អានតួអត្ថបទ
កម្ពុជា

របាយការណ៍ៈ​ កំណែ​ទម្រង់​រដ្ឋបាល​​ថ្នាក់​​ក្រោម​​ជាតិ​​ទាមទារ​​ឲ្យ​មាន​ការ​ពង្រឹង​ការ​​ប្តេជ្ញា​ចិត្ត​ខាង​នយោបាយ

សន្និសីទ​ជាតិ​ក្រោម​ប្រធាន​បទ​«​កំណែ​ទម្រង់​វិម​ឈ្ឈការ​និង​វិ​សហ​ម​ឈ្ឈការ​៖​មេរៀន​បទ​ពិសោធន៍ ​បញ្ហា​ប្រឈម​និង​ចក្ខុ​វិស័យ​ទៅ​អនាគត​» ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ពុធ​នេះ ​នៅ​សា​ល​​មហោ​ស្រព​​កោះ​ពេជ្រ​។ ​ជា​សន្និសីទ​ដែល​មាន​សារៈសំខាន់ ​ដោយ​បាន​លើកឡើង​ពី​ការ​ពិនិត្យ​មើល​នូវ​កំណែ​ទម្រង់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​អស់​រយៈពេល​ជិត​២​ទសវត្សរ៍​កន្លង​ទៅ​នេះ​។

ផ្លូវបេតុងនៅតាមជនបទ
ផ្លូវបេតុងនៅតាមជនបទ fb
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ប្រមាណ​៣០០០​នាក់ ​មក​ពី​រដ្ឋ​អំណាច​ថ្នាក់​ក្រោម​ជាតិ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​បាន​ថ្លែង​ថា​ការ​កែទម្រង់​វិម​ឈ្ឈការ​និង​វិ​សហ​ម​ឈ្ឈការ ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទាំងមូល​កាន់តែ​មាន​ការ​រីកចំរើន​បន្ថែម​ទៀត ​ជាពិសេស​ការ​គ្រប់គ្រង​ថ្នាក់ក្រោម​ជាតិ​កាន់​តែមាន​ប្រសិទ្ធភាព​និង​គណនេយ្យភាព​ជាង​មុន​។

ក្នុង​រយៈពេល​ជិត​២​ទស្សវត្សរ៍​កន្លង​ទៅ ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ទេរ​ថវិកា​សរុប​ប្រមាណ​ជាង​ ២០០០​លាន​ដុល្លារ ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​ក្នុងការ​ចាត់ចែង ​ប្រើប្រាស់​សម្រាប់​ការ​ផ្តល់សេវា​សាធារណៈ​និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​។ ​នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​។

របាយការណ៍​បន្ត​ថា ​ថវិកា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​អាច​អនុវត្ត​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត​ខ្នាតតូច​ជាច្រើន​ដូចជា​ផ្លូវលំ​ជនបទ ​ប្រព័ន្ធ​ស្រោចស្រព ​សំណង់​អនាម័យ​ជនបទ​ សំណង់​ផ្គត់ផ្គង់​ទឹកស្អាត​ និង​សំណង់​ដ៏​មាន​សារៈប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ផ្សេង​ៗ​ទៀត​។

ទោះយ៉ាង​ណា ​កំណែ​ទម្រង់​វិម​ឈ្ឈការ​និង​វិ​សហ​ម​ឈ្ឈការ ​មកដល់​ពេលនេះ​កំពុង​ឈានចូល​ដំណាក់​កាល​មួយ ​ដែល​កាន់តែ​ស៊ីជម្រៅ ​និង​កាន់តែ​សាំ​ញាំ​ទាំង​កិច្ចការ​នយោបាយ​និង​ផ្នែក​បច្ចេកទេស ​ដែល​ទាមទារ​ឲ្យ​បន្ត​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​ខាង​នយោបាយ​ក្នុង​រដ្ឋាភិបាល​ទាំងមូល ​និង​ការ​ពង្រឹង​កិច្ច​សហការ ​ការ​ចូលរួម ​និង​ការ​គាំទ្រ​ឲ្យ​កាន់តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​ក្នុង​ការ​បន្ត​អនុវត្ត​កិច្ច​ដំណើរការ​កំណែ​ទម្រង់​ក្នុង​ដំណាក់កាល​ទី​៣​នៃ​កម្មវិធី​ជាតិ ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​កាន់​តែ​មាន​ប្រសិទ្ធភាព ​និង​ឆ្លើយតប​ទៅនឹង​គណនេយ្យភាព​។ ​នេះ​បើតាម​ការ​លើកឡើង​នៃ​អង្គ​សន្និសីទ​។

សូម​បញ្ជាក់​ថា ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១០០០ ​លាន​ដុល្លារ ​សម្រាប់​កំណែ​ទម្រង់​វិម​ឈ្ឈការ​និង​សហ​វិម​ឈ្ឈការ​សម្រាប់​រយៈពេល​បី​ឆ្នាំ​គឺ​ចាប់ពី​ឆ្នាំ​២០១៨ ​ដល់​ឆ្នាំ​២០២០ ​ខាងមុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ