អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ​សម ​រង្ស៊ី៖ «​បើ​ខឹង​គោ ​កុំ​ទៅ​វ៉ៃ​រទេះ​»​

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី១៥ ខែ​មករា​នេះ បាន​ឆ្លើយ​តប​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា បើ​ខឹង​គោ​កុំ​ទៅ​វ៉ៃ​រទេះ ឬ​បើ​ខឹង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប កុំ​ទៅ​រក​រឿង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រាប់​លាន​នាក់​នៅ​ប្រទេស​កម្ពុជា​។ ជា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី បន្ទាប់​ពី​លោក ហ៊ុន សែន ព្រមាន​ថា​ទណ្ឌកម្ម​របស់​អន្តរជាតិ ស្មើ​នឹង​សម្លាប់​បក្ស​ប្រឆាំង​។ 

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ @Sam Rainsy Facebook Page
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក បាន​សរសេរ​ឆ្លើយ​តប​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថា បើ​ខឹង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប កុំ​ទៅ​រក​រឿង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រាប់​លាន​នាក់ នៅ​ប្រទេស​កម្ពុជា​។ លោក​បញ្ជាក់​ថា គឺ​លោក​ជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​បាន​ជំរុញ​យ៉ាង​សកម្ម ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌ​កម្ម មក​លើ​របប​ផ្តាច់​ការ​របស់​ហ៊ុន សែន​។

លោក សម រង្ស៊ី បន្តថា បើ​លោក ហ៊ុន សែន ចង់​បញ្ចៀស​ទណ្ឌកម្ម​ទាំង​នោះ គ្រាន់​តែ​បញ្ឈប់ នយោបាយ​គាប​សង្កត់​មក​លើ​ប្រជា​រាស្ត្រ ហើយ​ចាប់​ផ្តើម​ចរចា​ជាមួយ​សហ​ភាព​អឺរ៉ុប ដើម្បី​បើក​ផ្លូវ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ រស់​ឡើង​វិញ​នៅ​កម្ពុជា​ទៅ គឺ​បាន​ទៅ​ហើយ​។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី១៤ ខែ​មករា បាន​អះអាង​ថា​លោក​មិន​ចង់​ឮ​ត​ទៅ​ទៀត​ទេ​នូវ​ពាក្យ​គំរាម​កំហែង ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា ហើយ​លោក​ចង់​បញ្ជាក់​ថា​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា មាន​តម្លៃ​ស្មើ​នឹង​សម្លាប់​គណបក្ស​ប្រឆាំង​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដាក់​ជម្រើស​ពីរ​សម្រាប់​សហគមន៍​អន្តរ​ជាតិ ដែល​ចង់​ដាក់​ទណ្ឌកម្ម​កម្ពុជា ថា​តើ​គួរ​រក្សា​សមិទ្ធិ​ផល ដែល​សហគមន៍​អន្តរជាតិ ជួយ​កសាង​នៅ​កម្ពុជា ហើយ​បន្ត​ជំរុញ​ដំណើរ​ការ​កែ​លំអរ សភាព​ការណ៍ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​កាន់​តែ​ល្អ ឬ​ត្រូវ​សម្លាប់​ចោល​ត្រឹម​ហ្នឹង​។

ការ​ថ្លែង​សារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន គឺ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប កំពុង​តែ​រៀប​ចំ​នីតិ​វិធី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋា​ភិបាល​កម្ពុជា ដោយ​ផ្តាច់​ការ​អនុ​គ្រោះ​ពន្ធ ឬ​EBA ដោយ​ថា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថ្ងៃ​២៩​កក្កដា​២០១៨ កន្លង​មក មិន​អាច​យក​ជា​ការ​បាន ព្រោះ​មិន​មាន​គណបក្ស​ប្រឆាំង​ចូល​រួម ជា​ពិសេស​គឺ​ការ​ឃុំ​ខ្លួន លោក កឹម សុខា​។ ក្រៅ​ពី​សហភាព​អឺរ៉ុប​ ព្រឹទ្ធ​សភា​អាមេរិក កាល​ពី​សប្តាហ៍​កន្លង​ទៅ ក៏​បាន​ស្នើ​ទៅ​សភា​អាមេរិក​ឲ្យ​ពិនិត្យ​សេចក្តី​ស្នើ​ច្បាប់ ស្តី​ពី ពាណិជ្ជ​កម្ម​កម្ពុជា​ឆ្នាំ​២០១៩​។ ជា​សេចក្តី​ស្នើ​ច្បាប់ ដើម្បី​ឈាន​ទៅ​ដក ឬ​ព្យួ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) ពី​កម្ពុជា​។

សូមជម្រាបជូនថា រដ្ឋាភិបាលក្រុងភ្នំពេញ ក៏កំពុង​​បង្កើត​​យុទ្ធ​នា​ការ​​​មួយ ​​ដើម្បី​​ពង្រឹង​​ឯករាជ្យ​ភាព​​សេដ្ឋកិច្ច​​របស់​ខ្លួន ​ដើម្បី​​​ត្រៀម​​ទប់​​ទល់​នឹង​​ការ​ដក​​ប្រព័ន្ធ​​​អនុ​គ្រោះ​​ពន្ធ​​របស់​​អឺរ៉ុប ​​និង​​អាមេរិកដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ