អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ពលរដ្ឋ​ខ្មែរ​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ស្វីស នៅ​ពេល លោក​ ហ៊ុន សែន ត្រឡប់​មក​កម្ពុជា​

ប្រជាពល​រដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​គ្រោង​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​នៅ​ថ្ងៃ​ទី០៥ កក្កដា​នេះ​។ ប៉ុន្តែ​គម្រោង​បាតុកម្ម​នេះ​ធ្វើ​ឡើង នៅ​ពេល​ដែល​លោកហ៊ុន សែន បាន​បញ្ចប់​បេសសកកម្ម​ទាំង​ស្រុង​នៅ​ទីនោះ និង វិល​ត្រឡប់​មក​កម្ពុជា​វិញ​។ មុន​មក​កម្ពុជា លោក​ហ៊ុន សែន បាន​ចំអក​ទៅ​កាន់​អ្នក​រៀប​ចំ​បាតុកម្ម​ថា បរាជ័យ​ក្នុង​ការ​រៀប​ចំ​ដោយ​សារ​តែ​ធ្វើ​បាតុកម្ម​មិន​ចំ​ពេល​ដែល​លោក​ស្ថិត​នៅ​ទីក្រុង​ហ្សឺណែវ​។ 

ការចាកចេញទៅទីក្រុង ហ្សឺណែវ របស់លោក ហ៊ុន សែន កាលពីពេលកន្លងទៅនេះ (រូបភាពឯកសារ)
ការចាកចេញទៅទីក្រុង ហ្សឺណែវ របស់លោក ហ៊ុន សែន កាលពីពេលកន្លងទៅនេះ (រូបភាពឯកសារ) @FB
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​វេទិកា​ជួប​សំណោះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ក្នុង​ប្រទេស​ស្វីស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ហៅ​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​ថ្ងៃទី០៥ កក្កដា របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​អឺរ៉ុប​ថា គឺ​ជា​លេស​របស់​ពួក​គេ ដើម្បី​ចោទ​រូប​លោក​ថា​រត់​ចេញ​ពី​អឺរ៉ុប​ដោយ​សារ​តែ​បាតុកម្ម​នេះ​។ ប៉ុន្តែ​បើ​តាម​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន គឺ​វា​ពុំ​មែន​ដូច្នេះ​នោះ​ទេ​។ ពោល គឺ​លោក​បាន​ប្រកាស​រួច​ហើយ​ថា បេសសកកម្ម​នៅ​ស្វីស​របស់​លោក​នឹង​បញ្ចប់​នៅ​ថ្ងៃទី០៥ កក្កដា ហើយ​ត្រូវ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​។

មិន​តែ​ប៉ុណ្ណោះ លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​មិន​ជឿថា​បាតុកម្ម​ប្រឆាំង​រូប​លោក​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី០៥ កក្កដា​នេះ អាច​កើត​ឡើង​នោះ​ទេ ព្រោះ​ដំណើរ​ការ​នីតិ​វិធី​ស្នើ​សុំ​ច្បាប់​ធ្វើ​មិន​ទាន់​។ លោក​ថា ក្រុម​អ្នក​ប្រឆាំង​រូប​លោក​ទើប​តែ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ច្បាប់​ធ្វើ​បាតុកម្ម​នៅ​ស្វីស​កាល​ពី​ថ្ងៃទី០៤ កក្កដា ប៉ុន្តែ​សម្រាប់​ការ​សម្រេច​ថា​ឱ្យ ឬ មិន​ឱ្យ​ធ្វើ​បាតុកម្ម​នោះ គឺ​អាជ្ញាធរ​ស្វីស​ត្រូវ​ការ​ពេល​វេលា​ដល់​៤៨​ម៉ោង​ឯណោះ​។

ប៉ុន្តែ លោក​សម រង្ស៊ី ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​គូស​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន គឺ​នឹង​ធ្វើ​ឡើង​ដូច​បាន​គ្រោង​ទុក ដោយ​គ្មាន​អ្វី​ប្រែប្រួល​ទេ​។ តាម​លោក​សម រង្ស៊ី បាតុកម្ម​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​១២រសៀល​រហូត​ដល់​ម៉ោង១៧យប់ ម៉ោង​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នា​ថ្ងៃទី០៥ កក្កដា​នេះ​។

ជាមួយ​នឹង​ការ​បញ្ជាក់​ជាក់​លាក់​នៃ​ការ​ធ្វើ​បាតុកម្ម​នេះ លោក​សម រង្ស៊ី តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ដដែល​ក៏​បាន​ចោទ​ប្រកាន់​លោក​ហ៊ុន សែន ថា​បាន​ជួល​មនុស្ស​ឱ្យ​ទៅ​ស្វាគមន៍​រូប​គាត់ ក្នុង​កម្រៃ​ចាប់​ពី ២០០ ដុល្លារ ទៅ ២.០០០ ដុល្លារ​ក្នុង​ម្នាក់ អាស្រ័យ​លើ​ការ​មក​ពី​ជិត​ឬ​ឆ្ងាយ​។ នេះ គឺ​ខុស​ពី​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ដែល​លោកសម រង្ស៊ី អះអាង​ថា មក​ធ្វើ​បាតុកម្ម​ដោយ​ចិត្ត​ឯង ហើយ​ចេញ​ថ្លៃ​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង​ថែម​ទៀត​។

ប៉ុន្តែ លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថែម​ទាំង​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​ការ​ប្រមាថ​ដ៏​ធ្ងន់​ធ្ងរ​ដល់​អ្នក​ដែល​មក​ស្វាគមន៍​រូប​លោក​។ លោក ហ៊ុន សែន ថែម​ទាំង​បបួល​លោក​សម រង្ស៊ី ស្បថ​ដាក់​ជីវិត​ថែម​ទៀត​ចំពោះ​ការ​ចោទ​ប្រកាន់​បែប​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ