អានតួអត្ថបទ
កម្ពុជា-សង្គម

​តំណាង​និយោជក​ស្នើ​សុំ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​៤ថ្ងៃ​បន្ថែម​ទៀត​

តំណាង​និយោជក​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​៤ថ្ងៃ​បន្ថែម​ទៀត ខណៈ​ថ្ងៃ​ឈប់​សម្រាក​ឆ្នាំ​ក្រោយ​ត្រូវ​បាន​រដ្ឋា​ភិបាល​កាត់​បន្ថយ​មក​ត្រឹម​២២​ថ្ងៃ ដែល​ការ​កាត់​នោះ​ដោយ​ទាំង ថ្ងៃ១០ធ្នូ ទិវា​សិទ្ធិ​មនុស្ស និង​២៣​តុលា​ជា​ថ្ងៃ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​។ តំណាង​កម្មករ​ចាត់​ទុក​ការ​ស្នើ​សុំ​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​បន្ថែម​ទៀត គឺ​ជា​ការ​ប្រឆាំង​នឹង​ប្រយោជន៍​កម្មករ​។ 

កម្មកររោងចក្រកាត់ដេរ (រូបតំណាង)
កម្មកររោងចក្រកាត់ដេរ (រូបតំណាង) @សហការី
ផ្សាយពាណិជ្ជកម្ម

លោក​បណ្ឌិត ណាង សុធី អគ្គ​លេខា​ធិការ​នៃ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​បាន​ថ្លែង​ថា និយោជក​សំណូមពរ ក៏​ដូច​ជា​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ពិចារណា កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ចំនួន​៤ថ្ងៃ​បន្ថែម​ទៀត ឬ​មក​ត្រឹម​១៨​ថ្ងៃ​ប៉ុណ្ណោះ​។​

ការ​ស្នើ​សុំ​នេះ ដោយ​សំអាង​ថា​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​មាន​ថ្ងៃ​ឈប់​សម្រាក​ជា​មធ្យម​ត្រឹម​តែ១៦​ថ្ងៃ ហើយ​កម្ពុជា​មាន​២២ថ្ងៃ បើ​តាម​អនុក្រឹត្យ​ថ្មី​។

ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី «ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ការងារ​របស់​មន្រ្តី​រាជ​ការ និយោ​ជិក និង​កម្មករ», លោក ណាង សុធី ចាត់​ទុក​ថា​ ជាការ​ល្អ​ប្រសិន​បើ​អាច​កាត់​ថ្ងៃ​ឈប់​សម្រាក​មក​ត្រឹម​តែ​១៨​ថ្ងៃ នា​ពេល អនាគត ហើយ​លោក​បញ្ជាក់​ថា​ថ្ងៃ​ឈប់​សម្រាក​២២​ថ្ងៃ​សម្រាប់​ឆ្នាំ​២០២០​គឺ​នៅ​តែ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត​។

ប្រតិកម្ម​នឹង​ការ​លើក​ឡើង​នេះ, លោក អាត់ ធន ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គ្រាន់​តែ​ការ​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ចំនួន​៦ថ្ងៃ កម្មករ​ខាត​ប្រាក់​ក្នុង​រង្វង់​៤២​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​យ៉ាង​តិច ដូច្នេះ​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ចំនួន​៣ ឬ៤​ថ្ងៃ​បន្ថែម​ទៀត អាច​នឹង​ធ្វើ​ឲ្យ​កម្មករ​ខាត់​បង់​ប្រាក់​ឈ្នួល​ច្រើន​ជាង​នេះ​។

ប្រធាន​សហភាព​ការងារ​កម្ពុជា​បន្ថែម​ថា ជា​ទូទៅ​សមាគម​និយោជក​តែង​តែ​មាន​ចេតនា​ចង់​កាត់​បន្ថយ​ការ​ចំណាយ​របស់​និយោជក​រហូត​មក រាប់​តាំង​ពី​ការ​ថែម​ម៉ោង ការ​បន្ថែម​ប្រាក់​ឈ្នួល ហើយ​និយោជក​តែង​តែ​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​កម្មករ​។

យោង​តាម​អនុ​ក្រឹត្យ ចុះថ្ងៃទី២ ខែសីហា ស្តីពី ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រី​រាជការ និយោ​ជិត កម្មករ ប្រចាំ​ឆ្នាំ​២០២០ មាន​ថ្ងៃ​ឈប់​សម្រាក​តែ​២២​ថ្ងៃ​ប៉ុណ្ណោះ ដោយ​បាន​កាត់​បន្ថយ​ចំនួន​៦ថ្ងៃ​។ ក្នុង​អនុក្រឹត្យ​ដដែល​នេះ​ឲ្យ​ដឹង​ថា ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះ​មហាក្សត្រ​ខ្មែរ ត្រូវ​បាន​កាត់​បន្ថយ​២ថ្ងៃ។ ពិធី​បុណ្យ​ជាតិ និង​អន្តរ​ជាតិ​ចំនួន​៥ផ្សេង​ទៀត មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​​ឡើយ​។ ពិធី​បុណ្យ​ទាំង​៥​នោះ រួម​មាន៖ ពិធី​បុណ្យ​មាឃ​បូជា, ទិវា​ជាតិ​នៃ​ការ​ចង​ចាំ, ទិវា​កុមារ​អន្តរ​ជាតិ, ទិវា​រំលឹក​ខួប​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស, និង​ទិវា​សិទ្ធិ​មនុស្ស ១០ធ្នូ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ