អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សេវា​សាធារណៈ​​នៅ​តែ​​ជា​​ចំណោទ​​ដែល​​ពិបាក​​ស្រាយ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុងន័យ​លើកកម្ពស់​ការបម្រើ​ពលរដ្ឋ​ម្ចាស់ឆ្នោត​ឲ្យ​បានល្អ​ប្រសើរ រដ្ឋាភិបាល​បានបង្ហាញ​ពី​គោលនយោបាយ​កំណែទម្រង់​មួយចំនួន​ក្នុងនោះ​ការកំណត់​តម្លៃ​សេវាកម្ម​ការងារផ្សេងៗនៅ​ថ្នាក់ក្រោម​ជាតិ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ។ ប៉ុន្តែ ក្នុង​វេទិកាសាធារណៈ​ជា​បន្តបន្ទាប់​ដែល​រៀប​ចំឡើង​ដោយ​អង្គការ Comfrel ប្រជាពលរដ្ឋ​ជាច្រើន​នៅតែ​សម្តែង​ការមិនសប្បាយចិត្ត​ចំពោះ​សេវាសាធារណៈ​ដដែល។ ពួកគេ​ត្អូញត្អែរថា សេវាសាធារណៈ​ហាក់​មិនមែនជា​កន្លែង​បម្រើ​ពលរដ្ឋ​ទេ​តែ​វា​ដូចជា​កន្លែង​លក់​សេវាកម្ម​ច្រើនជាង។ តើ​ហេតុអ្វី​បានជា​វិស័យនេះ​ពិបាក​កែ​ម្ល៉េះ?

ប្រជាជន​ខ្មែរ​មិនសូវ​មានទំនុកចិត្ត​លើ​មន្ទីរពេទ្យ​ខ្មែរ​
ប្រជាជន​ខ្មែរ​មិនសូវ​មានទំនុកចិត្ត​លើ​មន្ទីរពេទ្យ​ខ្មែរ​ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ជាច្រើន​ឆ្នាំ​មកនេះ ជាពិសេស​រដ្ឋាភិបាល​អាណ​ត្តិ​ទី៥នេះ​តែម្តង​បាន​ខិតខំ​ប្រឹងប្រែង​ដាក់ចេញ​វិធានការ​ជា​បន្តបន្ទាប់​ក្នុងន័យ​ធ្វើយ៉ាងណា​ឲ្យ​មន្ត្រី​សាធារណៈ​បម្រើ​ពលរដ្ឋ​ឲ្យ​បានល្អ​និង​មាន​ប្រសិទ្ធភាព​ជាង​មុន។ ប៉ុន្តែ រហូតមកទល់​ពេលនេះ កិច្ចខិតខំ​ប្រឹងប្រែង​ស្តា​កេរ្តិ៍ឈ្មោះ​រដ្ឋបាល​សាធារណៈ​ហាក់​មិនបាន​ទទួលលទ្ធផល​ជា​ដុំកំភួន​នៅឡើយ​ទេ។ ប្រជាពលរដ្ឋ​ដែល​ត្រូវការ​សេវាសាធារណៈ​នៅតែ​មិន​សប្បាយចិត្ត​ចំពោះ​អាកប្បកិរិយា​កោសរូស​រកប្រាក់​ដាក់​ហោប៉ៅ​ពី​សំណាក់​មន្ត្រី​សាធារណៈ​ដដែល។

ទម្លាប់​ដុះ​ស្លែ​មួយ​នេះ​នៅតែ​បង្ក​ផល​លំបាក​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​អ្នកក្រីក្រ​ដែល​គ្មាន​លទ្ធភាព​បង់ប្រាក់​ក្រៅផ្លូវការ។ ក្នុងទិសដៅ​លុបបំបាត់​ទម្លាប់​ដែល​ពិបាក​កែ​នេះ រដ្ឋាភិបាល​បានចេញ​តារាង​តម្លៃ​សេវាកម្ម​នានា​ឲ្យ​រដ្ឋបាល​មូលដ្ឋាន​អនុវត្តតាម។ តារាង​តម្លៃ​នេះ​ត្រូវបាន​គេ​បិទ​នៅ​គ្រប់កន្លែង​បម្រើ​សវា​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​នៅ​ថ្នាក់មូលដ្ឋាន។ ប៉ុន្តែ វិធានការ​នេះ​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​លាង​សម្អាត​រដ្ឋបាល​ធារ​ណៈ​នៅ​កម្ពុជា។

ដើម្បី​កែលម្អ​សេវាសាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព គេ​គួរ​គប្បី​ស្វែងយល់​អំពី​ឫសគល់​របស់​វា។ ឫសគល់​នៃ​ទម្លាប់​រកប្រាក់​ដាក់​ហោប៉ៅ​របស់​មន្ត្រី​សាធារណៈ​កំពុង​ជ្រកកោន​យ៉ាង​ស្ងៀមស្ងាត់​នៅក្នុង​ជម្រៅ​នៃ​ផ្នត់គំនិត​របស់​មនុស្ស​ខ្មែរ។ ជាទូទៅ មន្ត្រី​សាធារណៈ​តែងមាន​ទម្លាប់​ស្វែងរក​លាភសក្ការៈ​ពីមុខ​នាទី​របស់ខ្លួន។ ខុសពី​វិស័យ​ឯកជន​ដែល​គេ​ខិតខំ​បម្រើ​សវាក​ម្ម​ឲ្យ​បានល្អ​បំផុត​ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​មក​ប្រើ​សេវា​របស់គេ​ឲ្យ​បាន​ច្រើន ប៉ុន្តែ នៅក្នុង​វិស័យ​សាធារណៈ​វិញ មន្ត្រី​អ្នកផ្តល់​សេវាកម្ម​ច្រើនតែ​បង្ក​ភាពស្មុគស្មាញ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគេ​ទម្លាក់​លុយ។ នេះ​ជា​ឫសគល់​សំខាន់​ទី។

ចំណែក​អ្នកមាន​លុយ​ខ្លះ​វិញ​ក៏​ចូលចិត្ត​ប្រើ​ទឹក​លុយ​ដើម្បី​ឲ្យ​មន្ត្រី​សាធារណៈ​បម្រើសេវា​កម្ម​ឲ្យ​ខ្លួន​ឲ្យ​បាន​ឆាប់​តាមចិត្ត​ចង់។ នេះ​ជា​ឫសគល់​សំខាន់​ទី។ រីឯ​ផ្នត់គំនិត​ផ្តល់​តម្លៃ​ដល់​លុយកាក់​និង​អំណាច​ច្រើនជាង​សីលធម៌​គឺជា​ឫសគល់​ទី។ អ៊ីចឹង​ហើយ​បានជា​សេវាកម្ម​សាធារណៈ​ច្រើនតែ​ក្លាយជា​ទីកន្លែង​តថ្លៃ​គ្នា​ដូចជា​ទំនិញ។ នេះ​ក៏​ជា​លក្ខណៈពិសេស​មួយ​ដែរ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​រាល់​អាជីវកម្ម​និង​សេវាកម្ម​របស់​រដ្ឋ​មិនអាច​ប្រៀប​នឹង​វិស័យ​ឯកជន​បានឡើយ។ ប៉ុន្តែ ដោយសារតែ​ប្រជាពលរដ្ឋ​គ្មាន​ជម្រើស​និង​មិនអាច​ចៀសវាង​បាន​ទើប​ពួកគេ​នៅតែ​បន្ត​ប្រើប្រាស់​សេវាកម្ម​សាធារណៈ​ទោះជា​ដោយ​ទឹកចិត្ត​មួហ្មង​ក៏ដោយ។

ជាការ​ពិត ការកំណត់​តម្លៃ​និង​បិទ​ផ្សាយ​ជា​សាធារណៈ​ជា​វិធី​ល្អ​ម្យ៉ាង​ហើយ ប៉ុន្តែ វិធានការ​នេះ​នឹង​គ្មាន​ប្រសិទ្ធភាព​ឡើយ​ប្រសិនបើ​គ្មាន​ចំណាត់ការ​ផ្សេងទៀត​អម​ជាមួយ​ទេនោះ​ពីព្រោះ​ទោះបីជា​តារាង​តម្លៃ​ត្រូវបាន​បិទ​ជាប់​នឹង​ជញ្ជាំង​ក៏ដោយ ក៏​មន្ត្រី​សាធារណៈ​នៅតែ​អាច​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់​ក្រៅផ្លូវការ​បាន​ដដែល។ វិធី​ដែល​ពួកគេ​ប្រើ​គឺ​ភាព​ព្រងើយ​កន្តើយ​សោះអង្គើយ​ដាក់​អតិថិជន​ឬ​ការបង្ក​លក្ខណៈ​លំបាកផ្សេងៗតាមរបៀប​ការិយា​ធិបតេយ្យ​​ដែល​ធ្វើ​ឲ្យ​អ្នកទទួល​សេវាកម្ម​ខាត​ពេលវេលា។ ទីបំផុត ពួកគេ​ក៏​បង្ខំចិត្ត​ប្រើ​លុយ​ក្រោម​តុ​ឲ្យ​មន្ត្រី​អាជ្ញាធរ ដើម្បី​ទទួលបាន​សេវាកម្ម​ងាយស្រួល​និង​ឆាប់រហ័ស។

សរុប​មកវិញ ឱសថ​ដ៏​ស័ក្តិសិទ្ធិ​បំផុត​សម្រាប់​ព្យាបាល​ជំងឺ​ក្នុង​សេវាកម្ម​សាធារណៈ​គឺ​ការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​មនុស្ស​ពី​ទម្លាប់​ទិញដូរ​សេវាកម្ម​ឲ្យ​ទៅជា​ការបម្រើ​ដោយ​ឥត​បង់ថ្លៃ​វិញ។ ក្នុងន័យនេះ ជាបឋម រដ្ឋ​ត្រូវ​ផ្តល់​ប្រាក់ខែ​សមរម្យ​ដល់​មន្ត្រីរាជការ​ដែល​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​រស់​ដោយ​សេចក្តីថ្លៃថ្នូរ។ បន្ទាប់មកទៀត ការពង្រឹង​ក្រមសីលធម៌​របស់​មន្ត្រី​សាធារណៈ​​និង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​គឺជា​ច​ន្ទុ​លពីរ​ទៀត​មិនអាច​ខ្វះ​បាន។

ម្យ៉ាងទៀត ប្រព័ន្ធ​ត្រួតពិនិត្យ​ប្រកបដោយ​ប្រសិទ្ធភាព​គួរតែ​ត្រូវបាន​បង្កើត​ឡើងជា​ចាំបាច់។ ប្រព័ន្ធ​ត្រួតពិនិត្យ​ប្រកបដោយ​សុវត្ថិភាព​មានន័យថា​ជា​ក្រុមការងារ​មួយ​ដែលមាន​តួនាទី​ត្រួតពិនិត្យ​ការអនុវត្ត​របស់​មន្ត្រី​មូលដ្ឋាន​ដ៏​ពិតប្រាកដ​មួយ​គឺ​មិនមែន​គ្រាន់តែ​ក្រុមការងារ​ដែល​ទៅ​ទទួល​ប្រាក់​សំណូក​ពី​មន្ត្រី​ថ្នាក់ក្រោម​រួចហើយ​មក​រាយការណ៍​បំភាន់​ថ្នាក់លើ​ដូច​ដែល​ក្រុមអធិការកិច្ច​ខ្លះ​ធ្លាប់​បានធ្វើ​កាលពី​កន្លងទៅ​នោះឡើយ។ ប្រសិនបើ​កត្តាចាំបាច់​ទាំងនេះ​មិនអាច​បំពេញ​បានទេ បញ្ហា​ដែល​កើត​ក្នុង​សេវាសាធារណៈ​នឹង​បន្តធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​ធ្លាក់ចុះ​ប្រជាប្រិយភាព​បន្តទៀត​ដោយ​ចៀស​មិន​ផុត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ