អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្ស៊ី នៅ​តែតាំ​ង​ចិត្ត​ថា នឹង​ចូល​មក​កម្ពុជា​ឲ្យ​បាន នៅ​ថ្ងៃ​ទី ០៩ វិច្ឆិកា​

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​នៅ​តែ​មាន​សង្ឃឹម​និង​តាំង​ចិត្ត​ថា លោក​នឹង​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ឲ្យ​បាន នៅ​ថ្ងៃទី ០៩ វិច្ឆិកា ខាង​មុខ​នេះ បើ​ទោះ​បី​ជា​រដ្ឋា​ភិបាល​ថៃ​បាន​ប្រកាស​ថា ទំនង​ជា​មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​កម្ពុជា​តាម​ច្រក​ប្រទេស​ថៃ​ក្តី​។ ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ​ដែរ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ចេញ​មក​ប្រកាស​ប្រាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ថា លោក​មិន​ជឿ​ថា លោក សម រង្ស៊ី នឹង​ហ៊ាន​ចូល​មក​កម្ពុជា នៅ​ថ្ងៃទី ០៩ វិច្ឆិកា នេះ​ឡើយ​។ 

លោក សម រង្ស៊ី នៅតែតាំងចិត្តថា នឹងចូលមកកម្ពុជាឲ្យបាន
លោក សម រង្ស៊ី នៅតែតាំងចិត្តថា នឹងចូលមកកម្ពុជាឲ្យបាន @Internet
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​កាល​ពី​យប់​ថ្ងៃទី ០៦ វិច្ឆិកា លោក សម រង្ស៊ី បាន​ថ្លែង​ដោយ​សង្ឃឹម​ថា រដ្ឋា​ភិបាល​ថៃ​នឹង​បន្ទន់​ឥរិយាបថ​របស់​ខ្លួន ដើម្បី​ជួយ​ធ្វើ​យ៉ាង​ណា ឲ្យ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​រស់​ឡើង​វិញ​។ នៅ​ក្នុង​បទ​សម្ភាសន៍​នេះ លោក សម រង្ស៊ី នៅ​តែ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ថា លោក​ត្រូវ​តែ​ទៅ​ដល់​ទឹក​ដី​កម្ពុជា​ឲ្យ​បាន នៅថ្ងៃទី ០៩ វិច្ឆិកា ចុង​សប្តាហ៍​នេះ​។ ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី០៦ វិច្ឆិកា បានថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែតមួយ​ថា ថៃ​មិនអនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​ទឹក​ដី​ថៃ​នោះ​ឡើយ​។ ថៃ គឺ​ជា​ច្រក​តែ​មួយ​គត់ ដែល​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ គ្រោង​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ដើរ​ចូល​មក​កាន់​កម្ពុជា​តាម​ច្រក​ប៉ោយ​ប៉ែត​។

ពីរ​ថ្ងៃ​មុន​កាល​បរិច្ឆេទ​កំណត់​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ពោល​គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧​វិច្ឆិកា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក សម រង្ស៊ី នឹង​មិន​ហ៊ាន​ចូល​មក​កម្ពុជា នៅថ្ងៃទី ០៩ វិច្ឆិកា ខាង​មុខ​នេះ​ឡើយ​។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រើ​ប្រាស់​នូវ​ផែន​ការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣ នៅ​ព្រឹក​ថ្ងៃ​ទី០៧ ខែវិច្ឆិកា ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​លោក ហ៊ុន សែន ថែម​ទាំង​បាន​ចំអក​ឲ្យ​លោក សម រង្ស៊ី​ថា លោក សម រង្ស៊ី គួរ​ជិះ​យន្ត​ហោះ​ពី​ប្រទេស​បារាំង​ចូល​ទឹកដី​កម្ពុជា​ដោយ​ផ្ទាល់ មិន​បាច់​ត្រូវ​ឆ្លង​កាត់​ប្រទេស​ថៃ​នោះ​ទេ​។​ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​មិន​ជឿ​ថា លោក សម រង្ស៊ី នឹង​ហ៊ាន​ចូល​ស្រុក​មែន​ក្តី លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​បាន​ត្រៀម​កង​កម្លាំង​គ្រប់​ទី​កន្លែង​រួច​ហើយ ដើម្បី​ចាំ​ចាប់​លោក សម រង្ស៊ី និង​បក្ស​ពួក បើ​ពួក​គេ​ពិត​ជា​មក​ដល់​កម្ពុជា​មែន​។

គួរ​ជំរាប​ជូន​ថា បើ​តាម​គម្រោង លោក សម រង្ស៊ី នឹង​ចេញ​ដំណើរ​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី០៧ វិច្ឆិកា​នេះ ហើយ​ត្រូវ​ទៅ​ដល់​ប្រទេស​ថៃ នៅ​ថ្ងៃ​សុក្រ ទី០៨ វិច្ឆិកា ដើម្បី​ត្រៀម​ចូល​មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃសៅរ៍ ទី០៩ វិច្ឆិកា ចុង​សប្តាហ៍​នេះ។ យ៉ាង​ណា​ក៏​ដោយ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​កម្ពុជា​បាន​ចុះ​ផ្សាយ​ថា លោក សម រង្ស៊ី បាន​ប្តូរ​ជើង​ហោះ​ហើរ​របស់​ខ្លួន ពីថ្ងៃទី ០៧ ទៅថ្ងៃទី ០៩ វិច្ឆិកា វិញ ដោយ​ហោះ​ចេញ​ពី​ទីក្រុង​ប៉ារីស ទៅ​កាន់​ប្រទេស​ថៃ​។ វិទ្យុ​បារាំង​អន្ដរជាតិ​មិន​អាច​ទាក់ទង​លោក សម រង្ស៊ី ដើម្បី​សុំ​ការ​បញ្ជាក់​ពី​ព័ត៌មាន​ថ្មី​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេហទំព័រ​ក្រុមហ៊ុន Thai Airways បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​កាល​បរិច្ឆេទ​នៃ​ការ​ធ្វើ​ដំណើរ​របស់​លោក សម រង្ស៊ី ដូច្នេះ​មែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ