អានតួអត្ថបទ
កម្ពុជា

ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះ​វររាជមាតាជាតិ​ខ្មែរ!

ថ្ងៃទី​១៨ មិថុនា​នេះ ជា​ព្រះ​រាជពិធី​​ចម្រើន​ព្រះជន្មរបស់​សម្តេចព្រះ​វររាជមាតាជាតិខ្មែរ គម្រប់​៨០យាង​ចូល​៨១​ព្រះ​វស្សា​​។ ប្រជា​រាស្ត្រ​ខ្មែរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវបាន​ឈប់​សម្រាកដើម្បី​​អបអរ​ទិវា​បុណ្យ​ជាតិ ហើយ​​ព្រះ​បរម​រាជវាំង ក៏​​​ប្រារព្ធ​ពិធី​ផ្លូវ​ការ​ថ្វាយ​ព្រះ​មហា​ក្សត្រី​ នរោត្តម​ មុនិនាថ ​សីហនុ ​ដោយ​​មាន​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ចូល​បង្គំគាល់ថ្វាយ​ព្រះ​ពរ​។ ចំណែក​ស្ថានទូត​បារាំង​ប្រចាំ​​កម្ពុជា​ ក៏​បាន​រៀបចំ​ឲ្យ​មេ​ចុង​​ភៅ​ចំណាន​របស់​ទូត ធ្វើ​នំ​ចម្រើន​ព្រះជន្ម​ថ្វាយ​ទ្រង់​ផង​​ដែរ។ ឆ្លៀត​​ក្នុង​ឱកាស​នេះ​ ហេង ឧត្តម សូម​រម្លឹក​ជម្រាប​ជូន​ពី​​ព្រះ​រាជ​ជីវ​ប្រវត្តិ​សង្ខេប​របស់​​សម្តេច​ម៉ែ​។

ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ
ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ @Siv Channa
ផ្សាយពាណិជ្ជកម្ម

ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ មាន​ព្រះ​​នាម​ដើម​ថា ប៉ូល-ម៉ូនិក អ៊ីស៊ី Paule Monique IZZI ​ប្រសូត​នៅក្រុង​ព្រៃ​នគរ​ថ្ងៃ​ទី​១៨ខែ​មិថុនាឆ្នាំ​១៩៣៦។

កិច្ច​ការ​សប្បុរស​​ធម៌ សម្តេច​ព្រះ​វររាជមាតាជាតិខ្មែរ​​តាម​​ដង្ហែ​សម្តេច​ព្រះ​បរមរតនកោដ្ឋិ​យាងចែក​រំលែក​ព្រះ​រាជទាន​ដល់​ប្រជានុរាស្ត្រ​ខ្មែរ​គ្រប់​ខេត្ត​ខណ្ឌ​ នៅក្នុង​ឋានៈជាព្រះ​ប្រធាន​កាកបាទ​ក្រហមកម្ពុជា តាំងពី​នៅទសវត្សរ៍​​១៩៦០។ ​ក្រោយ​ប្រទេស​ជាតិ​បាន​សន្តិភាព ទ្រង់​បាន​យាង​ចូល​ប្រលូក​នៅ​ក្នុង​កិច្ច​កា​រ​សង្គម កិច្ច​ការ​មនុស្ស​ធម៌​ជា​ដរាប។  ហើយកាលពី​ឆ្នាំ​ទៅមិញ​នេះទៀត​​ ក្នុងនាម​ព្រះ​រាជ​ប្រធានកិត្តិយស​​កាកបាទ​ក្រហមកម្ពុជា ទ្រង់​បាន​យាង​​សម្ពោធ​មណ្ឌល​ព្យាបាល​មនុស្ស​ ព្រះ​សីហនុរាជ ថែមទៀត​ផង។​

តាម​ឯក​សារ​ប្រវត្តិ​ខ្លះ​បង្ហាញថា អ្នក​ម្នាង ម៉ូនិច ​គឺ​ជា​ជន​ជំនិតសំណព្វ​ព្រះទ័យ​​របស់​​សម្តេច​​ នរោត្តម សីហនុ​ និង​យាងដង្ហែ​​ជាប់ជា​ប្រចាំតាមសម្តេច​ សីហនុ​​។ ក្រោយ​រដ្ឋប្រហារ​​ឆ្នាំ​១៩៧០ អ្នក​ម្នាង ម៉ូនិក បាន​ដង្ហែហ្លួង​​ភៀសព្រះ​កាយ​ទៅស្នាក់​នៅ​​ក្រុង​ Pékin និងក្រុង Pyongyang។ បន្ទាប់មក អ្នក​ម្នាង ​​បាន​រួម​ដំណើរ​ជាមួយ​សម្តេច​​ សីហនុ ចូល​ក្នុង​ចលនា​តស៊ូ​​ព្រៃ​ម៉ាគី ក៏ប៉ុន្តែ នៅ​​ពេល​ខ្មែរ​ក្រហម​កាន់​កាប់​អំណាច សែ​រាជវង្ស​ត្រូវ​បាន​ឃុំ​ឃាំង​ព្រះ​កាយ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​។  ពេល​​របបខ្មែរ​ក្រហម​ដួល​រលំ​ទៅនៅ​ឆ្នាំ​​១៩៧៩​ អ្នកម្នាង​និង​សម្តេច ​សីហនុ បាន​ភៀស​ព្រះកាយ​តាម​យន្ត​ហោះ ទៅ​ស្រុក​ចិន រហូត​ដល់​មា​នការ​ចរចា​សន្តិភាព​ក្រុង​ប៉ារីស ទើប​ធ្វើ​មា​តុ​​ភូមិនិវត្តន៍​មក​កម្ពុជា​វិញ​។

​លុះ​ដល់​ឆ្នាំ​១៩៩២ ​អ្នក​ម្នាង ម៉ូនិក ទទួល​​គោរមងារជា​សម្ដេច​ព្រះជាយា។ មួយ​​ឆ្នាំ​បន្ទាប់មក​ អ្នក​ម្នាង​ទទួល​គោរមងារ​ជា​សម្ដេច​ព្រះ​មហេសី ហើយ​នៅ​ឆ្នាំ​១៩៩៦ ទ្រង់​ទទួល​បរម​ងារ​ជា​ សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី។ ក្រោយ​មកទៀត​ ទ្រង់​ត្រូវ​បាន​ថ្វាយ​ព្រះ​បរម​ងារ​ថាជា ​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរី​ភាព សេចក្ដី​ថ្លៃ​ថ្នូរ និង​សុភមង្គល។

គួរ​រម្លឹក​ជូនថា កាល​ពី​កុមារ​ភាព ប៉ូល-ម៉ូនិក អ៊ីស៊ី ​រៀន​សូត្រ​នៅ​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម ​និងរៀន​មធ្យម​សិក្សានៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ហើយនៅ​វិទ្យាល័យ​ Lycée Descartes ក្រុង​ភ្នំពេញ​។ កញ្ញា​ចេះនិងប្រើប្រាស់​ភាសា​ខ្មែរបារាំងនិង​អង់គ្លេស។​

នៅ​ឆ្នាំ​១៩៥១ កញ្ញា ប៉ូល-ម៉ូនិក បាន​ចូលរួ​ម​ប្រកួត​បវរ​កញ្ញាជាតិ​ជាប់​លេខ​មួយ ហើយ​បា​ន​ទទួល​​ព្រះ​រាជ​រង្វាន់​ពី​ព្រះ​មហាក្សត្រ​ នរោត្តម ​សីហនុ​។ មួយ​ឆ្នាំ​បន្ទាប់ ក្នុង​ខែមេសា១៩៥២​ ទ្រង់​ទាំងពីរបាន​រៀប​ការជា​លក្ខណៈ​​ឯកជនហើយ​រៀប​អភិសេក​ជា​ផ្លូវ​ការ​ នៅ​ឆ្នាំ១៩៥៥។ក្រោយ​រាជាភិសេក ទ្រង់មាន​​បុត្រា២ព្រះអង្គ គឺ​ព្រះ​បាទ​ នរោត្តម សីហមុនី ជា​មហាក្សត្រ​បច្ចុប្បន្ន​ និងព្រះ​បាទ ​​នរោត្តម នរិន្ទ្រពង្ស ដែល​បាន​សោយ​ទិវង្គត​ដោយ​សាររោគាពាធ។

សូម​ជម្រាប​ជូន​ថា មាតា​របស់​ទ្រង់​នាម ​ប៉ុម ពាង និង​បិតានាម ហ្សង់-ហ្វ្រង់ស័រ អ៊ីស៊ីJean-François IZZI ជន​ជាតិ​អ៊ីតាលីកាត់​បារាំង ដែល​ជា​ប្រធាន​នាយកដ្ឋាន​មូលនិធិ​ផ្តល់​ប្រាក់​កម្ចី​។ ទ្រង់​មាន​ជេដ្ឋភគិនី ឬ​បង​ស្រី​ម្នាក់នាម អាន-ម៉ារី អ៊ីស៊ី Anne-Marie IZZI ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ