អានតួអត្ថបទ
កម្ពុជា-នយោបាយ

មាតុ​ភូមិ​និវត្តន៍​៖ លោក សម រង្ស៊ី គ្រោង​ហោះ​ពី​ប៉ារីស​មក​បាងកក ​នៅ​ថ្ងៃ​ព្រហស្បតិ៍

លោក សម រង្ស៊ី គ្រោង​​ចាក​ចេញ​ពី​ទីក្រុង​ប៉ារីស មក​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃ​ទី​០៧​វិច្ឆិកា​ស្អែក​នេះ តាម​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន Thai Airways​។ នេះជា​អ្វី​ដែល​លោក សម រង្ស៊ី ​ប្រកាស​​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នៅ​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​រូប​ថត​សំបុត្រ​យន្តហោះ​​របស់​ខ្លួន​ផង​។ ចំណែក គេហទំព័រ​ក្រុមហ៊ុន Thai Airways បាន​បញ្ជាក់​ពីការ​កក់​សំបុត្រ​របស់​លោក សម រង្ស៊ី សម្រាប់​ជើង​ហោះហើរ TG 931 ដែល​នឹង​ចាកចេញ​ពី​ប៉ារីស​មកដល់​បាងកក នៅ​ថ្ងៃ​ទី​០៨​ខែ​វិច្ឆិកា​។ 

លោក សម រង្ស៊ី
លោក សម រង្ស៊ី @Internet
ផ្សាយពាណិជ្ជកម្ម

ចាក​ចេញ​ពី​អាកាសយានដ្ឋាន​ហ្សាលដឺហ្គោល ទីក្រុង​ប៉ារីស នៅ​ម៉ោង​១២​កន្លះ​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​០៧​វិច្ឆិកា, ជើង​ហោះហើរ​ក្រុមហ៊ុន Thai Airways លេខ TG 931 ដែល​ លោក ​សម រង្ស៊ី កក់ នឹង​ត្រូវ​មក​ដល់​អាកាសយានដ្ឋាន​សុវណ្ណភូមិ ក្នុង​ទីក្រុង​បាង​កក ប្រទេសថៃ នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៨​វិច្ឆិកា​។ លោក សម រង្ស៊ី បាន​អះអាង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ការ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ថៃ​នា​ថ្ងៃ​ទី​០៨​វិច្ឆិកា​នេះ គឺ​ដើម្បី​ត្រៀម​ខ្លួន​ចូល​មក​ទឹក​ដី​កម្ពុជា នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកា តាម​កាល​កំណត់​។

ការ​កក់​សំបុត្រ​យន្តហោះ​នេះ បាន​បញ្ជាក់ពី​ភាព​ច្បាស់​លាស់​មួយ​កម្រិត​ទៀត សម្រាប់​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី មេ​ដឹក​នាំ​អតីត​គណបក្ស​ប្រឆាំង​។ យ៉ាង​ណា​ក៏​ដោយ សំបុត្រ​យន្តហោះដដែល​នេះ មិន​ទាន់​អាច​ធានា​ពី​ការ​ចូលទៅ​ដល់​ប្រទេស​ថៃ ឬ​​មក​ដល់​កម្ពុជា​របស់​លោក​ឡើយ​។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ខែ​មុន លោក​ស្រី មូរ សុខហួរ មន្ដ្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​ប្រឆាំង បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អាកាសយានដ្ឋាន​សុវណ្ណភូមិ ប្រទេស​ថៃ​។ ប៉ុន្តែ​អាជ្ញាធរ​ប្រទេស​ថៃ​​មិន​អនុញ្ញាត​ឲ្យ​លោក​ស្រី មូរ សុខហួរ ចូល​ក្នុង​ប្រទេសខ្លួន​​ឡើយ​។

ចំណែក​​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​កម្ពុជាវិញ​ បាន​អះអាង​ថា ខ្លួន​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​អស់​ហើយ ដើម្បី​ឃ្លាំ​មើល​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី តាម​ផ្លូវ​អាកាស​ ដោយ​បាន​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ដែលអាច​ចាប់​បាន​ភ្លាម ប្រសិន​បើ​មាន​ឈ្មោះ​លោក សម រង្ស៊ី គ្រោង​ហោះហើរ​មក​កាន់​ប្រទេស​កម្ពុជា​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បាន​ព្រមាន​ថា ក្រុមហ៊ុន​ហោះហើរ ឬ​អ្នក​បើកបរ​យន្តហោះ​ដែល​ហ៊ាន​ដឹក​លោក សម រង្ស៊ី មក​កម្ពុជា នឹង​ត្រូវ​មាន​ទោស​ពី​បទ​រួម​គំនិត​ក្បត់​​ថែម​ទៀត​។

ជា​ការ​កត់​សម្គាល់ ការ​កក់​សំបុត្រ​របស់​លោក សម រង្ស៊ី មិន​មែន​ធ្វើ​ឡើង​តែ​មួយ​ផ្លូវ​ទេ​។ ក្រៅ​ពី​កក់​សំបុត្រ​យន្តហោះ​មក​កាន់​ទីក្រុង​បាងកក​ហើយ លោក សម រង្ស៊ី ក៏​បាន​កក់​សំបុត្រ​យន្តហោះពី​ទីក្រុង​បាងកក ត្រឡប់​ទៅ​កាន់​ទីក្រុង​ប៉ារីស​វិញ​ផង​ដែរ ដោយ​កំណត់​យក​ថ្ងៃ​ទី​១៥​មករា ឆ្នាំ​២០២០​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ