ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
កម្ពុជា

​ទីក្រុង​ភ្នំពេញ​ចាប់​ផ្តើម​ស្ងប់​ស្ងាត់ ខណៈ​ប្រជា​ពលរដ្ឋ​បាន​សម្រុក​ទៅ​លេង​ស្រុក​កំណើត​ច្រើន​នៅ​ថ្ងៃ​នេះ​

media  
ផ្លូវក្នុងទីក្រុងភ្នំពេញ មានសភាពស្ងប់ស្ងាត់ (រូបភាពឯកសារ) @Internet

ទិដ្ឋភាព​នៅ​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ គិត​ត្រឹម​ល្ងាច ថ្ងៃទី ២៦ កញ្ញានេះ បាន​ចាប់​ផ្តើម​ប្រែ​ជា​ស្ងប់​ស្ងាត់ ខណៈ​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​សែន​នាក់ បាន​សម្រុក​ទៅ​លេង​ស្រុក​កំណើត​នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​។ ដោយ​ឡែក លើ​បញ្ហា​ចរាចរ​វិញ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ថ្ងៃទី ២៦ កញ្ញា នេះ បាន​ចេញ​មក​អំពាវ​នាវ​តាម​បណ្តាញ​សង្គម​ហ្វេស​បុក ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​បើក​បរ​ដោយ​ការ​យោគ​យល់​ខ្ពស់ និង​គោរព​ច្បាប់​ចរាចរ​ទាំង​អស់​គ្នា ដើម្បី​សុខ​សុវត្ថិ​ភាព នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​។ 

គិត​ត្រឹម​ល្ងាច​ថ្ងៃទី ២៦ កញ្ញា ទិដ្ឋ​ភាព​នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ចាប់​ផ្តើម​ប្រែ​ជា​ស្ងប់​ស្ងាត់ ខណៈ​ដែល​ប្រជា​ពលរដ្ឋ​រាប់​សែន​នាក់​បាន​សម្រុក​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ស្រុក​កំណើត ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ​នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​។ ដោយ​ឡែក អគារ​សាធារណៈ​របស់​រដ្ឋ ហាង​លក់​ទំនិញ​តូច​ធំ បុគ្គ​លិក​ធនា​គារ និង​ក្រុម​ហ៊ុន​ឯកជន​នា​នា ក៏​បាន​ចាប់​ផ្តើម​បិទ​ទ្វារ​និង​ឈប់​សម្រាក​ដែរ ចាប់​តាំង​ពី​ថ្ងៃទី ២៦ កញ្ញា នេះ​តទៅ​។

គួរ​ជំរាប​ជូន​ថា ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ជា​ពិធី​បុណ្យ​ជាតិ​និង​សាសនា​ដ៏​ធំ​មួយ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ ដែល​រដ្ឋា​ភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ប្រជា​ពល​រដ្ឋ​និង​មន្ត្រី​រាជ​ការ បុគ្គ​លិក​ក្រុម​ហ៊ុន​ទាំង​អស់ ឈប់​សម្រាក​រយៈ​ពេល​៣ថ្ងៃ ដើម្បី​ធ្វើ​បុណ្យ និង​ជួប​ជុំ​ក្រុម​គ្រួសារ​។

ដោយ​ឡែក​លើ​បញ្ហា​ចរាចរណ៍​វិញ ក៏​ជា​បញ្ហា​ដ៏​ឈឺ​ក្បាល​របស់​អាជ្ញាធរ​និង​ភាគី​ពាក់​ព័ន្ធ​ផង​ដែរ​។ តាម​រយៈ​ទំព័រ​ហ្វេស​បុក​ផ្លូវ​ការ​របស់​ខ្លួន នៅ​ល្ងាច​ថ្ងៃទី ២៦ កញ្ញា​នេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​បើក​បរ​ដោយ​ការ​យោគ​យល់​គ្នា​ខ្ពស់ និង​គោរព​ច្បាប់​ចរាចរ​ទាំង​អស់​គ្នា​ដើម្បី​សុខ​សុវត្ថិ​ភាព ជា​ពិសេស​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ បើ​ផ្អែក​តាម​របាយ​ការណ៍​របស់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ កាល​ពី​ខែតុលា​ឆ្នាំ​មុន យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៥៥​នាក់​បាន​ស្លាប់ និង​ជិត​២០០​នាក់​បាន​រង​របួស​ធ្ងន់​និង​ស្រាល នៅ​ក្នុង​រយៈ​ពេល​៣ថ្ងៃ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​។ ហើយ​បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧ អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ចំនួន២% និង​កើន​ឡើង​២៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។

គួរ​ជំរាប​ជូន​ថា នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ក៏​បាន​បណ្តេញ​រថយន្ត​ក្រុង​សាធារណៈ​ប្រមាណ​ជា​១២០​គ្រឿង ដើម្បី​ដឹក​ប្រជា​ពល​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​រយៈ​ពេល​៥ថ្ងៃ ដោយ​ចាប់​ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ កញ្ញា​។ ក្រៅ​ពីនេះ ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​ឯណោះ​វិញ ក៏​បាន​ប្រកាស​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង​៣ខ្សែ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​កំពត​និង​ខេត្ត​ព្រះ​សីហនុ និង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ពោធិ៍សាត់ ប៉ោយប៉ែត ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ ចាប់​តាំង​ពីថ្ងៃទី ២៥ រហូតដល់​ថ្ងៃទី ៣០ កញ្ញា​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ