ ​ផ្ទៃ​ក្នុង​​ប្រទេស ​ទាំង​ក្រប​ខណ្ឌ​តំបន់ ​និង​ពិភពលោក​។ ​ជាពិសេស​ដើម្បី​សម្រេច​ឲ្យ​បាន​ជា​អតិប្បរមា​នូវ​គោល​ដៅ ​យុទ្ធសាស្ត្រ​ទាំង​៤​ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធិភាព ក៏ដូចជា​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​លើ​វិស័យ​អាទិភាព​ ៤​យ៉ាង ​គឺ ​មនុស្ស​ ផ្លូវ​ ភ្លើង​និង​ទឹក ។

សូម​បញ្ជាក់​ថា ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ ​មាន​៦​ជំពូក​ និង​១៣ ​មាត្រា​។ ​បន្ទាប់​ពី​រដ្ឋសភា​អនុម័ត​រួច​ហើយ ​សេចក្តី​ព្រាង​ច្បាប់​ ​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធសភា​បន្ត​ពិភាក្សា​អនុម័ត​រួច​បញ្ជូន​មក​រដ្ឋសភា​ជាតិ​វិញ ​ដើម្បី​ដាក់​ថ្វាយ​ព្រះមហាក្សត្រ ​ឡាយ​ព្រះហស្ថ​លេខា​លើ​ព្រះ​រាជ​ក្រម ​ព្រោះ​ច្បាប់​នេះ​ ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ប្រញាប់​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ