អានតួអត្ថបទ
កម្ពុជា-សង្គម

​ភ្ជុំ​បិណ្ឌ​៖ សង្គម​ស៊ី​វិល​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​បញ្ចេញ​រថ​យន្ត​ក្រុង​ដឹក​ពល​រដ្ឋ​ទៅ​ស្រុក​កំណើត ខណៈ​ប្រេង​ឥន្ធនៈ​និង​មធ្យោ​បាយ​ដឹក​ជញ្ជូន​ចាប់​ផ្ដើម​ឡើង​ថ្លៃ​

មួយ​សប្ដាហ៍​មុន​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​ចូល​មក​ដល់ តម្លៃ​ប្រេង​ឥន្ធនៈ ចាប់​ផ្ដើម​ឡើង​ថ្លៃ​ជា​បណ្ដើរ​ៗ​ហើយ​។ ចំណែក តម្លៃ​រថយន្ត​ក្រុង​ឯណោះ​វិញ ក៏​ឡើង​ថ្លៃ​ទៅ​តាម​នោះ​ដែរ។ ប្រឈម​នឹងបញ្ហា​នេះ មន្រ្តីសង្គមស៊ីវិលបាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​រថយន្ត​ក្រុង ដឹក​ពលរដ្ឋ​ទៅ​ស្រុក​កំណើត​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ជួយ​សម្រួល​ដល់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​។ 

រូបភាព៖ រថយន្តក្រុងសម្រាប់ដឹកជញ្ជូនសាធារណៈ
រូបភាព៖ រថយន្តក្រុងសម្រាប់ដឹកជញ្ជូនសាធារណៈ @សហការី
ផ្សាយពាណិជ្ជកម្ម

ដូច​រៀង​រាល់​ឆ្នាំ​ដែរ នៅ​ពេល​ពលរដ្ឋ​សម្រុក​ចេញ​ពី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំៗ ក្រុម​ហ៊ុនដឹក​ជញ្ជូន​អ្នក​ដំណើរ​បាន​ឆ្លៀត​តម្លើង​ថ្លៃ​ទ្វេ​ដង។ ដើម្បី​ចូល​រួម​ទប់ទល់​សភាព​ការណ៍​ឡើង​ថ្លៃ ក្រោម​លេស​ទីផ្សារ​សេរី លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​ជំរុញ​ដល់​រដ្ឋាភិបាល ឲ្យ​ឆាប់​បញ្ចេញ​រថយន្ត​ក្រុង​របស់​រដ្ឋ​ដឹក​ពលរដ្ឋ​ទៅ​ស្រុក​កំណើត ដូច​ដែល​ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​បាន​សន្យា​ជា​រឿយ​ៗ​។

សូមបញ្ជាក់ថា ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​កន្លង​ទៅ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ធ្លាប់​​​បញ្ចេញ​រថយន្តក្រុង​សាធារណៈ​របស់​សាលា​រាជធានី​ភ្នំពេញ​ចំនួន ២០០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​ពល​រដ្ឋ ទៅ​កាន់​ស្រុកកំណើត​ដោយ​មិន​គិតថ្លៃ​។ ដោយ​សារ​តែ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បញ្ចេញ​រថយន្ត​ក្រុង កាល​ពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរនេះ​ហើយ ទើប​សង្គម​ស៊ីវិល​ចង់​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​វិធាន​ការ​នេះ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បន្ត​ទៀត។ ក្នុង​អំឡុង​ពេល​​​បុណ្យចូលឆ្នាំ​​កន្លងទៅ​នេះ សេវា​រថយន្តក្រុង​សាធារណៈ​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​កាន់​បណ្តា​ខេត្ត​​សរុប ជាង ៨,៨៣៥​នាក់ ខណៈ​ត្រលប់​មក​វិញ​មាន​អ្នកដំណើរ​ប្រមាណ ៥,២៤២​នាក់ ។​

សម្រាប់​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ប្រមុខ​រដ្ឋាភិបាល ធ្លាប់​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​ពី​លទ្ធភាព​បញ្ចេញ​រថយន្ត​ក្រុង​ដើម្បី​ដឹក​ពលរដ្ឋ​ទៅ​ស្រុក​។ ក្រៅ​ពី​រថយន្ត​ក្រុង លោក ហ៊ុន សែន ក៏​បាន​ប្រកាសឲ្យ​ពលរដ្ឋ​ជិះ​រថភ្លើង​ដោយ​ឥត​គិត​ថ្លៃ ទៅ​លេង​ស្រុក​ពេល​ភ្ជុំ​បិណ្ឌ​ដែរ សម្រាប់​ពលរដ្ឋ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយ​មាន​ជ័យ​។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​នៅ​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការ​ផ្ដល់​សេវា​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ នៅ​ពេល​បុណ្យ​ភ្ជុំ​នៅ​ឡើយ​។

សម្រាប់​លោក សន ជ័យ រថយន្ត​ក្រុងក៏​ដោយ រថភ្លើងក៏​ដោយ ប្រសិន​បើ​រដ្ឋាភិបាល​សម្រេច​ផ្ដល់​សេវា​ឥត​គិត​ថ្លៃ​ដល់​ពលរដ្ឋ លោក សន ជ័យ ចង់​ឲ្យអាជ្ញាធរផ្សព្វផ្សាយ​ព័ត៌មាន និងកំណត់ម៉ោងពេលក្នុងការចេញដំណើរឲ្យ​បាន​ច្បាស់​លាស់​។

ជា​ការ​កត់​សម្គាល់ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ មិន​មែន​មាន​តែ​មធ្យោបាយ​ដឹក​ជញ្ជូន​ទេ​ដែល​ឡើង​ថ្លៃ តម្លៃប្រេងសាំងក៏​ឡើង​ថ្លៃ​ដែរ​។ បើ​តាម​ក្រសួង​ពាណិជ្ជកម្ម ចាប់​ពី​ថ្ងៃ​ទី​១​ដល់​១៥​ខែ​តុលា ប្រេងធម្មតា​មាន​តម្លៃមួយលីត្រ៤.៣​៦៤រៀល ខណៈ​ប្រេង​ម៉ាស៊ូត​មាន​តម្លៃ៤.១៩៥រៀល​ក្នុង​មួយ​លីត្រ។ ក្រសួង​ពាណិជ្ជកម្ម​មិន​បាន​ពន្យល់​ពី​មូលនៃការឡើងថ្លៃនេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ