អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វត្តមាន​បង្គន់​អនាម័យ​នៅ​តាម​ទី​សាធារណៈ​ចាំ​បាច់និង​បង្ហាញ​ពី​ការ​គិត​គូរ​ដល់​បរិស្ថាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

បង្គន់​អនាម័យ​ឬ​បន្ទប់​ទឹក​សាធារណៈ គឺ​ជា​បញ្ហា​អាទិភាព ខណៈ​ដែល​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍ តំបន់​កំសាន្ត​នានា ដូច​ជា​ទី​លំហែកាយ​សាធារណៈ ទី​ប្រជុំ​ជន​ទេសចរណ៍ និង​រមនីយដ្ឋាន​ធម្មជាតិ នានា​នៅ​តាម​បណ្តា​ខេត្ត-រាជធានី។ កង្វះ​ខាត​ទី​តាំង​សំខាន់​ទាំង​នេះ បាន​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍ និង​មុខ​មាត់​ប្រទេស​ជាតិ ជា​ពិសេស​ជុំវិញ​បញ្ហា​អនាម័យ​និងបរិស្ថាន។

វត្តមាន​បង្គន់​អនាម័យ​នៅ​តាម​ទី​សាធារណៈ​ចាំ​បាច់ និង​បង្ហាញ​ពី​ការ​គិត​គូរ​ដល់​បរិស្ថាន
វត្តមាន​បង្គន់​អនាម័យ​នៅ​តាម​ទី​សាធារណៈ​ចាំ​បាច់ និង​បង្ហាញ​ពី​ការ​គិត​គូរ​ដល់​បរិស្ថាន
ផ្សាយពាណិជ្ជកម្ម

សាលា​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​រៀប​ចំ​សង់​បង្គន់​សាធារណៈ​ទំនើប​មួយ នៅ​សួន​ច្បារដេ​អិន​ សម្រាប់​សាធារណៈ​ជន ​ប្រើ​ប្រាស់​នៅ​ពេល​ទៅ​លំហែ​កម្សាន្ត  និង​ហាត់​ប្រាណ​នៅ​ទី​នោះ។ ជា​ការ​ពិត​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​ចាំ​បាច់​បំផុត​គឺ​បង្គន់​អនាម័យ។ គេ​មិនអាច​និយាយ​ថា ប្រទេស​មួយ​មាន​ការ​អភិវឌ្ឍ ទី​ក្រុង​មួយ​ប្រកប​ដោយ​សោភ័ណ្ឌភាព រមណីយដ្ឋាន​មួយ​ដ៏​ស្រស់​ត្រកាល​បាន​ទេ ដរាប​ណា​បញ្ហា​បង្គន់​អនាម័យ​មិន​ត្រូវ​បាន​គិត​គូរ​ជា​បឋម​នោះ។

​ការ​បង្កើត​ឲ្យ​មាន​បង្គន់​អនាម័យ​នៅ​តាម​ទី​សាធារណៈ​សំខាន់ៗ ត្រូវ​តែ​មាន​ការ​គិត​គូរ​មុន​គេ។ ហើយ​ការ​បង្កើត​ឲ្យ​មាន​កន្លែង​អនាម័យ​នេះ​ទៀត​សោធ គឺ​មិន​មែន​គ្រាន់​តែ​ឲ្យ​មាន​នោះ​ទេ ត្រូវ​មាន​ផ្លាក​សញ្ញា​និង​ការ​ណែនាំ​ត្រឹម​ត្រូវ​ថា តំបន់​កំសាន្ត​មួយ មាន​បង្គន់​នៅ​ត្រង់​ចំណុច​ណា កន្លែង​ណា។ បញ្ហា​បង្គន់​អនាម័យ​សាធារណៈ​នេះ បាន​កើត​ឡើង​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

និយាយ​ពី​រាជធានី​ភ្នំពេញ មាន​តំបន់​កំសាន្ត និង​តំបន់​ប្រមូល​ផ្តុំ​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​បង្គន់​អនាម័យ​សាធារណៈ នៅ​ឡើយ។ ជា​ពិសេស​នៅ​ស្តាត​អូឡាំពិក ជា​មជ្ឈមណ្ឌល កីឡា​ដ៏​ធំ​របស់​ជាតិ បណ្តុំ​ដោយ​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​នាក់ នៅ​ពេល​មាន​ការ​ប្រកួត​បាត់​ទាត់​ជា​លក្ខណៈ​អន្តរជាតិ​ម្តងៗ បន្ទប់​ទឹក​និង​បង្គន់​អនាម័យ​មិន​អាច​ប្រើ​ប្រាស់​បាន។ នៅ​ខេត្ត​ស្ទឹង​ត្រែង​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ក្នុង​ឱកាស​បុណ្យ​ទន្លេ ក៏​លេច​ឮ​បាតុភាព កង្វះ​ខាត​បង្គន់​អនាម័យ​ដែរ ដោយ​កន្លែង​ខ្លះ​មាន​តែ​សំបក​បង្គន់​តែ​គ្មាន​ទឹក។ ដោយ​ឡែក​នៅ​តាម​បណ្តា​ខេត្ត​ទេសចរណ៍​ជាប់​មាត់​សមុទ្រ​វិញ ដូច​ជា​ក្រុង​កែប​ជា​ដើម បង្គន់​អនាម័យ​ត្រូវ​បាន​បង់​ប្រាក់​ក្នុង​កំរិត​មួយ​មិន​សមរម្យ គឺ​មនុស្ស​ម្នាក់​ត្រូវ​បង់ ១​ពាន់​រៀល នៅ​ពេល​ចូល​បន្ទប់​ទឹក​បត់​ជើង​តូច​ម្តង។ ទាំង​អស់​នេះ គឺ​ជា​ឧទាហរណ៍​ខ្លះៗ​ប៉ុណ្ណោះ។

ជា​ទូទៅ តែង​មាន​ការ​លើក​ជា​សំណួរ​រិះ​គន់​លើ​បញ្ហា​បន្ទប់​ទឹក ឬ​បង្គន់​អនាម័យ​សាធារណៈ​នេះ​គ្រប់​ទី​កន្លែង។ តាម​ពិត​មាន​បច្ច័យ​មិន​ល្អ​ជា​ច្រើន នៅ​ពេល​ដែល​ពុំ​មាន​បង្គន់​អនាម័យ​នៅ​ទី​សាធារណៈ។ ដោយ​សារ​មូល​ហេតុ​នេះ​ហើយ​ទើប​ទី​សាធារណៈ​មួយ​ចំនួន​ជា​ពិសេស នៅ​តាម​ច្រាំង​ទន្លេ មុខ​ព្រះបរមរាជវាំង តែង​មាន​ជះ​ក្លិន​ស្អុយ ឆ្អេះ ឈួល​មក​ម្តងៗ ដោយ​សារ​តែ​មាន​ការ​បន្ទោបង់ ឬ​បត់​ជើង​តូច​ពាស​វាល​ពាស​កាល។ ចំណុច​នេះ អាច​បណ្តាល​មក​ពី​ខ្វះ​បង្គន់​អនាម័យ ហើយ​មួយ​ទៀត​រួម​ផ្សំ​ជាមួយ ឥរិយាបថ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​មិន​ខ្វល់ និង​មិន​យល់​ពី​បញ្ហា​អនាម័យ។

ដោយ​ឡែក នៅ​ពេល​ដែល​រដ្ឋ​បាន​រៀប​ចំ​បង្គន់​អនាម័យ និង​បន្ទប់​ទឹក​សាធារណៈ​គ្រប់​គ្រាន់​ហើយ​នោះ មិន​ប្រាកដ​ថា​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ត្រូវ​បាន​លុប​បំបាត់​ទាំង​ស្រុង​នោះ​ទេ។ សំខាន់​នៅ​ពេល​ដែល​មាន​បង្គន់​អនាម័យ​ហើយ នៅ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ពិសេស ត្រង់​ថា ពលរដ្ឋ​ខ្លះ​មិន​អាច​រត់​ទៅ​រក​បង្គន់​អនាម័យ​ទាំង​អស់​នោះ​ទេ។ ដោយ​សារ​អ្វី គឺ​ដោយ​សារ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដូច​ជា​អ្នក​ប្រកប​មុខ​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​មាន​អ្នក​រត់​ម៉ូតូ​ឌុប ឬ​ម៉ូតូ​កង់​បី អ្នក​លក់​គ្រឿង​បរិភោគ​តាម​រទេះ និង​អ្នក​ដែល​មាន​វត្តមាន​តាម​ទី​សាធារណៈ​ឯ​ទៀត តែង​រក​វិធី​គេច​ពី​ការ​បង់​លុយ ខណៈ​ដែល​បង្គន់​សាធារណៈ​មួយ​ចំនួន​ទាមទារ​ឲ្យ​មាន​ការ​បង់​ប្រាក់។

ហេតុ​ដូច្នេះ​ហើយ​គេ​តែ​ឃើញ​ជា​ញឹក​ញយ ការ​បន្ទោបង់ ឬ​បត់​ជើង​តូច​តាម​គុម្ព​ផ្កា តាម​រប​ងអគារ​សាធារណៈ​នានា តាម​របង​ការ​ដ្ឋាន​សំណង់​មួយ​ចំនួន ជា​ហេតុ​ធ្វើ​ឲ្យ​បរិយាកាស​ដ៏​ស្រស់​ស្អាត​ជា​ពិសេស​កន្លែង​កម្សាន្ត​ពោរ​ពេញ​ទៅ​ដោយ​ក្លិន​មិន​ល្អ។

​ជា​ដំណោះ​ស្រាយ ដើម្បី​ចរិក​បន្ទោបង់​ពាស​វាល​ពាស​កាល គប្បី​រដ្ឋ​អំណាច​មាន​យន្តការ​ច្បាស់​លាស់​ពោល​គឺ ធានា​ឲ្យ​បាន​នូវ​បង្គន់​អនាម័យ​សាធារណៈ​នៅ​គ្រប់​តំបន់​កំសាន្ត​សប្បាយ ទី​ប្រជុំជន និង​កន្លែង​ប្រមូល​ផ្តុំ​នានា។ ដោយ​សារ​ប្រទេស​កម្ពុជា​នៅ​មាន​ពលរដ្ឋ​ក្រីក្រ​ច្រើន​នៅ​ឡើយ ការ​រិះ​ថាំ​ប្រាក់​បន្តិច​បន្ទួច​គឺ​ជា​ការ​ចាំ​បាច់ ដូច្នេះ​គួរ​តែ​បង្កើត​ឲ្យ​មាន​ទាំង​ពីរ​យ៉ាង​គឺ បង្គន់​បង់​លុយ​ដើម្បី​ទ្រទ្រង់​ការ​សម្អាត និង​បង្គន់​បង់​លុយ​តាម​ការ​ស្ម័គ្រ​ចិត្ត។

ធ្វើ​បែប​នេះ ប្រសិន​បើ​នៅ​តែ​មាន​ការ​បន្ទោបង់​តាម​ទី​សាធារណៈ​ទៀត នោះ​វា​ជា​ភារៈ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​ត្រូវ​ចាត់​វិធាន​ការ​ណែនាំ​ ដាក់​ពិន័យ ឬ​ព្រមាន​ឲ្យ​អ្នក​ប្រព្រឹត្ត​ខុស​វិល​ទៅ​រក​ភាព​ស្អាត​ស្អំ ផ្លាស់​ប្តូរ​ទំលាប់​មិន​ល្អ​ចោល ដើម្បី​បរិស្ថាន​មួយ ដែល​អាច​ទទួល​យក​បាន​ទាំង​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង និង​ភ្ញៀវ​ទេសចរណ៍​មក​ពី​ក្រៅ​ប្រទេស។

ដូច​គ្នា​ដែរ​នៅ​តាម​បណ្តា​ខេត្ត តំបន់​ទេសចរណ៍​សំខាន់ៗ​នៅ​ទូទាំង​ប្រទេស ត្រូវ​គិត​ពី​បញ្ហា​បង្គន់​និង​បន្ទប់​ទឹក​នេះ ជា​ការ​ចាំ​បាច់ និង​ចៀស​វាង​ការ​កំរិត​យក​ប្រាក់​ច្រើន​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​មាន​គំនិត​គេច​វេស​ពី​ការ​ចូល​រួម​រក្សា​អនាម័យ​និង​បរិស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ