អានតួអត្ថបទ
កម្ពុជា

តំណាងរាស្រ្ត​បក្ស​ប្រឆាំង​១​រូប​ទៀត​ មិន​ចូល​បំភ្លឺ​នៅ​តុលាការ

តាម​ការ​គ្រោង​ទុក​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ តុលាការ​ក្រុង​ភ្នំពេញ​ត្រូវ​បើក​សវនាការ​សាកសួរ​បន្ថែម​លើ​លោក​រៀល​ ខេមរឹន្ទ្រ​តំណាង​រាស្រ្ត​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ពាក់ព័ន្ធ​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ កក្កដា ​ឆ្នាំ​២០១៤​កន្លង​ទៅ។ ប៉ុន្តែ​តំណាង​រាស្រ្ត​រូប​នេះ ​មិន​បាន​ចូល​ខ្លួន​ទៅ​តាម​ការ​កោះ​ហៅ​ទេ។តុលាការ​ក៏​គ្រោង​នឹង​សាកសួរ​លើ​តំណាង​រាស្រ្ត​ផ្សេង​ទៀត​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​សប្តាហ៍​នេះ​ផង​ដែរ​ ស្រប​ពេល​ដែល​សកម្មជន​១១​រូប​របស់​បក្សប្រឆាំង​នឹង​ត្រូវ​ឡើង​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ស្អែក។

លោករៀល ខេមរឹន្ទ្រ គឺជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ
លោករៀល ខេមរឹន្ទ្រ គឺជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ @Real Camerin
ផ្សាយពាណិជ្ជកម្ម

លោក​រៀល​ ខេមរឹន្ទ្រ គឺ​ជា​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ទីបី​ហើយ​បន្ទាប់​ពី​លោក​ហូរ វ៉ាន់​ និង​ កែវ ភីរម្យ ​ដែល​មិន​បាន​ចូល​ខ្លួន​ទៅ​ការ​តាម​កោះ​ហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ។ តំណាង​រាស្រ្ត​ទាំង​បី​រូប​ សុទ្ធ​តែ​លើក​ហេតុ​ផល​ថា​ ជាប់​មាន​ធុរៈ​ដូច​គ្នា។ ក៏​ប៉ុន្តែ​បើ​តាម​មេធាវី​ការពារ​ក្តី​ តំណាង​រាស្រ្ត​ទាំង​នេះ​នឹង​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ជា​ថ្មី​ នៅ​ពេល​ក្រោយ។

គួរ​សម្គាល់​ថា​ រយៈពេល​ចុង​ក្រោយ​នេះ​ តុលាការ​ក្រុង​ភ្នំពេញ​បាន​កោះ​ហៅ​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៧​រូប​ដែល​មាន​អភ័យ​ឯកសិទ្ធ​ទៅ​ហើយ​នោះ​មក​សាកសួរ​បន្ថែម​ទៀត​ពាក់ព័ន្ធ​ការ​កើត​មាន​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ កក្កដា ឆ្នាំ២០១៤​កន្លង​ទៅ។ ប៉ុន្តែ​ដល់​ពេល​នេះ​ មាន​តែ​លោក​ស្រីមួរ​ សុខហួរ តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​បាត់​ដំបង​ទេ​ ដែល​បាន​ចូល​ទៅ​តុលាការ​តាម​ការ​កោះ​ហៅ ​ប៉ុន្តែ​លោក​ស្រី​ បាន​បដិសេធ​ឆ្លើយ​សំណួរ​របស់​ចៅក្រម។

ទោះ​យ៉ាង​ណា​ក៏​ដោយ ​នៅ​ថ្ងៃ​អង្គារ៍​ ​ទី​២៦ ឧសភា តុលាការ​ក្រុង​ភ្នំពេញ​នឹង​បើក​សវនាការ​លើ​អង្គ​សេចក្តី​ចំពោះ​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​១១​រូប​ បន្ត​ពី​សវនាការ​កាល​ពី​ថ្ងៃ​ទី​១៩ ​ឧសភា។ សវនាការ​លើក​នេះ​ តុលាការ​នឹង​បន្ត​សាកសួរ​លើ​សកម្មជន​ចំនួន​៦​នាក់​បន្ថែម​ទៀត​ ក្រោយ​ពី​សកម្មជន​៥​នាក់​ ត្រូវ​បាន​សាកសួរ​រួច​ហើយ​នៅ​ក្នុង​សវនាការ​ជា​បន្ត​បន្ទាប់​នា​ពេល​កន្លង​មក។ សូម​បញ្ជាក់​ជូន​ថា ​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​១១​នាក់​ នេះ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ដឹកនាំ​កុបកម្ម ​និង​ចលនា​ចូលរួម​កុបកម្ម​ដែល​បណ្តាល​ឲ្យ​កើត​មាន​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា​ឆ្នាំ២០១៤។

ដោយ​ឡែក​ ចំពោះ​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ចំនួន​៣​នាក់​ទៀត​ដែល​រួម​មាន​លោក​ម៉ែន សុថាវរិន្ទ្រ​ លោក​នុត រំដួល និង លោកឡុង រី ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​បន្ថែម​ចាប់​ពី​ថ្ងៃ​ទី​២៧, ២៨ និងថ្ងៃទី២៩ ឧសភា​ក្នុង​សប្តាហ៍​នេះ។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​ តំណាង​រាស្រ្ត​ទាំង​នេះ​នឹង​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ជា​ថ្មី​នេះ​យ៉ាង​ណា​នោះ​ទេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ