រដូវភ្ជុំបិណ្ឌ៖ ហេតុអ្វីតម្លៃឈ្នួលរថយន្តឡើងថ្លៃរាល់តែឆ្នាំ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១២
ឲ្យតែដល់ពេលរដូវកាលបុណ្យទានម្តងៗ ថ្លៃឈ្នួលឡាន និងសំបុត្រឡានក្រុង គឺដឹងតែពីឡើងថ្លៃ។ មិនថាបុណ្យចូលឆ្នាំ ឬភ្ជុំបិណ្ឌនោះទេ អ្នកដំណើរដែលត្រូវជិះឡានទៅស្រុកកំណើត គឺតែងតែត្អូញត្អែ និងបន្ទោសអ្នកនេះ ឬអ្នកនោះ ដែលនៅពីក្រោយការឡើងថ្លៃឈ្នួល។ ឆ្លៀតឱកាសនេះ ហេង ឧត្តម សូមចូលខ្លួនមកពន្យល់ពីមូលហេតុនៃការឡើងថ្លៃឈ្នួលរថយន្ត និងសាកល្បងផ្តល់ដំណោះស្រាយមួយចំនួន។
ចំពោះការឡើងថ្លៃឈ្នួលរថយន្តដឹកអ្នកដំណើរនេះ ជារឿយៗ ភាគីខាងថៅកែក្រុមហ៊ុន តែងតែអះអាងថា ខ្លួនបានចំណាយប្រាក់ច្រើនជាងធម្មតា សម្រាប់ជួលបុគ្គលិក ឲ្យធ្វើការនៅថ្ងៃឈប់សម្រាកពេលបុណ្យទាន។ ក្រុមបុគ្គលិក ដែលមិនបានឈប់សម្រាក មិនបានទៅលេងបងប្អូនក្រុមគ្រួសារ ហើយពួកគេត្រូវធ្វើការច្រើនទៀត ដូច្នេះតម្លៃប្រាក់ឈ្នួលប្រចាំថ្ងៃសម្រាប់ពួកគេ ក៏ត្រូវគុណឡើងឲ្យពួកគេច្រើនជាងធម្មតាដែរ។ ហេតុនេះ ខាងក្រុមហ៊ុនត្រូវចំណាយច្រើនជាងថ្ងៃធម្មតាសម្រាប់ជួលបុគ្គលិក។
លើសពីនេះ ចំពោះរថយន្តឈ្នួល ពេលដឹកមនុស្សចេញពីក្រុងទៅច្រើននាក់មែន តែពេលត្រឡប់ចូលក្រុងវិញ គឺអត់មាន ឬស្ទើរគ្មានអ្នកជិះមកវិញទេ។ ដូច្នេះ តម្លៃឈ្នួល ឬតម្លៃសំបុត្រ គឺត្រូវឡើង ជៀសមិនផុត ដើម្បីទប់ទល់ការខាតបង់ ដែលអត់មានភ្ញៀវជិះត្រឡប់មកវិញ។
ជាធម្មតាទេ បើមនុស្សសម្រុកធ្វើដំណើរច្រើន ហើយឡានឈ្នួលមានតិច ទោះចង់មិនចង់ តម្លៃឈ្នួលច្បាស់ជាកើនឡើង។ ដែលនេះ គេអាចនិយាយតាមទ្រឹស្តីសេដ្ឋកិច្ចបានថា ទំនិញសេវាកម្មលក់ដាច់ច្រើន ហើយការផ្គត់ផ្គត់សេវា មានតិចតួច គឺត្រូវតែឡើងថ្លៃដូច្នេះហើយ។ នេះគឺជារឿងធម្មតាទេ។
មួយវិញទៀត ប្រេងសាំង និងប្រេងម៉ាស៊ូត បើទោះបីជាមិនបានឡើងថ្លៃច្រើនក៏ដោយ ក៏ក្នុងតម្លៃរាល់ថ្ងៃនេះ គឺជាលេសមួយសម្រាប់ភាគីខាងរថយន្តដឹកអ្នកដំណើរ ចាត់ទុកថានៅតែថ្លៃខ្ពស់សម្រាប់ពួកគេនៅឡើយ។
ម្យ៉ាងវិញទៀត ចំពោះក្រុមហ៊ុនឯកជន និងអ្នករកស៊ី ជាធម្មតាទេ គឺតែងតែចង់បានចំណេញ។ បើក្នុងពេលបុណ្យទាន គឺមានមនុស្សជិះច្រើន ដូច្នេះ កៅអីជិះគឺពេញៗ ហើយបើតម្លៃសំបុត្រកាន់តែឡើងខ្ពស់ទៀត នោះគឺគេរឹតតែចំណេញកាន់តែច្រើនដែរ។
ធំដុំជាងនេះទៅទៀត កម្ពុជាអនុវត្តគោលនយោបាយទីផ្សារសេរី ដែលផ្នែកឯកជនអាចដំឡើង ឬបញ្ចុះថ្លៃតាមចិត្ត ហើយគោលការណ៍ទីផ្សារសេរី តម្រូវឲ្យប្រកួតប្រជែងគ្នា ទាំងតម្លៃនិងសេវាកម្ម ដោយសេរី ដែលរដ្ឋាភិបាលមិនអាចដាក់បញ្ជា ឬដាក់កម្រិតតម្លៃណាមួយបាននោះទេ។
ហេតុនេះ ចំពោះមុខនៃបញ្ហាឡើងថ្លៃឈ្នួលដូច្នេះ តើគេអាចមានដំណោះស្រាយអ្វីខ្លះ សម្រាប់ប្រជាពលរដ្ឋអ្នកធ្វើដំណើរទៅស្រុកកំណើត?
ចំណុចនេះ រដ្ឋាភិបាល បានអំពាវនាវរួចមកហើយ និងថែមទាំងបានគិតគូរតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពេលថ្មីៗនេះ បានសហការជាមួយក្រុមហ៊ុនដឹកអ្នកដំណើរចំនួន ១៤ក្នុងចំណោម ៣១ក្រុមហ៊ុន បានសន្យា និងប្តេជ្ញាចិត្តថា នឹងមិនឡើងថ្លៃទេ ក្នុងពេលបុណ្យភ្ជុំបិណ្ឌនេះ។ នេះគឺជាដំណឹងល្អ ហើយក៏ជាការគួរឲ្យអបអរសាទរ! ក៏ប៉ុន្តែវិធានការនេះ គឺនៅមិនទាន់គ្រប់គ្រាន់នោះទេ។ ត្បិតថា នៅមានក្រុមហ៊ុនជាងពាក់កណ្តាលទៀត ដែលមិនទាន់ប្តេជ្ញាចិត្តអនុវត្តការមិនឡើងថ្លៃ ហើយនៅមានក្រុមឡានឈ្នួលឯកជន ឡានប្រភេទតូចៗ ១២ ឬ ១៤កៅអី, ឡានតូរីស, នីសាន់ ឡានផ្សេងៗទៀត គឺនៅតែបន្តឡើង និងកាន់តែឡើងថ្លៃទ្វេដង។ ទោះយ៉ាងណាក្តី អាជ្ញាធរ ត្រូវតែបន្តបញ្ជុះបញ្ចូលក្រុមហ៊ុនទាំងអស់ ឯកភាពគ្នា ព្រមចុះកិច្ចសន្យាមិនដំឡើងថ្លៃសំបុត្ររថយន្តដឹកអ្នកដំណើរជាបន្តបន្ទាប់ទៀត។
ដំណោះស្រាយផ្សេងទៀត គឺនៅតែជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ចំពោះការផ្តល់សេវា ដែលជាប្រយោជន៍សមូហភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន។ ចំណុចនេះ រដ្ឋអាចត្រូវគិតគូរពីការឧបត្ថម្ភធនធានដល់ក្រុមហ៊ុនរថយន្ត ឲ្យរក្សាតម្លៃសម្រាប់ពលរដ្ឋអ្នកធ្វើដំណើរក្នុងតម្លៃថេរដដែល ហើយរដ្ឋបង់ថ្លៃខាតជូនក្រុមហ៊ុន។ ប៉ុន្ថែមពីនេះ រដ្ឋត្រូវជួយសម្រួលរក្សាតម្លៃសាំង ឬក៏ចរចាជាមួយស្ថានីយឥន្ធនៈ បញ្ចុះថ្លៃប្រេងសាំង និងប្រេងម៉ាស៊ូតតែម្តង។
ផ្លូវល្អមួយទៀត ហើយក៏អាចជាដំណោះស្រាយរយៈពេលយូរផងដែរ! រដ្ឋគួរតែទិញរថយន្ត ឬជួលរថយន្តផ្ទាច់មុខ សម្រាប់ដឹកអ្នកដំណើរទៅស្រុកកំណើតដោយមិនគិតថ្លៃ ឬយកប្រាក់ដែរ តែក្នុងតម្លៃថោកបំផុត។ ត្រង់នេះ គឺទំនងជាមិនលំបាកធ្វើទេ បើគ្រាន់តែអំពាវនាវឲ្យមហាសេដ្ឋីស្រុកខ្មែរ និងឧកញ៉ាជាង ៧០០នាក់ ឲ្យជួយគិតគូរនោះ។ ឧទាហរណ៍ថា គ្រាន់តែឧកញ៉ានីមួយៗរាប់រងផ្នែកដឹកជញ្ចូនអ្នកដំណើរទៅកាន់ខេត្តក្រុងរបស់ខ្លួននីមួយៗ គឺគ្រប់គ្រាន់ស្រេចទៅហើយ។
ថែមពីនេះ សម្រាប់រដូវកាលបុណ្យទានធំៗ រដ្ឋគួរតែអាចប្រមែប្រមូលរថយន្តពីគ្រប់ក្រសួង ស្ថាប័ន និងមន្ទីរនានារបស់រដ្ឋ ដាក់ឲ្យរត់ដឹកអ្នកដំណើរ ដោយចេញថ្លៃសាំង ហើយថែមកម្រៃលុយកាក់ ជួលអ្នកបើកបរទៅ គឺល្អណាស់ទៅហើយ។ នៅពេលធ្វើដូច្នេះ ពលរដ្ឋកាន់តែត្រេកអរ និងកាន់តែដឹកគុណរដ្ឋទៀតផង។
ចុងក្រោយ រដ្ឋាភិបាល ត្រូវតែបន្តគម្រោងពង្រីកសេវារថយន្តសាធារណៈ ឲ្យបានទៅដល់គ្រប់ខេត្តក្រុង។ ដំណោះស្រាយនេះ សម្រាប់និរន្តរភាពយូរអង្វែង ហើយក៏អាចនឹងបង្កើនទំនុកចិត្ត និងសេចក្តីស្រឡាញ់ពីសំណាក់ពលរដ្ឋចំពោះរដ្ឋាភិបាលកាន់តែច្រើនថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ