អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទ្រព្យ​សម្បត្តិ​រឹប​អូស ពី​បទល្មើស​គ្រឿង​ញៀន​ ត្រូវ​ចាត់​ចែងយ៉ាង​ណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មីៗនេះ​ អាជ្ញាធរ​គ្រឿង​ញៀន និង​ក្រសួង​យុត្តិធម៌​ ទើប​តែ​ដុត​បំផ្លាញ​​គ្រឿង​ញៀន​និង​វត្ថុតាំង​មួយ​ចំនួន​ នៅ​ខេត្ត​បាត់​ដំបង។ ចំណែកឯ ​ទ្រព្យ​សម្បត្តិ​រឹប​អូស​ពី​បទ​ល្មើស​​គ្រឿង​ញៀន​វិញ គឺ​​កាន់តែ​កើន​។ ដ្បិត​ថា​ ចាប់​ពីដើម​ឆ្នាំ​រហូត​មកដល់​ពេល​នេះ មនុស្ស​ជាង៦ពាន់​៤រយនាក់​ ត្រូវ​ចាប់​ខ្លួន ហើយក្នុង​នោះ គឺ​​មាន​ឡាន ម៉ូតូ និងលុយ​រាប់​លាន​រៀល​ថែមទៀត។ នេះនៅ​មិន​ទាន់​បូក​សរុប​ពី​ទ្រព្យ​សម្បត្តិ​រឹប​អូស​កាលពីឆ្នាំ​មុនៗ​ផង​ទេ។ ដូច្នេះ តើ​គេ​គួរ​ចាត់​ចែង​របស់​ទ្រព្យ​សម្បត្តិទាំង​នោះ យ៉ាង​ដូចម្តេច?

ពិធី​ដុតបំផ្លាញ​គ្រឿងញៀន កាល​ពីពេលកន្លងមក
ពិធី​ដុតបំផ្លាញ​គ្រឿងញៀន កាល​ពីពេលកន្លងមក RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​ក្តៅនៃការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ចំនួន​ជាង៩០ថ្ងៃមកនេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ បង្គ្រាប​រួម​ បទ​ល្មើស​និង​​ករណីប្រើប្រាស់​ គឺ​បាន​ជាង​២ពាន់​៨រយករណី។ ក្នុង​នោះ គេ​ចាប់​បាន​ សារជាតិ​ញៀន ដែល​អាច​ថ្លឹង​ជា​គីឡូបាន ជិត​៣០គីឡូក្រាម​, កញ្ឆាក្រៀមជាង​១១គីឡូក្រាម, កាប់​បំផ្លាញកញ្ឆា​​ជិត​១ម៉ឺន​ដើម, រឹបអូសឡាន៣៦គ្រឿង, ចាប់​យកម៉ូតូ ​ ជិត​៦០០គ្រឿង​, ទូរសព្ទ​ដៃ ជាង​១ពាន់​៨រយគ្រឿង, អាវុធ៣ដើម និង​លុយកាក់ គ្រឿង​អលង្ការ​ ព្រម​ទាំង​​អចលនា​ទ្រព្យជា​ច្រើន​ផ្សេងទៀត​ ត្រូវ​បង្កក​និង​រឹបអូស។

នេះគ្រាន់តែ​ជាង​៣ខែ​បន្តិចប៉ុណ្ណោះ​ ហើយ​នៅ​មានទ្រព្យ​សម្បត្តិ​ផ្សេងទៀត កាល​​ឆ្នាំ​ចាស់ ២០​១៦ ដែល​អាជ្ញាធរ​ចាប់​បាន គឺមាន​រថយន្ត​៧៦គ្រឿង ម៉ូតូ​ជាង​១ពាន់​៨រយគ្រឿង​ និង​ទឹកប្រាក់​រាប់​រយលាន​រៀលទៀត។ បើ​សរុប​គិត​ជា​សាច់​​ប្រាក់សុទ្ធ​​ គឺ​ច្រើន​សន្ធឹក​សន្ធាប់​។

ដូច្នេះ​តើ​គេ​ត្រូវ​ទូទាត់​ ចាត់​ចែងដោយ​របៀ​ប​​យ៉ាងណា?

ជាក់ស្តែង ការ​ចាត់​ចែងនេះ​ គឺ​សញ្ញាណ​ថ្មីមួយ ស្មុគស្មាញ និង​ស៊ីពេល​ច្រើន ក្នុងការ​ទូទាត់​។ បញ្ហា​ដំបូ​ង​នោះគឺ ករណី​បទល្មើស​ស្មុគ​ស្មាញ​ជាច្រើន​ ដែល​តុលាការ​មិនទាន់​ចេញ​សាលក្រម​ជំនុំជម្រះ​ និង​សេចក្តី​សម្រេចស្ថាពរ​​រួច​រាល់​នៅ​ឡើយ​ទេ​។ សំណុំ​រឿង​ក្តី​កាន់តែ​កើន​គរ​ឡើង​​ៗ ហើយ​ករណី​ចាប់​បាន​ថ្មីទៀត​ ក៏​ចេះតែ​កើន​ឡើង​ដែរ។ នាពេល​កន្លងទៅ​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ក៏​បាន​បញ្ជាក់​ទទួល​​ស្គាល់​ដែរថា ករណី​បទ​ល្មើស​​ខ្លះ ត្រូវ​ស៊ី​ពេល​យូរ ដល់ទៅ​​២-៣ឆ្នាំឯណោះ ទើប​ចប់។ ដូច្នេះ អ្វីៗត្រូវ​កកស្ទះ។ ហេតុនេះ បើ​គ្រាន់​តែ​គិត​ពី​ចំនួន​ទ្រព្យ​សម្បត្តិ លុយ ម៉ូតូ ឡាន ​ដែល​ត្រូវ​រក្សា​ទុក ក៏​លំបាក​នឹងរក​កន្លែង​ដាក់​មើល​ថែ​ផង។

បើ​តាម​ស្មារតី​ច្បាប់ស្តីពីការ​ប្រឆាំង​គ្រឿងញៀន ​និង​សេចក្តីប្រកាស​រួម រវាងក្រសួង​សេដ្ឋកិច្ច​និង​​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​, ទ្រព្យ​សម្បតិ្ត​រឹប​អូស ​ទាំងអស់​ គឺ​ក្លាយ​ជា​ទ្រព្យ​សម្បត្តិរដ្ឋ ក្រោយពី​មាន​សាល​ក្រម​​បង្គា​ប់​​ជា​ស្ថាពរ​របស់​តុលាការ​។ តែ​ដូច​បញ្ជាក់​មុន​នេះ​ស្រាប់ ថា​ទម្រាំ​បាន​សេចក្តី​សម្រេច​ស្ថាពរពីសាលា​ជម្រះ​ក្តី​ គឺ​ត្រូវ​ស៊ីពេល​ច្រើន។ ដូច្នេះ​ហើយ ទើប​អ្នក​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ស្នើ​យោបល់រួច​ហើយ​ថា គួរ​តែ​មាន​យន្តការ​ពន្លឿន​នីតិវិធី ដើម្បីអាច​ឈាន​ទៅដល់​ការ​ចាត់​ចែង​ទ្រព្យ​សម្បត្តិ​រឹប​អូស​ទាំង​នោះ​ ឲ្យ​បាន​ឆាប់​រហ័ស។

ចំពោះ​ការ​ចាត់​ចែង​ទ្រព្យសម្បត្តិ​​នេះទៀតសោត​, បើ​តាម​ច្បាប់ជាធរមាន, គឺ​ត្រូវ​មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធពីសមាជិក​គណកម្មការ​​ច្រើន តួយ៉ាង​ក្រសួង​សេដ្ឋកិច្ច, អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន, ក្រសួង​យុត្តិធម៌, នគរបាល និង​កង​រាជអាវុធហត្ថ។ តែ​យ៉ាង​ណា​ក៏​ដោយ គេ​បាន​ដឹងថា ទ្រព្យ​សម្បត្តិ​ដែល​បាន​រឹបអូស​ពី​បទ​ល្មើស​គ្រឿង​ញៀន​ រួម​ទាំង​ផលទុន​ ឬទ្រព្យ​ដែល​ផល​កើត​ពីបទល្មើស ប្រាក់​ដែល​បាន​ពីការលក់​វត្ថុ ទ្រព្យ​ដែល​រឹបអូស​នោះ គឺ​ត្រូវ​កត់​ត្រា​ទាំងស្រុង​ចូល​ជា​ថវិការដ្ឋ ហើយ​ត្រូវ​បែង​ចែក​ជា ៣ផ្នែក។ ទី១ គឺ​ត្រូវ​​បង់​​ចូល​ថវិកា​ជាតិ ចំនួន​២៩ភាគរយ នៃ​ប្រាក់​ចំណូល​ប្រមូល​បាន។ ទី២ ផ្តល់​ឲ្យ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​​គ្រឿង​ញៀន ៧០ភាគរយ សម្រាប់​ទ្រទ្រង់​សកម្មភាព​ ហើយ​ទី៣ គឺ​សល់​ទឹក​ប្រាក់​ចំណូល​១ភាគរយទៀត​ ត្រូវ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​ចាត់​ចែង​សម្រាប់​ចំណាយ​ឧបត្ថម្ភ​​លើក​ទឹក​ចិត្ត​ចំពោះ​មន្ត្រី​ដែល​បំពេញ​ភារកិច្ច។​

ក៏ប៉ុន្តែ​ ដើម្បីអាច​ចាត់​ចែង​ដូច្នេះ​បាន​ គឺទាល់​តែ​បូក​សរុប​ វាយតម្លៃ ទ្រព្យសម្បត្តិ​​ទាំងអស់​​នោះ ហើយ​ដាក់​លក់ដោយ​មាន​ការ​​ដេញ​ថ្លៃ​ ត្រឹមត្រូវ​មាន​តម្លាភាព ដូច​ដែល​មាន​ចេញ​ក្នុង​ច្បាប់​និង​ប្រកាសរួម ជា​ធរមាន។ តែ​ជាការ​ជាក់​ស្តែង ពលរដ្ឋ​ទូទៅ ហាក់​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​រឿង​នេះបាន​ច្បាស់​លាស់​ ​នៅឡើយទេ។ ចំពោះ​ខាង​អាជ្ញាធរវិញ គឺ​ដោយសារតែ​មិន​ទាន់​មាន​សេចក្តី​សម្រេច​ស្ថាពរ​ដាច់​ស្រេច​ពីតុលាការ​។​ ដូច្នេះ​ក៏ពុំ​ទាន់​អាច​ចាត់ចែង​យ៉ាងណា​ ចំពោះ​ទ្រព្យ​សម្បត្តិ​រឹប​អូស ទាំងនោះ​នៅឡើយ​​ទេ។

បើ​ទោះ​ជាយ៉ាងនេះក្តី គេ​អាច​សម្លឹង​ឃើញ​ជា​បណ្តើរៗ ចំពោះ​ប្រយោជន៍​ដែល​អាច​ប្រើ​ចំពោះ​​ទ្រព្យសម្បត្តិ​​ទាំង​នោះបា​ន។ ក្រៅពី​ការ​បែក​ចែក​ចូល​ថវិកាជាតិ, លុយកាក់​ដែល​នៅ​សល់ ជាង​៧០ភាគរយ​ គួរតែ​ត្រូវ​ផ្ទេរ​ដោយ​មាន​តម្លាភាពបំផុ​ត​ សម្រាប់​ជំរុញ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​​របស់​អាជ្ញាធរ តទៅទៀត​។ ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​លើក​ទឹក​ចិត្ត​មន្ត្រីអនុវត្ត​ច្បាប់ ហើយ​និង​សម្រាប់​បង្កើន​សកម្មភាព​​កសាង​នីតិសម្បទា និង​ផ្តាច់​គ្រឿង​​ញៀន​ឲ្យ​បានជា​ពិតប្រាកដ។ លើសពីនេះ វិធាន​ការ​អប់រំ នៅតាម​សាលា តាម​សហគមន៍​និង​ប្រព័ន្ធផ្សព្វផ្សាយនានា​ ក៏​ត្រូវការ​ចំណាយ​លុយ​កាក់​មិន​តិត​ដែរ។ ដូច្នោះ ទឹក​ប្រាក់​ដែល​បាន​ពីការ​រឹបអូស ក៏​ត្រូវតែ​មាន​ចំណែក​សម្រាប់​កញ្ចប់​អប់រំ​ បញ្ជ្រាប​យល់ដឹង​ និង​បង្ការ​ទប់​ស្កាត់ដែរ។​ ទន្ទឹម​នេះ ក្នុង​ស្មារតីច្បាប់​ដែលពាក់ព័ន្ធ គឺមាន​ចែង​ពីការ​ផ្តល់​ទ្រព្យ​សម្បត្តិ​ខ្លះទៅឲ្យ​​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្នែក​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនដែរ។ ក៏​ប៉ុន្តែ គេហាក់​ដូចជា​ពុំ​ទាន់​ឃើញ​មាន ការ​ចែក​ផលទុនឬទ្រព្យ​សម្បត្តិ​ ដល់​អង្គការ​ទាំង​នោះ នៅឡើយ​ទេ​។

ហេតុនេះហើយ​ ឃើញ​ថា មាន​សកម្មភាព​ការងារ​ជាច្រើ​ន ដែល​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បំពេញ​ញាប់​ដៃ​ជើង​បន្ថែមទៀត​។ ជាមួយ​គ្នា​នេះ ក្តីបារម្ភ​និង​ការ​សង្ស័យ​ ក៏​មាន​ជាបន្តបន្ទាប់​ផង​ដែរ។ បារម្ភនិង​សង្ស័យ​នោះ គឺ​ជុំវិញ​ការ​ចាត់​ចែងទ្រព្យ​សម្បត្តិ​ដែល​រឹប​អូស​បាន គឺមិន​ទាន់​ត្រូវ​​លាត​ត្រដាង​ឲ្យ​បាន​ទូលំទូលាយ​ ហើយ​ពិសេស គឺ​នៅ​ពេល​ដែល​ចុះ​បង្ក្រាប​រឹបអូស​ទ្រព្យ​និងវត្ថុតាំង​នោះតែម្តង ដែល​បើ​តាម​ពលរដ្ឋ​ខ្លះ ហាក់​មិន​សូវ​ទុក​ចិត្ត​។ ដូច្នេះ ការ​ពង្រឹង​ទំនុក​ពលរដ្ឋ​និង​ការ​បង្ហាញ​តម្លាភាព ក៏ជា​ចំណែក​សំខាន់​ ដើម្បី​ជំរុញ​សកម្មភាព​កម្ចាត់​គ្រឿង​ញៀន ឲ្យប្រសិទ្ធិភាព​និងឲ្យ​​​ទទួល​បាន​ជោគជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ