ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT

រំលោភ​បំពាន​ផ្លូវ​ភេទ ជា​ការ​បំផ្លាញ​អនាគត​មនុស្ស​ យ៉ាង​ស្ងៀម​ស្ងាត់!

រំលោភ​បំពាន​ផ្លូវ​ភេទ ជា​ការ​បំផ្លាញ​អនាគត​មនុស្ស​ យ៉ាង​ស្ងៀម​ស្ងាត់!
 
រូបភាពតំណាង៖ អ្នក​ឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ​កំពុង​សម្ភាស​ជាមួយ​ជន​រង​គ្រោះនៃ​អំពើ​រំលោភ​សេពសន្ថវៈ​ និង​ម្ដាយ​របស់​នាង។ @Licadho

តាម​រយៈ​សារ​ព័ត៌មាន និង​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ គេ​ឃើញ​និង​ដឹង​ឮ​រាល់​ថ្ងៃ ពី​ការ​រំលោភ​សេព​សន្ថវៈ។ ការ​រំលោភ​សេព​សន្ថវៈ​ ជា​ទោស​ឧក្រិដ្ឋ​ ដែល​អាច​ប្រៀប​នឹង​ជំងឺ​មួយ​ អាច​កើត​មាន​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​រហូត​ដល់​សម្លាប់​មនុស្ស​ថែម​ទៀត​ផង។​ ករណី​នេះ ទាមទារ​ឲ្យ​ទប់​ស្កាត់ និង​លុប​បំបាត់​ ជា​បន្ទាន់។ ពុំ​ដូច្នោះ​ទេ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ នឹង​នៅ​តែ​បន្ត​បំផ្លាញ​ជីវិត​មនុស្ស​ខ្មែរ ពិសេស​ស្ត្រី​ និង​កុមារ ជា​រៀង​រាល់​ថ្ងៃ​!

ការ​សិក្សា​បញ្ជាក់​ថា​ បុរស​ម្នាក់​ក្នុង​ចំណោម​៥​នាក់ បាន​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់ ​តិច​ណាស់​ក៏​បាន​ម្តង​ដែរ​ ហើយ​ភាគ​ច្រើន​នៃ​ករណី​រំលោភ​ភេទ​ទាំង​នោះ​ គឺ​រំលោភ​ទៅលើ​នារី​វ័យ​ក្មេង​ក្រោម​អាយុ​ ២០ឆ្នាំ​។ ទន្ទឹម​នេះ ​ក្រសួង​មហាផ្ទៃ ​ក៏​ធ្លាប់​បញ្ជាក់​ដែរ​ថា ក្នុង​មួយ​ឆ្នាំ ២០១៥ មាន​ការ​រំលោភ​សេព​សន្ថវៈ ដល់​ទៅ​ចំនួន​ជាង​ ២៥០​ករណី។

ប៉ុន្តែ​ ចំនួន​នេះ​នៅ​មិន​ទាន់​បូក​សរុប​អស់​នៅ​ឡើយ​ទេ​ បើ​តាម​សង្គម​ស៊ីវិល​ខ្លះ​ ព្រោះ​ថា នៅ​មាន​ជន​រង​គ្រោះ​ខ្លះ ដែល​មិន​បាន​រាយការណ៍ ឬ​មិន​ហ៊ាន​រាយការណ៍ ឬ​ក៏​មិន​បាន​ប្តឹង​ផ្ដល់​ ដ្បិត​ខ្លាច​ខ្មាស់​គេ ខ្លាច​អំណាច​ជន​ល្មើស​។ ជន​រង​គ្រោះ​ដោយ​អំពើ​រំលោភ​ភេទមួយ​ចំនួន​ ក៏​សុខ​ចិត្ត​ទទួល​យក​សំណង​ជា​ប្រាក់​ ដើម្បី​បញ្ចប់​រឿង​ជា​ដើម​។

បើ​ផ្អែក​លើ​ភស្តុតាង​ខ្លះៗ​ទាំង​នេះ គេ​អាច​មើល​ឃើញ​ថា ចំនួន​ករណី​រំលោភ​ភេទ​កើត​មាន​ស្ទើរ​សឹង​តែ​រៀង​រាល់​ថ្ងៃ អាច​មាន​មួយ​ករណី​ ក្នុង​ចន្លោះ​១​ឬ​២​ថ្ងៃ។ តើ​មកពី​ហេតុអ្វី បាន​ជា​ករណី​រំលោភ​ភេទ​មាន​ជាប់​គ្នា​រដឹក​ដូច្នេះ?

មាន​មូល​ហេតុ​ច្រើន​យ៉ាង​ ដើម្បី​ពន្យល់​ពី​ដើម​រឿង​នាំ​ឲ្យ​មាន​ការ​រំលោភ​ភេទ​នេះ​។ មុន​ដំបូង​បង្អស់​ គឺ​ដោយ​សារ​តែ​ជន​ល្មើស​ខ្វះ​ខាត​ចំណេះ​ដឹង​ គ្មាន​ការ​អប់រំ  ដែ​លនាំ​ឲ្យ​មាន​មូលដ្ឋាន​ពិចារណា​ទាប​​ ហើយ​អាច​ប្រព្រឹត្ត​ល្មើស​ដោយ​ងាយ មិន​គិត​គូរ​វែង​ឆ្ងាយ​។​

ទី​២ គឺ​អាច​បណ្តាល​ពី​ការ​ចរាចរណ៍​រូបភាព និង​វីដេអូ​អាស​អាភាស ដែល​នាំ​ឲ្យ​មនុស្ស​មាន​ការ​ស្រើប​ស្រាល​។ ទន្ទឹម​នឹង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា កុំព្យូទ័រ ទូរសព្ទ​ទំនើប គេ​អាច​ មើល​រូប​ និង​រឿង​អាសអាភាស​ បាន​ដោយ​ងាយ​ស្រួល ដែល​នាំ​ឲ្យ​ដុត​កម្តៅ​កាម​គុណ។

ទី​៣ បញ្ហា​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង​ ក៏​ជា​ផ្នែក​សំខាន់​ណាស់​ដែរ ដែល​ធ្វើ​ឲ្យ​មនុស្ស​ បាត់​ស្មារតី និង​មាន​ថាមពល​កម្លា​ចិត្ត​ឲ្យ​ប្រព្រឹត្ត​រឿង​ល្មើស​ផ្សេង​ៗ​។​ មិន​តែ​ប៉ុណ្ណោះ​ អាច​នៅ​មាន​កត្តា​ឱកាស​អំណោយ​ផល​ផ្សេង​ៗ​។ ចំណែក​ការ​ស្លៀក​ខ្លី​របស់​នារី​សម័យ​ទំនើប​ ក៏​អាច​ជា​កត្តា​ទាក់​ទាញ​អារម្មណ៍​ផ្លូវ​ភេទ​មួយ​ផង​ដែរ។

​ករណី​រំលោភផ្លូវ​ភេទ ​បាន​វិវត្ត​កាន់​តែ​មា​នលក្ខណៈ​សាហាវ​ទៅៗ ​រហូត​រំលោភ​សម្លាប់​ថែម​ទៀត​ផង។ ធ្ងន់​ធ្ងរ​ជាង​នេះ ករណី​រំលោភ​បូក​ ក៏​មាន​ការ​រីក​សាយ​ណាស់​ដែរ។​ នៅ​ក្នុង​រង្វង់​គ្រួសារ​វិញ ​ក៏​មាន​ដែរ បង​រំលោភ​ប្អូន ឪពុក​រំលោភ​កូន ជីតា​រំលោភ​ចៅ ដែល​បណ្តា​សារព័ត៌មាន​ ចេញ​ផ្សាយ​នៅ​ក្រប​មុខ​ ស្ទើរ​មិន​លួស​ពេល។

ជា​ការ​ពិត​ ការ​បំពាន​ខាង​ផ្លូវ​ភេទ គឺ​បាន​ជះ​ឥទ្ធិ​ពល​អាក្រក់​ដល់ជន​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ ទាំង​រាង​កាយ ​ចិត្ត​គំនិត​ និង​ស្មារតី។​ ជន​រង​គ្រោះ ត្រូវ​រង​ទុក្ខ​វេទនា រស់​នៅ​ជាមួយ​ស្រមោល​ខ្មៅ​តាម​លង​បន្លាច​ពេញ​មួយ​ជីវិត ហើយ​ពេល​ខ្លះ អាច​ឈាន​ដល់​ធ្វើ​អត្តឃាត​ផង​ក៏​មាន​។ បើ​ករណី​បែប​នេះ នៅ​តែ​មាន​បន្ត​ហូរ​ហែ​ទៀត ច្បាស់​ណាស់​ថា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​មាន​សុវត្ថិភាព​ផ្លូវ​ចិត្ត ហើយ​ជន​បរទេស ឬ​ភ្ញៀវ​អន្តរជាតិ​ ក៏​ខ្លាច​រអារ​ណាស់​ដែរ​។

នៅ​កម្ពុជា បទ​រំលោភ​សេព​សន្ថវៈ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក​ពី​ ៥​ឆ្នាំ​ទៅ​ ១០​ឆ្នាំ។ បើ​ជន​ល្មើស​រំលោភ​ភេទ​លើ​កុមារ​ ឬ​ស្ត្រី​មាន​ផ្ទៃ​ពោះ ឬ​ក៏​ជន​រងគ្រោះ​ដែល​មាន​វិបល្លាស​ស្មារតី ជនល្មើស​នោះ​អាច​ត្រូវ​ជាប់​គុក​ ចាប់​ពី ៧​ទៅ ១៥​ឆ្នាំ ហើយ​អាច​ឈាន​ដល់​ជាប់​គុក​ ៣០ឆ្នាំ ឬ​មួយ​ជីវិត​ បើ​រក​ឃើញ​ថា​មាន​ស្ថាន​ទម្ងន់​ទោស​ផ្សេង​ទៀត​។

បើ​ទោះបី​ជាមាន​វិធាន​ច្បាប់​ចែង​ច្បាស់​ដូច្នេះ​ក្តី ក៏​ការ​អនុវត្ត​ជាក់​ស្តែង​ ហាក់​នៅ​ពុំ​ទាន់​បាន​ម៉ឺង​មាត់​នៅ​ឡើយ​ទេ។ ស្ថានភាព​ជាក់​ស្តែង ជន​ល្មើស​រំលោភ​សេព​សន្ថវៈ​ខ្លះ មិន​ត្រូវ​បាន​ផ្តន្ទាទោស។ ពេល​ខ្លះ​ ដាក់​ទោស តែ​ស្រាល។ បើ​ជន​ល្មើស​ ជា​អ្នក​មាន​លុយ​មាន​អំណាច​ទៀត​នោះ គឺ​លំបាក​នឹង​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​បន្តិច។

ករណី​រំលោភ​ភេទ​ខ្លះ​ទៀត​ តុលាការ​ បាន​សម្រេច​បិទ​សំណុំ​រឿង មុន​ឈាន​ដល់​ការ​កាត់​ទោស​។ ក្រៅ​ពី​នេះ ក៏​មាន​ដែរ ការ​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​មាន​ការ​បង់​ប្រាក់​ឲ្យ​មន្ត្រី​សាធារណៈ និង​ការ​ព្រម​ទទួល​យក​សំណង​ជា​ប្រាក់ ពី​សំណាក់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​។​ នេះ​បើ​តាម​ក្រុម​អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធ​ស្ត្រី​និង​កុមារ ដែល​បាន​តាម​ដាន​អង្កេត​រឿង​នេះ​យ៉ាង​ស្និទ​។​

ដូច្នេះ បញ្ហា​ទាំង​អស់​នេះហើយ​ ដែល​អ្នក​តម្រង់​ទិស​សង្គម​ ត្រូវ​ចូលរួម​លូក​ដៃ​ដោះ​ស្រាយ។ ជំហាន​ដំបូង​ គប្បី​តែ​ចាប់​ផ្តើម​ពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ចំពោះ​ជន​ល្មើស​រំលោភ​សេព​សន្ថវៈ ​ឲ្យ​បាន​ត្រឹម​ត្រូវ​ហ្មត់​ចត់​បំផុត​។ ចំណែក​ចំណាត់​ការ​សន្តិសុខ​តាម​សហគមន៍ គឺ​ជា​កត្តា​ចាំ​បាច់​ណាស់។ លើស​ពី​នេះ ការ​អប់រំ​ពី​ច្បាប់​ និង​បទល្មើស​រំលោភ​ផ្លូវ​ភេទ ត្រូវ​តែ​ផ្សព្វ​ផ្សាយ​ឲ្យ​ទូលំទូលាយ​។

ដោយ​ឡែក អាជ្ញាធរ​និង​សង្គម​ស៊ីវិល គួរ​តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​វិធាន​ការ​បង្ការ ការ​ទប់​ស្កាត់​បទ​ល្មើស​ និង​ការ​កសាង​ស្មារតី​ជន​រងគ្រោះ​ឡើង​វិញ។ ចំពោះ​ជន​រង​គ្រោះ​និង​គ្រួសារ​ផ្ទាល់ មិន​ត្រូវ​សម្ងំ ឱប​ទ្រូង​ បៀម​ទុក្ខ ​ទទួល​រង​គ្រោះ​ពី​អំពើ​អយុត្តិធម៌​ ដោយ​មិន​ប្តឹង​ផ្តល់​នោះ​ទេ​ ព្រោះ​ថា​ការ​ស្ងៀម​ស្ងាត់ កាន់​តែ​ធ្វើ​ឲ្យ​ជន​ល្មើស​បាន​ចិត្ត។ ចំណែ​ក​សហគមន៍​ ក៏​មិន​ត្រូវ​រើស​អើង​ ឬ​ចំអក​ដល់​ជន​រងគ្រោះ​នោះ​ទេ ព្រោះ​ថា គ្នា​រងគ្រោះ​ម្តង​ហើយពី​ការរំលោភ​បំពាន​ ហើយ​នឹង​រងគ្រោះ​មួយ​ជាន់​ទៀត ដោយសារ​តែ​ការ​សើច​ចំអក៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ភ្ញៀវប្រចាំថ្ងៃ

    លោកស្រី ប៉ុក បញ្ញា​វិចិត្រ​៖ វិបត្តិ​ស្ត្រី​ដោយ​អំពើ​ហិង្សា​និង​ការ​រំលោភ​ភេទ ត្រូវ​ស៊ី​ពេល​យូរ ​​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​តាម​ផ្លូវ​តុលាការ​​!

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

    លីកាដូ​ចង្អុល​មុខ​តុលាការ​ថា មាន​កំហុស​ឆ្គង​ធ្ងន់​ធ្ងរ​ក្នុង​ការ​ផ្តន្ទាទោស​រឿង​ចាប់​រំលោភ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ